បើករថយន្ត មកឈប់លើស្ពានអាកាសស្ទឹងមានជ័​យ​ បាញ់ជាច្រើនគ្រាប់​

3 ខែ មុន 51 តូ សុផល

ភ្នំពេញ ៖ ​ខ្មាន់កាំភ្លើងបើករថយន្ត​ឡិចស៊ីស RX300 ពណ៍ស​ មួយគ្រឿង​ (មិនចាំស្លាកលេខ​) សំដៅឡើងស្ពានអាកាសស្ទឹងមានជ័យ​ក៏ដកកាំភ្លើងបាញ់​ឡើងលើប្រមាណ៣-៤គ្រាប់ ចេញពីក្នុងរថយន្ត​ ដោយមិនដឹងមូលហេតុ​ រួចបន្ថែមល្បឿនបើកគេចចេញទៅបាត់ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងផ្អើលកម្លាំងសមត្ថកិច្ចមួយចំហៀងខណ្ឌចំការមន ​ចេញអន្តរាគមន៍សំដៅទៅ​កន្លែង​គោលដៅ​ដែល​ផ្ទុះអាវុធ​នោះ​ តែបន្សល់តែសំបកគ្រាប់១ប៉ុណ្ណោះ​ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងជិត៤ទាបភ្លឺ​ ថ្ងៃពុធ​ ទី៧ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់​ទំនប់ទឹក​ ខណ្ឌបឹងកេងកង​ (តែស្ថិតក្រោមការគ្រប់គ្រងរបស់ខណ្ឌចំការមន​នៅឡើយ) រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ប្រាប់​ នៅមុនកើតហេតុ​ ខណៈពេលគាត់កំពុងអង្គុយលេងទូរស័ព្ទនៅគល់ស្ពានជិតចំណុចកើតហេតុ​ ស្រាប់តែឃើញរថយន្ត​មួយគ្រឿង​ ម៉ាកឡិចស៊ីស RX300 ពណ៍ស​ មិនចាំស្លាកលេខ​ បានបើកបរតាមផ្លូវ២៧១​ ក្នុងល្បឿនលឿន​ល្មម​ ពីកើតទៅលិច​ ឡើងស្ពានអាកាសស្ទឹងមានជ័យ​ ស្រាប់តែលាន់លឺសំលេងផ្ទុះអាវុធ​ ចំនួន៣-៤គ្រាប់ផ្ទួនៗគ្នា ចេញពីក្នុងរថយន្ត​ ហើយគាត់ក៏ដើរទៅអឺតរកមើល ឃើញតែរថយន្តខាងលើ​ ទើបតែបិទកញ្ចក់​ ហើយបន្ថែមល្បឿនបើកគេចចេញពីកន្លែងកើតហេតុ​បាត់​ទៅ​ បន្តិចក្រោយមកគាត់ឃើញក្មេងស្ទាវមួយក្រុមមានគ្នា៦-៧នាក់​ ជិះម៉ូតូ៣គ្រឿង​ ធ្វើដំណើរតាមផ្លូវ២៧១​ ពីកើតមកលិច​ ហើយមកដល់គល់ស្ពានអាកាសស្ទឹងមានជ័យ ក៏ស្ទាក់ស្ទើរចង់ឡើងស្ពានបន្តិច​ មិនចង់បន្តិច​ ហើយក៏ឈប់និយាយគ្នា​ ដោយមានម៉ូតូមួយគ្រឿង​ ជិះឡើងស្ពានបានប្រហែល៥ម៉ែត្រ​ ក៏បត់ត្រលប់ក្រោយ​ រួចនាំគ្នាជិះចេញទៅបាត់ស្រមោលអស់​ ដោយទៅតាមផ្លូវ២៧១​ អែបគល់ស្ពានស្ទឹងមានជ័យ​ ។

សាក្សីបានបញ្ជាក់ថា​ មិនដឹងថាក្រុមក្មេងស្ទាវដែលជិះម៉ូតូមកឈប់ស្ទាក់ស្ទើរៗនៅជិតកន្លែងផ្ទុះអាវុធប៉ុន្មានគ្រាប់ខាងលើនោះ​ មានពាក់ព័ន្ធគ្នា​ ឬក៏យ៉ាងណានោះទេ​ ។

បើតាមសាក្សីបន្តទៀតថា​ ភ្លាមៗនោះគាត់បាន ទៅរកមើលសំបក​គ្រាប់​នៅកន្លែងកើតហេតុដែរ បន្តិចក្រោយមកក៏មានក្រុមអ្នកសារព័ត៌មានជាច្រើនបានមកដល់ដែរ​ ហើយមកសួរនាំគាត់​ និងបានដើររកមើល​សំបកគ្រាប់​ ក្រែងលោធ្លាក់នៅជិតនោះ​ មិនបានប៉ុន្មានផង​ ស្រាប់តែឃើញសំបកគ្រាប់​កន្ទុះ​មួយគ្រាប់​ នៅលើថ្នល់​ ដែលបន្សល់មកពីការផ្ទុះអាវុធបាញ់មេឃ​ របស់ខ្មាន់កាំភ្លើង​ មិនស្គាល់អត្តសញ្ញាណ​ ។

សូមបញ្ជាក់ថា​ ហេតុការណ៍ផ្ទុះអាវុធ(បាញ់បោះសេរីនេះ)​ បានបង្កការភ្ញាក់ផ្អើលដល់​កម្លាំង​អធិការដ្ឋាននគរបាលខណ្ឌចំការមន​ និងកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក​ ចុះមកដល់កន្លែងកើតហេតុ​ ដើម្បីពិនិត្យមើល​ និងបានសាកសួរបុរសដែលឃើញហេតុការណ៍នោះ​ រួចនាំយកទៅជួយបំភ្លឺ​ នៅស្នាក់ការប៉ុស្តិ៍​ទំនប់ទឹកតែម្ដង។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹក​ បានរើសយក​សំបកគ្រាប់​ ទុកជាវត្ថុតាង​ និងធ្វើរបាយការណ៍ជូនថ្នាក់លើ​ ដើម្បីសហការជាមួយសមត្ថកិច្ចជំនាញ​ បើកការសើបអង្កេតស្រាវជ្រាវ ស្វែករកខ្មាន់កាំភ្លើង​ ដើម្បីមានវិធានការតាមផ្លូវច្បាប់ ។

សូមរំលឹកថា កន្លងមកប្រមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ អ្នកបាញ់បោះសេរី ដោយគ្មានការលើកលែងឡើយ បើទោះបីជាអ្នកនោះត្រកូល ហ៊ុន ឬអ្នកណាក៏ដោយអោយតែប្រព្រឹត្តខុស ត្រូវតែទទួលទោសតាមច្បាប់ ។ គួររំលឹកថា ករណីផ្ទុះអាវុធ បែបអនាធិបតេយ្យនេះកន្លងមក សមត្ថកិច្ចបានចាប់ឃាត់ខ្លួន លោកឧកញ៉ា ហូ ចំរើន និងថ្នាក់ផ្កាយជាច្រើននាក់ទៀត ដោយសារ ផ្ទុះអាវុធបែបអនាធិតេយ្យនេះដែរ  ។

ករណីនេះប្រជាពលរដ្ឋសង្ឈឹមថា សមត្ថកិច្ចជំនាញ និងបើកការស្រាវជ្រាវ​រកមុខជនបង្កផ្ទុះអាវុធ បង្កឲ្យមានការភ្ញាក់ផ្អើលនេះ ជាអ្នកណា​ និងយកមក​ចាត់ការទៅតាមច្បាប់​ ដើម្បីជាការព្រមានទៅមនុស្សដទៃទៀត​ កុំអាងមានបុណ្យសក្ត័  ឬបាញ់បោះសេរី​ មើលតែប្រទេសគ្មានច្បាប់ទម្លាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ