ព្រឹតិ្តការណ៍ថ្មីៗ

ទើបចេញពីគុក  ទៅប្រកបរបរចាស់ ទិញគ្រឿងញៀន យកមកសង្ងំចែកចាយលក់

1 ខែ មុន 48 tnn_admin

ភ្នំពេញ ៖ បុរសម្នាក់ ទើបជាប់គុក២ឆ្នាំ៦ខែ  ពាក់ព័ន្ធបទល្មើសគ្រឿងញៀន  ហើយចេញពីគុកវិញ ក៏វិលមកប្រកបរបរចាស់ដដែល ទៅទិញគ្រឿងញៀន យកមកចែកចាយលក់បន្ត ដើម្បីមានលុយចាយ ដោយមិនបាច់ប្រើដើមទុនអ្វីច្រើនទេ តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចុះធ្វើរដ្ឋបាលឃាត់ខ្លួនបានជាក់ស្ដែង ខណៈដែលកំពុងរំលែកថ្នាំញៀន យកទៅចែកចាយ  រួចចាប់វាយខ្នោះ  រួមទាំងវត្ថុតាងថ្នាំញៀន២៦កញ្ចប់ថង់តូចដែរ  បញ្ជូនទៅស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលវេលាម៉ោង០២:៣០នាទីរសៀល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩  នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោមឃាត់ខ្លួន មានឈ្មោះ ដាំ ចារ៉ាវី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរចុងភៅតុការ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ឃាត់ខ្លួន ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតវត្ថុតាង ក្រាមសថ្លា  (សង្ស័យជាសារធាតុញៀនខុសច្បាប់) ចំនួន២៦កញ្ចប់ថង់តូច និងកូនកាបូប ពណ៌ខ្មៅចំនួន១ សម្រាប់ច្រកថ្នាំញៀន ។

លោកអនុសេនីយ៍ឯក  វុឌ្ឈ  ផូសារវ័ន្ត  នាយប៉ុស្តិ៍ ចាក់អង្រែក្រោម  បានឲ្យដឹងថា មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលចម្រុះ រួមមានកម្លាំងព្រហ្មទណ្ឌខណ្ឌមានជ័យ និងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម និងគណ:បញ្ជាការឯកភាពសាលាសង្កាត់ចាក់អង្រែក្រោម  និងមេភូមិ បានចុះធ្វើរដ្ឋបាល លុះមកដល់បន្ទប់ជួលបុរសជនសង្ស័យ ដោយមានការសង្ស័យ ក៏សុំត្រួតពិនិត្យឆែកឆេរ  ចៃដន្យឃើញបុរសនោះកំពុងធ្វើសកម្មភាពច្រកថ្នាំញៀន ទើបកម្លាំងនគរបាលបានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ចាប់វាយខ្នោះ នាំមកស្នាក់ការប៉ុស្តិ៍រដ្ឋបាលចាក់អង្រែក្រោមដើម្បីសាកសួរនាំតែម្ដង។

លោកនាយប៉ុស្តិ៍បន្តថា ក្រោយពីសាកសួរនាំ ជនសង្ស័យទទួលស្គាល់វត្ថុតាងដកហូតនិងឆ្លើយសារភាពថា ធ្លាប់ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនពីបទរក្សាទុកនូវសារធាតុញៀនខុសច្បាប់ ជាប់គុក២ឆ្នាំ៦ខែ ហើយទើបចេញពីគុកវិញនៅក្នុងឆ្នាំ២០១៩ថ្មីៗនេះដែរ  តែដោយសារតែជីវភាពខ្វះខាត ក៏ប្រកបរបរចាស់ ទៅទិញគ្រឿងញៀន យកមកលក់បន្ត ដើម្បីមានលុយចាយ ដោយមិនបាច់ប្រើដើមទុនអ្វីច្រើនទេ ពេលលក់អស់ ទើបយកលុយអោយម្ចាស់ថ្នាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ