ព្រឹតិ្តការណ៍ថ្មីៗ

 ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរ នាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

1 ខែ មុន 47 tnn_admin

ខេត្តព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធ ពលខេមរភូមិន្ទ ប្រកាសតែងតាំងផ្លាស់ប្ដូរ ជូននាយទាហានជាន់ខ្ពស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើតខែស្រាពណ៍ឆ្នាំកោរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ខែសីហា ឆ្នាំ២០១៩។

លោកវរសេនីយ៍ឯក នូវ សំអុល ត្រូវបានប្រកាសតែងតាំងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុនម៉ាណែត មានប្រសាសន៍សំណេះសំណាលថា សុខភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ សីលធម៌ ការតស៊ូអំណត់ព្យាយាម និងការិយាបទទទួលខុសត្រូវ ក្នុងការធានាបាននូវសាមគ្គីភាព ឯកភាពជាតិបានល្អ ដែលជាគោលការណ៍របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។

ការជ្រើសរើសថ្នាក់ដឹកនាំ ជាមេបញ្ជាការ ឬនាយសេនាធិការ ដើម្បីធានាបាននូវការវាយតម្លៃ លើសមត្ថភាព បទពិសោធន៍ និងសុខភាព បេក្ខភាពដែលយើងជ្រើសរើសសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិ យើងវាយតំលៃទៅលើការ ងារអទិភាព មានគុណសម្បត្តិ លក្ខណៈសម្បត្តិល្អជាងគេ ដើម្បីដឹកនាំអង្គភាពឲ្យមានការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគត ។ ការតែងតាំងមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ នាពេលនេះប្រកបដោយយុត្ដិធម៌ តម្លាភាព ផ្ដល់ដល់អ្នកដែលបានខិតខំបំពេញការ ងារបម្រើជាតិ មាតុភូមិនិងប្រជាពលរដ្ឋ ។

ខេត្តព្រះសីហនុ ជាខេត្តមួយមានសក្តានុពលក្នុងការវិនិយោគ អភិវឌ្ឍន៍រីកចម្រើន ទាមទារឲ្យកងកម្លាំងប្រដាប់អាវុធរបស់យើងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការត្រៀមជួយដល់ប្រជាពលរដ្ឋ ដូច្នេះសំខាន់ទៅលើឆន្ទៈក្នុងការដឹកនាំ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្ឃឹមថា មេបញ្ជាការថ្មីនឹងបន្តកិច្ចខំប្រឹងប្រែងបំពេញការងារឱ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីសម្រេចបាននូវស្នាដៃ និងសមិទ្ធផលកាន់តែល្អប្រសើរជូនជាតិ មាតុភូមិ ពិសេសធ្វើយ៉ាងណាធានាឲ្យបាននិរន្តរភាពនៃការរីកចម្រើនរបស់អង្គភាព ជាមូលដ្ឋានសម្រាប់អ្នកបន្តវេនជំនាន់ក្រោយ ។

តាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ ពីបានជោគជ័យ នៃគោលនយោបាយឈ្នះឈ្នះ នាំមកនូវការឯកភាពជាតិឯកភាពទឹកដី ខ្មែរតែមួយក្រោមម្លប់ជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់របស់ជាតិ ។

កម្ពុជានឹងបន្តរឹតចំណងសាមគ្គីភាព មិត្តភាពគ្រប់បណ្ដាប្រទេសទាំងអស់នៅក្នុងសកលលោក កម្ពុជារក្សាសិទ្ធិពេញលេញ ស្របច្បាប់ ក្នុងការធ្វើទំនើបកម្ម ដើម្បីពង្រឹងសមត្ថភាពកងទ័ព សម្រាប់កិច្ចការពារជាតិ ធានាបាននូវសន្តិភាព និងការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈផ្ទៃក្នុងប្រទេស ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានធ្វើការផ្ដាំផ្ញើដល់នាយ នាយរង និងពលទាហាន គោរពនូវរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្ដីពីលក្ខន្តិកៈនៃកងយុទ្ធ ពលខេមរៈភូមិន្ទ និងច្បាប់លិខិតបទដ្ឋានគតិយុត្តនានា រក្សាភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ