ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តប៉ៃលិន ជម្រុញឱ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំស្វ័យសិក្សាឱ្យបានច្រើនដើម្បីត្រៀមប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ

3 ខែ មុន 20 tnn_admin

ប៉ៃលិន៖ ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៨-២០១៩នេះឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានប្រកាសផ្តល់ម៉ូតូ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿង ដែលជារង្វាន់លើកទឹកចិត្ត ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ២០១៩នេះ ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញចុះសំណេះសំណាល និងបានឧត្ថម្ភនូវថវិកាចំនួន ១លានរៀល ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលត្រៀមប្រលងបញ្ចប់មធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ឆ្នាំសិក្សា ២០១៨_២០១៩ ព្រមទាំងពិធីពិសារអាហារសាមគ្គីដើម្បីស្វែងរកមូលនិធិទ្រទ្រង់សាលា នៅវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយមានវត្តមាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើន កុះករផងដែរ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ជាពិសេសសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឯកឧត្តម ហ៊ុន ម៉ានី ជាប្រធាន បានចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃក្នុងការឧបត្ថម្ភគាំទ្រឱ្យមានវគ្គបំប៉នត្រៀមប្រឡងនេះឡើង។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី និងមានការគាំទ្រពីដៃគូរអភិវឌ្ឍន៍នានាផងនោះ បានធ្វើអោយវិស័យអប់រំយុវជន និងកីឡានៅខេត្តប៉ៃលិនមានការរីកចំរើនទំាងបរិមាណ និងគុណភាព ចាប់ពីមេត្តេយ្យសិក្សា ការអប់រំកុមារតូចតាមសហគមន៏ ការអប់រំនៅបឋមសិក្សា មធ្យមសិក្សា ដោយសាលារៀនត្រូវបានសាងសង់តាំងពីទីប្រជុំជនរហូតដល់តំបន់ដាច់ស្រយាល បានផ្តល់ឱកាសអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់កំរិត ទទួលបានចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ខេត្តប៉ៃលិនអោយបានរីកចំរើនឡើង។ ជាចុងក្រោយ ឯកឧត្តម ផាន់ ចាន់ធុល បានជូនពរដល់សិស្សានុសិស្ស ដែលជាបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៨ ២០១៩ ទាំងអស់ សូមទទួលបានជោគជ័យក្នុងការប្រឡង និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ហើយចំពោះបេក្ខជនដែលទទួលបាននិទ្ទេស A ឯកឧត្តមនឹងឧបត្ថម្ភ ម៉ូតូ១គ្រឿង និងកុំព្យូទ័រយួរដៃ ១គ្រឿងផងដែរ។

បើតាមរបាយការន៍របស់ លោក ឡូ លុយ អភិបាលរងស្រុកសាលាក្រៅ និងជាប្រធានគណះគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន ស្រុកសាលាក្រៅ បានឱ្យដឹងផងដែរថា៖ បច្ចុប្បន្ន វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានទីចាត់ការ ១ខ្នង មានបណ្ណាល័យអាគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ មាន ៣០បន្ទប់ អន្តេវាសិកដ្ឋានចំនួន ២ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ៤០បន្ទប់ និងមានគ្រូមកពីឆ្ងាយស្នាក់នៅចំនួន ១០នាក់ និងស្រី ០៥នាក់។ រីឯសិស្សស្នាក់នៅវិញមាន ចំនួន ៧៨នាក់ ស្រី ៣៥នាក់ ហើយក្នុងឆ្នាំសិក្សា ២០១៨ ២០១៩នេះ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានគ្រូបង្រៀនចំនួន ៤៦នាក់ ស្រី១៨នាក់ និងមានសិស្សសរុបចំនួន ៨៥៧នាក់ ក្នុងនោះស្រី ៤៤២នាក់ ដែលមកពីអនុវិទ្យាល័យ និងបឋមសិក្សាជាច្រើន នៅទូទាំងស្រុកសាលាក្រៅផងដែរ។

សូមបញ្ជាក់ថា៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដោយខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៤៩៥នាក់ ស្រី ២៥៤នាក់ ចែកជា ២មណ្ឌល មានមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ និងមណ្ឌលវិទ្យាសាស្ត្រ មាន ១១បន្ទប់ ដែលទីកន្លែងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ក្នុងនោះសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានចំនួន ១១០នាក់ ស្រី៥៤នាក់។
ញ៉ឹប បូរី ប៉ៃលិន 11-08-2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ