ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ចោរ លួចម៉ូតូរបស់ប៉ូលិស បាន២នាក់ហើយ!

1 ខែ មុន 60 tnn_admin

ភ្នំពេញ  ៖ ជនសង្ស័យ២នាក់  ក្នុងចំណោមបក្ខពួក ៤នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព រហូតឈានដល់ការឃាត់ខ្លួនបាន នៅចំណុច ជិត ខារ៉ាអូខេ  ឈីងចាំង  ម្ដុំគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងទឹកដីសង្កាត់បឹងសាឡាង  ខណ្ឌទួលគោក  នៅវេលាម៉ោង៩យប់  ថ្ងៃទី១០  ខែសីហា  ឆ្នាំ២០១៩នេះ  បន្ទាប់ពីធ្វើសកម្មភាព លួចម៉ូតូរបស់សមត្ថកិច្ច នគរបាល  ដែលជាញឹសឈាមខំបង់រំលោះយកមកជិះ  បន្ទាប់ពីម៉ូតូធំដែលជិះប្រដេញ និងល្បាតទាំងយប់ទាំងថ្ងៃ ខូចម៉ាស៊ីនយកទៅឲ្យជាងជួសជុល  ទើបយកម៉ូតូផ្ទាល់ខ្លូន   ម៉ាក ហុងដាឌ្រីម  (Dream)  មកជិះល្បាត ការពារសុវត្ថិភាព  ជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អស់ជាច្រើនម៉ោង រួចមក  ក៏ចូលគោលដៅវិញ  ដោយទុកម៉ូតូទន្ទឹមជាប់ប៉ៅអ៉ីដូចសព្វដង ហើយបានសម្រាកលើ ប៉ៅអ៊ី ដើម្បីតម្រង់ខ្នង បន្តិច  តែភ្លេចដកសោរ ម៉ូតូ ហើយក៏ដេក លង់លក់មួយភាំង  ស្រាប់តែភ្ញាក់ដឹងខ្លួន  ពេលលឺសម្លេង បញ្ឆេះម៉ូតូ  រួចក៏ស្ទុះងើបឃើញជនសង្ស័យ ជិះយ៉ាងលឿនស្លេវ ទៅបាត់  កាលពីវេលាម៉ោងជាង០២ទាបភ្លឺ  ឈានចូលថ្ងៃសៅរ៍  ទី១០ ខែសីហា   ឆ្នាំ២០១៩នេះ   ។

ជនសង្ស័យដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹកធ្វើការឃាត់ខ្លួនបាន មាន

ទី១.ឈ្មោះ កង រ៉ូត  ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន)។

ទី២.ឈ្មោះ ឃាង លាប ទេប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ  រាជធានីភ្នំពេញ  មុខរបរមិនពិតប្រាកដ (ប្រើប្រាស់គ្រឿងញៀន) ។

(សូមបញ្ជាក់ថា  ជនសង្ស័យឈ្មោះ  កង  រ៉ូត  នេះ  ជាមុខសញ្ញាដែលសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១  តាមចាប់ខ្លួនផងដែរ  ពាក់ព័ន្ធបទល្មេីស  លួច  ឆក់  អ្នកដំណើរ ជាញឹកញាប់  នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ផងដែរ  តែមិនទាន់ចាប់បានផង  ត្រូវសមត្ថកិច្ចប៉ុស្តិ៍ ទំនប់ទឹក  វាយខ្នោះ ចាប់ខ្លួន ជំនួសដដែល)។

ចំណែកឯបក្ខពួកជនសង្ស័យ២នាក់ទៀតកំពុងរត់គេចខ្លួន មានឈ្មោះ យ៉ីវ ភេទប្រុស អាយុ៣០ឆ្នាំជាង ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ មាឌធំធាត់ សម្បុរស កម្ពស់ប្រហែល ១,៦៨ម៉ែត្រ។ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ មាឌធំ សម្បុរស្រអែម កម្ពស់ប្រហែល  ១,៦៨ម៉ែត្រ ។

ចំណែកឯជនរងគ្រោះឈ្មោះ  លុច្ស លីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលផ្លូវ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរជាមន្ត្រីនគរបាលប៉ុស្តិ៍ទំនប់ទឹក (១៨អូ) ។

សម្ភារៈបាត់បង់ មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 1HR-3424 ។

មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលទំនប់ទឹក បានបញ្ជាក់ឲ្យភ្នាក់ងារ ធី អិន អិន បានដឹងពីដំណើររឿងហេតុថា មុនពេលកើតហេតុ  មន្ត្រីនគរបាលរងគ្រោះឈ្មោះ លុច្ស  លីណា (១៨អូ) បានជិះម៉ូតូរបស់ខ្លួន   ចេញពីផ្ទះទៅល្បាត ការពារ សុវត្ថិភាព នៅកន្លែងកើតហេតុខាងលើ តែមុនពេលចេញល្បាត ជនរងគ្រោះមាន  អាការៈមិនស្រួលខ្លួន  ព្រោះត្រូវទឹកភ្លៀងពីល្ងាច  និងបានទិញថ្នាំផ្ដាសាយយកលេបថ្នាំរួចហើយ លុះពេលល្បាតក្នុងភូមិសាស្ត្ររួច  ម៉ោង០២:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ជិតចប់ម៉ោង ហើយ ក៏ជិះចូលគោលដៅវិញ ដោយបានយកម៉ូតូទៅចតទុកលើចិញ្ចើមផ្លូវមុខផ្ទះកើតហេតុខាងលើ  ដោយមិនបានដកសោម៉ូតូចេញពីម៉ូតូទេ ហើយក៏បានដេកលើប៉ៅអ៊ីនៅក្បែរម៉ូតូរបស់ខ្លួនលង់លក់ មួយភាំង  ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ ហៀង លាប ជិះកង់មួយគ្រឿងតែម្នាក់ឯង មកឃើញម៉ូតូរបស់សមត្ថកិច្ចចតនៅមុខផ្ទះ  ដោយមិនដកសោចេញពីម៉ូតូ  ហើយឃើញជនរងគ្រោះជាមន្ត្រីប៉ូលិសម្នាក់ដេកលង់លក់លើប៉ៅអ៊ីទៀត ទើបប្រញាប់ជិះកង់យ៉ាងលឿន ត្រលប់ទៅប្រាប់បក្ខពួករបស់ខ្លួនចំនួន៣នាក់ទៀត មានឈ្មោះកង  រ៉ូត និងឈ្មោះ  យ៉ីវ និងម្នាក់ទៀតមិនស្គាល់ឈ្មោះ បានដឹងហើយ  ក៏បបួលគ្នាទៅលួចម៉ូតូនោះ តែម្ដង។

ដោយជនសង្ស័យឈ្មោះ យ៉ីវ បានឲ្យម៉ូតូមួយគ្រឿង ម៉ាកស៊ុយស៊ូគីនិច (Suzuki Nex) ពណ៌ស មិនចាំស្លាកលេខ ទៅជនសង្ស័យ២នាក់ (ម្នាក់មិនស្គាល់ឈ្មោះ) ជាអ្នកបេីកម៉ូតូឌុបឈ្មោះ កង  រ៉ូត ទៅលួចម៉ូតូរបស់សមត្ថកិច្ចដែលដេកនៅកន្លែងកើតហេតុខាងលើ ។ ពេលទៅដល់ជនសង្ស័យឈ្មោះ  កង  រ៉ូត  ជាអ្នកចុះធ្វើសកម្មភាព ដើរចូលទៅលួចយកម៉ូតូនោះ បានសម្រេច ហើយជិះគេចខ្លួនចេញទៅជួបជុំគ្នា  នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ (ត្រើយខាងលិច) ។ លុះពេលទៅដល់ ក៏ឲ្យម៉ូតូដែលលួចបាននោះ ទៅឱ្យជនសង្ស័យឈ្មោះ យ៉ីវ ជាអ្នកយកទៅលក់បានប្រាក់ចំនួន ៧០០ដុល្លារ  ហើយចែកប្រាក់នោះឱ្យជនសង្ស័យឈ្មោះ  កង  រ៉ូត ចំនួន៣៥០ដុល្លារ និងឈ្មោះ ឃាង លាប ជនសង្ស័យឲ្យចំនួន ៥០ដុល្លារ ។

បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកក៏បានធ្វើការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ក៏ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង៩:០៥នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ។ ចំណែកឯបក្ខពួក២នាក់ទៀត បានគេចខ្លួនបាត់ទាំងយកម៉ូតូទៅជាមួយផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលទំនប់ទឹក ឃាត់ខ្លួនបញ្ជូនទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកឯបក្ខពួកដែលគេចខ្លួនពីរនាក់ទៀត  កំពុងត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ។

ជាមួយគ្នានេះ ដែរ  ចោរលួចម៉ូតូប៉ូលិសមិនបាន១ថ្ងៃផង ត្រូវបានប៉ូលិសរងគ្រោះតាមរកចាប់បានវិញ  ដោយខ្លួនឯងដែរហើយ  តែម៉ូតូត្រូវចោរយកទៅលក់បាត់ទៀត  សូមបងប្អូនជួយ ឧបត្ថម្ភ គាត់ ផង  គាត់ធ្វើការបំពេញ កាត្វកិច្ច ការពារប្រជាពលរដ្ឋ  ប៉ូលិសល្អៗ  យើងកុំរំលងពួកគាត់អី  ជួយគ្នាម្នាក់បន្តិច  ចែករំលែក ម្នាក់បន្តិច ទាំងអស់គ្នា  ឬទំនាក់ទំនងទៅលោក  ឡុច  លីណា  ប៉ូលិសដែលបាត់ម៉ូតូដោយផ្ទាល់ក៏បាន  តាមរយៈ លេខទូរសព្ទ  016417168 ៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ