ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីយោធាម្នាក់ បាញ់សម្លាប់ប្រពន្ធ​ជិត១០គ្រាប់​

2 ខែ មុន 165 តូ សុផល

ភ្នំពេញ​ ៖ បុរសម្នាក់ដកកាំភ្លើងខ្លី ម៉ាកK59 បាញ់៧គ្រាប់​ សម្លាប់ស្ត្រីម្នាក់ជាប្រពន្ធ​ (ដោយមិនដឹងមូលហេតុ) ត្រូវ៤គ្រាប់​ ចំចង្កេះ​២គ្រាប់​ ពោះ១គ្រាប់​ ដៃស្ដាំ១គ្រាប់ រងរបួសធ្ងន់​ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ហេីយត្រូវបានប្រជាពលរដ្ឋនាំគ្នា ជួយដឹកតាមរថយន្តបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត​ ហេីយព្យាយាមបើករថយន្ត Highlander មួយគ្រឿង រត់គេចចេញពីកន្លែងកើតហេតុ ត្រូវបានកម្លាំងល្បាត​ប្រទះឃើញចេញជួយអន្តរាគមន៍ប្រដេញតាមស្ទាក់ឃាត់បាន​ យកមកធ្វេីការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ហេតុការណ៍ផ្ទុះអាវុធនេះបានកេីតឡេីងកាលពី​ម៉ោងជិត១២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​ព្រហស្បតិ៍​ ទី០៨​ ខែសីហា​ ឆ្នាំ២០១៩នេះ នៅចំណុចហាងលក់បាយ-ស៊ុប​ និងគ្រឿងក្លែមមួយកន្លែង យីហោ​ “ទី រ៉ានី” មានទីតាំងលេីផ្លូវរថភ្លើង កែងផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ស្ត្រីរងគ្រោះឈ្មោះ​​ ជា​ គីមឡាង​ អាយុ២៩ឆ្នាំ​ (ជាប្រពន្ធ​) ស្នាក់នៅក្នុងសង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ភ្នំពេញ​។ ចំណែកជនសង្ស័យជាប្ដីមានឈ្មោះ​ ឆោម​ ចំណាន​ អាយុ៣៩ឆ្នាំ​ មុខរបរ​មន្រ្តីយោធា​ នៅព្រំដែន (ឋានន្តរសក្ដិ​ព្រិន្ទបាលឯក​) ។

លោកវរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការខណ្ឌសែនសុខ បានថ្លែងប្រាប់ភ្នាក់ងារ TNN ពីដំណេីររឿងថា​ ជនសង្ស័យនិងជនរងគ្រោះ គឺបានរៀបការជាមួយគ្នាកាលពីឆ្នាំ២០០៥​ និងរស់នៅជាមួយគ្នាមាន​កូនប្រុសស្រីចំនួន២នាក់ ជា​ចំណងដៃផងដែរ​។ តែរហូតដល់ឆ្នាំ២០១៩ ជនសង្ស័យក៏បានចូលបម្រើក្នុងជួរកងទ័ព​ ដោយឈរជើងនៅតំបន់ភូមិភាគទី៥​ដែលស្ថិតនៅក្នុងខេត្តបាត់ដំបង។ បន្ទាប់មក​ក្រោយពីជនសង្ស័យជា​ប្តី​បាន​ចូលបំរេីការក្នុងជួរ​កងទ័ព​មក​ ជនរងគ្រោះបាននិងកូនក៏នាំគ្នាទៅរស់នៅភ្នំពេញ​ ដោយប្រកបមុខរបរលក់ដូរនៅផ្សារជាងណាន។​ តែជនរងគ្រោះក៏មានអត្តចរិកផ្លាស់ប្ដូរខុសធម្មតា​ ធ្វើឲ្យការរស់នៅរវាងជនសង្ស័យនិងជនរងគ្រោះមិនសូវចុះសម្រុងគ្នានោះទេ។

លោកអធិការបានបន្ដថា​ ហេីយមកដល់ថ្ងៃកេីតហេតុ​​ បុរសជាប្ដីបានបើករថយន្តមួយគ្រឿង​ ម៉ាក Highlander ពណ៍ស​ ស្លាកលេខ​បន្ទាយមានជ័យ​ 2A-6753 មកឈប់ចតចោលខាងក្រៅហាងកេីតហេតុខាងលេី​ រួចបានអង្គុយផឹកស៊ីក្នុង រហូតអស់ជាងមួយកេស ទេីបទូរស័ព្ទហៅប្រពន្ធមកជួបនិយាយគ្នា​ ។ មួយសន្ទុះក្រោយក្រោយមក​ ស្ត្រីជាប្រពន្ធ​បានជិះម៉ូតូមួយគ្រឿង ពាក់ស្លាកលេខ 1HJ-8167 មកឈប់ខាងមុខហាង រួចក៏ដើរចូលក្នុងហាងសំដៅទៅរកប្ដី ប៉ុន្តែមិនដឹងជាមានរឿងអ្វី ស្រាប់តែបុរសជាប្តី ខណៈពេលកំពុងតែស្រវឹងផងនោះ ក៏ដកកាំភ្លើងខ្លី ម៉ាកK59 បាញ់៧គ្រាប់​ (អស់គ្រាប់ពីបង់តែម្ដង) សម្លាប់ស្ត្រីម្នាក់ជាប្រពន្ធ​ បណ្ដាលឲ្យត្រូវ៤គ្រាប់​ (ចំចង្កេះ​២គ្រាប់​ ពោះ១គ្រាប់​ ដៃស្ដាំ១គ្រាប់) រងរបួសធ្ងន់​ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម ហេីយត្រូវបានប្រជាពលរដ្ឋនាំគ្នា ជួយដឹកតាមរថយន្ត PRIUS មួយគ្រឿង​ បញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត​ ចំណែកឯជនសង្ស័យដែលជាប្ដី​ បានដេីរចេញពីហាងសំដៅទៅរថយន្តរបស់ខ្លួន ដែលចតចោលនៅខាងក្រៅហាង​ រួចបេីកចេញពីកន្លែងកើតហេតុ ។

ក្នុងអំឡុងពេល​នោះ​ គាប់ជួន​កម្លាំងល្បាតនៃអធិការដ្ឋានខណ្ឌសែនសុខ​ កំពុងល្បាតមកឈប់នៅជិតនោះ​ ដេីម្បីរងចាំ​ពួនស្ទាក់​ ត្រៀមលក្ខណៈ​អន្តរាគមន៍ ទប់ស្កាត់បទល្មេីស​ ដេីម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋមូលដ្ឋាន ​បានលឺស្នូរសំលេង​បាញ់កាំភ្លើង ​​ផ្ទុះឡើង​ជាច្រេីនគ្រាប់​ជា​បន្តបន្ទាប់ ទេីបរាយការណ៍តាមវិទ្យុទាក់ទង​ ហេីយចេញអន្តរាគមន៍សំដៅឆ្ពោះទៅ​កន្លែង​គោលដៅ​ដែល​ផ្ទុះអាវុធ​នោះ ស្រាប់តែឃេីញរថយន្ត​ Highlander ពណ៍ស មួយគ្រឿង​ បេីកចេញមកលឿនស្លេវ​ ហេីយមាន​ប្រជាពលរដ្ឋ​ស្រែកចេញពីមុខហាងកេីតហេតុនោះអោយជួយឃាត់​រថយន្តនោះផង​ ព្រោះជាជនបង្កដែលផ្ទុះអាវុធ​ និងឃេីញមានមនុស្ស​ដេកដួលលេីដីទៀត​ ទេីបកម្លាំងល្បាត​បកត្រលប់ក្រោយ​ ប្រដេញតាម​រថយន្តខាងលេីនោះ​ និងរាយការណ៍តាមវិទ្យុទាក់ទង​សុំកម្លាំងដែលឈរជេីងតាមគោលដៅពួនស្ទាក់​ចេញជួយអន្តរាគមន៍ផង​ ភ្លាមនោះលោក​វរសេនីយ៍ឯក​ ហួរ​ ម៉េងវ៉ាង​ អធិការខណ្ឌសែនសុខ​ ​បានបញ្ជាកម្លាំងតាម​វិទ្យុទាក់ទង​(ID)​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ ត្រូវ​ត្រៀម​អាវុធ​គ្រប់​ដៃ ​រួចចេញជួយអន្តរាគមន៍ប្រដេញតាមរថយន្តរបស់ជនបង្ក​ រហូតដល់ចំណុចមុខហ្គ្រែនភ្នំពេញ ស្ថិតក្នុងសង្កាត់ឃ្មួញ ទេីបកម្លាំងទូទាំងខណ្ឌសែនសុខ​ ស្ទាក់ឃាត់រថយន្តបាន​ រួចធ្វេីការឃាត់ខ្លួនតែម្តង រួចវាយខ្នោះយកមកសួរនាំនៅអធិការដ្ឋានខណ្ឌសែនសុខ ។

លោកអធិការបានអះអាងទៀតថា ករណីផ្ទុះអាវុធ បណ្តាលឲ្យរងរបួសស្ត្រីជាប្រពន្ធនេះ​ គឺផ្តើមចេញពីការប្រច័ណ្ឌ ស្របពេលដែលផឹកស្រវឹងផង​ ទេីបកេីតចិត្តសម្រេចចិត្តធ្វេីបែបនេះ​ បច្ចុប្បន្នក្រោយពេលកេីតហេតុ​ ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅធ្វើការសាកសួរនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខនិងកសាងសំណុំរឿងដើម្បីរង់ចាំធ្វើការបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ជាបន្តទៀត។

“ភាពឆេវឆាវនាំឲ្យជីវិត​ជាប្ដីប្រពន្ធ​ទទួលបានភាពវិនាសព្រាត់ប្រាស់គ្នា ដែលជាសោកនាកម្មដ៏អាក្រក់មួយ សូមប្តីប្រពន្ធគូរស្នេហ៏ទាំងឡាយ មេត្តាអត់ធ្មត់យោគយល់ និងអធ្យាស្រ័យគ្នា ដោយភាពសណ្តោសប្រណី ដែលជាសុភមង្គលក្នុងជីវិត”៕ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ