ព្រឹតិ្តការណ៍ថ្មីៗ

រឿងនាំស្ត្រីខ្មែរ ទៅលក់នៅ អារ៉ាប់ប៊ីសាអូឌីត! នគរបាលចាប់ខ្លួន លោក អះម៉ាត់ យ៉ះយ៉ា យកទៅឃុំភ្លាមៗ បន្ទាប់ ពីតុលាការ ផ្តន្ទាទោសដាក់ពន្ធនាគារ ១៥ឆ្នាំ 

2 ខែ មុន 333 tnn_admin

ភ្នំពេញ ៖ លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលោក អះម៉ាត់ យ៉ះយ៉ា អតីត រដ្ឋលេខាធិការក្រសួង សង្គមកិច្ច និងក្មួយប្រុសឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន ដាក់ពន្ធនាគារក្នុងម្នាក់ៗ រយៈពេល ១៥ឆ្នាំ និងបង្គាប់ឲ្យជនជាប់ចោទទាំង ២នាក់សងជំងឺចិត្តទៅជនរងគ្រោះចំនួន ២០០លានរៀល ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន តាមមាត្រា១១ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០០៤។

តុលាការបានចេញដីកា បង្គាប់ឲ្យនគរបាលចាប់ខ្លួនលោក អះម៉ាត់ យ៉ះយ៉ា ភ្លាមៗ តែម្តងនៅក្នុងបរិវេនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីយកទៅអនុវត្តទោសនៅក្នុងពន្ធនាគារ។

នៅក្នុងសវនាការនាពេលកន្លងទៅ លោក អះម៉ាត់ យ៉ះយ៉ា និងក្មួយប្រុស បានបដិសេធថាពួកគេមិនដែលបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយរឿងនេះត្រូវគេប្រឌិត ឡើងដើម្បីចាប់ខ្លួនពួកគេតែប៉ុណ្ណោះ។

គួររម្លឹកថា កម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ អ៊ីស្មាអែលពិន ឧស្ម័ន កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ពាក់ព័ន្ធនឹងបទល្មើសខាងលើ។

ករណីឃាត់ខ្លួន រហូតឈានដល់តុលាការផ្តន្ទាទោសនាថ្ងៃនេះ ដោយសារតែជនជាប់ចោទទាំង ២នាក់ បានសមគំនិតគ្នាក្នុងការនាំជនរងគ្រោះជាស្ត្រីខ្មែរទៅលក់ក្រោមរូបភាព ទៅបម្រើការងារតាមផ្ទះនៅ ប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីអំឡុងឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៧៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ