ព្រឹតិ្តការណ៍ថ្មីៗ

បុរី ភ្នំពេញថ្មី ចំណាយថវិកា ជាង៤០ម៉ឺនដុល្លារ រួមចំណែកជួយអភិវឌ្ឍន៍ ខណ្ឌពោធិ៍សែនជ័យ

1 ខែ មុន 56 tnn_admin

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី​ ៨ខែសីហា​ ឆ្នាំ២០១៩​ លោក​ហែម ដារិទ្ធិ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ​ បានអញ្ជើញជាអធិបតី​ភាព​​ ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលនានាដែលរដ្ឋបាលខណ្ឌពោធិសែនជ័យ​ និងក្រុមហ៊ុន បុរីភ្នំពេញថ្មី​ បានរួមកសាងសម្រាប់វត្តសិរីសោភា​ (អង្គតាម៉ិញ)​ សង្កាត់ចោមចៅទី១​ និងសង្កាត់កាកាបទី១​ ខណ្ឌពោធិសែនជ័យ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ព្រះបាលិវង្ស វ៉ង់ គឹមសន ព្រះអនុគណខណ្ឌពោធិ៍ សែនជ័យ ព្រះតេជគុណ យ៉ាន់ ថាត់ ព្រះចៅអធិការវត្តអង្គតាម៉ិញ ព្រះរាជគណៈ  លោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី និងថ្នាក់ដឹកនាំបុរីភ្នំពេញថ្មី អភិបាលរង ចៅសង្កាត់ រួមទាំង ​ពុទ្ធិបរិស័ទ និងបងប្អូនប្រជាពលរដ្ឋជិត៣០០នាក់។

លោក ហែម ដារិទ្ធិ ថ្លែងថា ផ្លូវនេះមានសារសំណាស់ ក្នុងការបញ្ចៀសចរាចរណ៍ពីកំណាត់ផ្លូវសហព័ន្ធរុស្សី ជាពិសេស មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានការកកស្ទះ ឬពេលមានប្រតិភូអន្តរជាតិម្តងៗ ដោយយានយន្តគ្រប់ប្រភេទ អាចបង្វៀងមកតាមផ្លូវនេះបានមួយកំរិត។

លោកអភិបាល សំណូមពរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវ មេត្តាបញ្ឈប់ ការរំលោភចិញ្ចើមផ្លូវ ធ្វើអាជីវកម្ម ឬប្រយោជន៍ផ្ទាល់ខ្លួនទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍  រក្សាបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ លើកកំពស់សោភ័ណភាពទីក្រុង និងទុកចិញ្ចើមផ្លូវសំរាប់អ្នកថ្មើរជើងធ្វើដំណើរ ផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌរូបនេះ បានថ្លែងអំណរគុណ លោក ឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុន បុរី ភ្នំពេញថ្មី ដែលបាន និង បន្តចំណាយថវិកា ផ្ទាល់រួមចំណែកជួយអភិវឌ្ឍន៍មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ សូមអោយក្រុមហ៊ុន កាន់តែរីកចំរើនឥតឈប់ឈរ។

ដោយឡែក លោក ភូ សម្បត្តិ តំណាង លោក ឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី បញ្ជាក់ប្រាប់ថា បុរីភ្នំពេញថ្មី បានចំណាយលុយ ជាង៤០ម៉ឺន ដុល្លារ ជួយរួមចំណែកកសាងសំណង់ថ្មីៗមួយចំនួន ក្នុងខណ្ឌពោធិ៍សែនជ័យ ក្រុមហ៊ុន បុរី ភ្នំពេញថ្មី ដែលដឹកនាំដោយ លោកឧកញ៉ា ប៊ុន ហៃ ដែលជាអគ្គនាយកក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនដ៏ទៃទៀត ដែលគោរពស្រឡាញ់ និងជឿជាក់លើព្រះពុទ្ធសាសនា បានផ្តល់ជាសទ្ធាជ្រះថ្លារួមចំណែកកសាងសំណង់ថ្មីមួយចំនួនដូចខាងក្រោម៖

ទី១ ខ្លោងទ្វារវត្តចំនួន១ កម្ពស់៥ម៉ែត្រ ទទឹង៥ម៉ែត្រ ចំណាយបច្ច័យអស់ចំនួន២៥,០០០ ដុល្លារ។

ទី២ កសាងរបងវត្តប្រវែង៥០ម៉ែត្របំពាក់ដោយក្បាច់ ចំណាយបច្ច័យអស់ចំនួន១៥,០០០ ដុល្លារ។

ទី៣ សំអាតទីធ្លាវត្ត ដោយក្រាលការ៉ូឡាទំហំ ៣៥០ម៉ែត្រក្រឡា និងដាក់បូឌៀមុខវត្ត ចំណាយបច្ច័យអស់ចំនួន១០,៥០០ ដុល្លារ។

ទី៤ ជួសជុល និងស្ថាបនាផ្លូវបេតុងចំនួន០១ខ្សែ ប្រវែង ៦០០ម៉ែត្រ ទទឹង ១០ម៉ែត្រ និងលំអរដោយការរៀបចំចិញ្ចើមផ្លូវទៀតផង ស្ថិតនៅក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ និងភូមិគោកចំបក់ សង្កត់ចោមចៅទី១ ចំណាយបច្ច័យអស់ចំនួន៤០០,០០០ ដុល្លារ (សរុបជាទឹកប្រាក់ ៤៥០,៥០០ ដុល្លារអាមេរិច)។

លោក ភូ សម្បត្តិ បន្តថា បុរីភ្នំពេញថ្មី ដែលជាក្រុមហ៊ុនអភិវឌ្ឍនិ៍លំនៅដ្ឋានក្នុងស្រុកមួយដែលបានសាងសង់ និងលក់ផ្ទះដូចជា ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល ដែលផ្អែកលើ គុណភាព សោភណ្ឌភាព និង ឧត្តម្ភភាពនៃការរស់នៅបែបទំនើបនិងទាន់សម័យ កន្លងមក បានសហការជាមួយរដ្ឋបាលខណ្ឌមួយចំនួនផ្សេងទៀតដូចជា៖
ក្នុងឆ្នាំ ២០១៧ បុរីភ្នំពេញថ្មី សហការជាមួយ​​រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ក្នុងការជួសជុល និងស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ ហៅ ផ្លូវអង្គតាម៉ិញ សាងសង់ថ្មីទំហំ ១០ម៉ែត្រ និង ប្រវែង៥០០ ម៉ែត្រ និងជួសជុល និងពង្រីកបន្ថែម ពីទំហំចាស់ទំហំ ០៨ម៉ែត្រ ទៅ ទំហំ១០ម៉ែត្រ ដែលមានប្រវែង១៥០០ម៉ែត្រ។
ក្នុងឆ្នាំ ២០១៦ បុរីភ្នំពេញថ្មី សហការជាមួយ​​រដ្ឋបាលរដ្ឋបាលខណ្ឌសែនសុខ ក្នុងការជួសជុល និងស្ថាបនាផ្លូវបេតុងចំនួន៤ខ្សែដូចជា៖
ផ្លូវខ្សែទី១ ផ្លូវលេខ១០១១៖ ចាប់ពីផ្លូវ១៩៨៦ ជិតដល់ផ្លូវឧញ៉ា​ ម៉ុងឬទ្ធី មានទំហំ ១០ម៉ែត្រ និង ប្រវែង​៦៤៧,៣៣ ម៉ែត្រ និង បង្គោលភ្លើងនិង​អំពូលភ្លើងបំភ្លឺផ្លូវចំនួន ១៧​ ដើម ។
ផ្លូវខ្សែទី២ ផ្លូវលេខ១០៤២៖ ចាប់ពីផ្លូវ១០១១ ដល់ផ្លូវ១០០៧ មានទំហំ៨,៥ម៉ែត្រ និងប្រវែង​៤២០,៨៨ ម៉ែត្រ​ ។
ផ្លូវខ្សែទី៣ ផ្លូវលេខ១០៣៨៖ ចាប់ពីផ្លូវ១០១១ ដល់ផ្លូវ១០០៧ ដែលមាន ទំហំ៩ម៉ែត្រ និង ប្រវែង៣១៤,១៤ ម៉ែត្រ និងទំហំ ៨ម៉ែត្រ និង ប្រវែង១១០,១២ ម៉ែត្រ សរុបប្រវែង ៤២៤, ២៦ ម៉ែត្រ ។
ផ្លូវខ្សែទី៤ ផ្លូវ១០០៧៖ ចាប់ពីផ្លូវ១៩៨៦ ដល់ផ្លូវឧកញ៉ា​ ម៉ុងឬទ្ធី មានទំហំ ១២ម៉ែត្រ និង ប្រវែង ​៦៤៧,៣៣ ម៉ែត្រ។
និង ក្នុងឆ្នាំ ២០១៥ បុរីភ្នំពេញថ្មី សហការជាមួយរដ្ឋបាលខណ្ឌមានជ័យ ក្នុងការជួសជុល និងស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ ដែលហៅថា ផ្លូវបុរីភ្នំពេញថ្មី៖ ចាប់ពីផ្លូវទ្រុងមាន់ ដល់ផ្លូវលូប្រាំ មានទំហំ ១២ម៉ែត្រ និង ប្រវែង៨៤០ ម៉ែត្រ។

សរុបមកបុរីភ្នំពេញថ្មីបានសហការជាមួយរដ្ឋបាលខណ្ឌបី ក្នុងរាជធានីភ្នំពេញ ក្នុងការ ជួសជុល និងស្ថាបនាផ្លូវបេតុងសរុប ចំនួន៧ខ្សែ សរុបប្រវែង ៥.៥៧៩, ៩ម៉ែត្រ។

កិច្ចបញ្ចប់ លោកបានថ្លែងបញ្ជាក់ថា បុរីភ្នំពេញថ្មី និងបន្តសហការជាមួយ ប្រជាពលរដ្ឋ អជ្ញាធរមូលដ្ឋាន រដ្ឋបាលខណ្ឌ និងរដ្ឋបាលរាជធានី ក្នុងការ កសាង អភិវឌ្ឍនិ៍ផ្លូវ ក៏ដូចជាការអភិវឌ្ឍនិ៍សង្គម។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ