ព្រឹតិ្តការណ៍ថ្មីៗ

ជី​វិត! ជិះម៉ូតូមកពីធ្វើការ បុកខឿនស្ពាន ម្នាក់ស្លាប់ ម្នាក់របួស

1 ខែ មុន 14 tnn_admin

ភ្នំពេញ ៖ យ៉ាងហោចណាស់  បុរសម្នាក់ រងរបួស និងបុរសម្នាក់ទៀតបានស្លាប់  ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីពួកគេទាំងពីរនាក់  ជិះម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ចេញពីធ្វើការ ផ្សារដែក ថែមម៉ោង បំណងត្រលប់ទៅកន្លែងស្នាក់នៅវិញ  បានពាក់កណ្ដាលផ្លូវ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍  ទៅបុកខឿន ស្ពាន បណ្ដាលឲ្យអ្នកជិះពីក្រោយ ស្លាប់ នៅលើស្ពានព្រះមុនីវង្ស  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពី វេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨  ខែសីហា  ឆ្នាំ២០១៩នេះ  នៅត្រង់ចំណុចលើស្ពានព្រះមុនីវង្ស (ស្ពានថ្មី)  ភូមិព្រែកតានូ  សង្កាត់ចាក់អង្រែលើ  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍  នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ  បានប្រាប់ឲ្យដឹងថា អ្នកបើកបរម៉ូតូឌ្រីមសង់  ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1AA-4377 ឈ្មោះ ម៉ន វណ្ណេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកកាន់ឃ្លាំង ស្នាក់នៅកន្លែងធ្វើការ  នៅសង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ  ចំណែកឯអ្នកជិះពីក្រោយឈ្មោះ ឆោម ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅកន្លែងធ្វើការ  នៅសង្កាត់ព្រែកឯង  ខណ្ឌច្បារអំពៅ  និងមានស្រុកកំណើតនៅភូមិកំពង់ត្របែក  ឃុំកំពង់ត្របែក  ស្រុកកំពង់ត្របែក  ខេត្តព្រៃវែង ។

នៅមុនពេលកើតហេតុ  ជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូចេញពីធ្វើការថែមម៉ោង (ផ្សារដែក ) នៅ ជិតក្រុមហ៊ុន ម៉ាស្ដា  ផ្សារហេងលី  លុះពេលត្រលប់មក វិញ  បានធ្វើដំណើរមកដល់ចំណុចកើតហេតុ  ខណៈពេលជិះលឿនពេក  និងខ្វះការប្រុងប្រយ័ត្ន  ក៏ជ្រុលទៅបុកឃឿនចិញ្ចើមស្ពាន  បោកក្បាលនឹងថ្នល់ របូតមួកការពារចេញពីក្បាល  បណ្ដាលឲ្យបែកក្បាលឈាមហូរទាំងថ្លុក  និងអ្នកបើកម៉ូតូរងរបួស ធ្ងន់គួរសម   ភ្លាមៗនោះប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍ រាយការណ៍ ប្រាប់សមត្ថកិច្ច  និងជួយទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន  ហុងហាក់  មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ កាល់ម៉ែត ។

បើតាម អ្នកបើកបរ រថយន្តគិលានសង្គ្រោះមន្ទីរសម្រាកព្យាបាល ហុងហាក់  (មន្ទីរពេទ្យ ឯកជន )   បានប្រាប់ថា  ដោយសារតែស្ថានភាព របួសធ្ងន់ ពេក  និងមិនមានសង្ឃឹមទេ  តែទោះបីជាយ៉ាងណា ក៏ក្រុមគ្រូពេទ្យនៅលើ រថយន្តគិលានសង្គ្រោះ បានជួយដាក់ អុកស៊ីហ្សែន  ដើម្បីបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែតតែម្ដង តែអកុសល  ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក៏មិនអាចជួយសង្គ្រោះបានដែរ  ព្រោះជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ  ព្រោះស្ថានភាពរបួស បោក ក្បាលធ្ងន់ធ្ងររហូតធ្លាយខួរ ទៅហើយ ទើបរថយន្តគិលានសង្គ្រោះ ដឹកសពយកមកកន្លែងកើតហេតុវិញ  រួចរាយការណ៍ប្រាប់សមត្ថកិច្ចបានដឹងផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរណ៍ខណ្ឌមានជ័យ  ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ។  ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចផ្នែកវាស់វែង ចរាចរណ៍ ខណ្ឌមានជ័យ  ធ្វើកំណត់ហេតុប្រគល់អោយសាច់ញាតិក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕  ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!