ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរ គាស់ហាងទូរស័ព្ទ ៣លើក លួចយកអស់ជិត២០០គ្រឿង (វីដេអូ)

1 ខែ មុន 120 tnn_admin

(វីដេអូ) គាស់យកទូរស័ព្ទ ៥៥គ្រឿង នៅសង្កាត់សំរោងក្រោម

ភ្នំពេញ ៖ ហាងលក់ទូរស័ព្ទដៃមួយកន្លែង យីហោ ហ្គូតស្តរ ដែលមានទីតាំងស្ថិតនៅតាមផ្លូវចោមចៅ ទល់មុខផ្សាកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់ទ្វារហាង ចូលលួចទូរស័ព្ទដៃ សុទ្ធតែសេរីទំនើបៗ ចំនួន៦៧គ្រឿង សរុបជាទឹកប្រាក់ ប្រមាណជាង៣ម៉ឺនដុល្លារ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

តាមសម្តីជនរងគ្រោះ ជាម្ចាស់ហាង មានឈ្មោះ គឹម សុខឡេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់ទូរស័ព្ទ មានទីលំនៅ ក្បែរហាងខាងលើ ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ បានឲ្យដឹងថា គាត់បើកហាងលក់ទូរស័ព្ទ ចំណុចខាងលើ ប្រមាណ៧ខែមកហើយហើយថ្មីៗនេះ ទូរស័ព្ទថ្មី សេរីថ្មីៗ ចំនួន៦៧គ្រឿងទើបនឹងដាក់ចូលទូ ខណៈដែលហាង បើកលក់ចន្លោះម៉ោង៧ និង ៣០នាទីព្រឹក រហូតដល់ម៉ោង៧និង៣០នាទីយប់ ទើបបិទហាង ហើយពុំមានបុគ្គលិក ឬអ្នកណាដេកសម្រាកក្នុងហាងឡើយ ស្រាប់តែនៅព្រឹកថ្ងៃទី៦នេះ ចេញពីផ្ទះមករកបើកទ្វារហាង ស្រាប់តែឃើញទ្វាររបើកបាត់ទៅហើយ ចូលពិនិត្យមើលក្នុងទូ អស់រលីងទូរស័ព្ទ ថ្មីៗ ទើបឆោឡោរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យមើលជាក់ស្តែង និងស្រាវជ្រាវ ។

ជនរងគ្រោះបន្តទៀតថា ទិដ្ឋភាពក្នុងហាង កាមេរ៉ាសុវត្តិភាព ចំនួន២គ្រាប់ត្រូវបានជនសង្ស័យកាច់ ក្បាលចុះក្រោម ខុសទម្រង់ដើម ទូរស័ព្ទក្នុងទូអស់ហើយ សល់តែសំបកចាស់ៗ តែបើតាមពិនិត្យមើលកាមេរ៉ាសុវត្តិភាព ជនសង្ស័យ ចំនួនរហូតដល់៥នាក់ មានពាក់ម៉ាស់ ពាក់មួក ហាក់បីដូចជាចោរជំនាញ ចូលធ្វើសកម្មភាពនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ចូលថ្ងៃទី៦ ខែសីហា នេះហើយ ប្រមូលយកទូរស័ព្ទ បានសម្រេចហើយ គេចខ្លួនបាត់អស់ ។

ជុំវិញករណីជនសង្ស័យ៥នាក់ ទៅធ្វើសកម្មភាពគាស់ហាងលួចទូរស័ព្ទដៃ ខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចុះទៅធ្វើកំណត់ហេតុ និងរាយការណ៍បន្តដើម្បីឲ្យសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យធ្វើកោសល្យវិច័យ ស្រាវជ្រាវ ស្វែងរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់។

គួររំលឹកដែរថា ករណីចោរហែកដំបូល ចូលលួចទូរស័ព្ទអស់ជាង៥០គ្រឿង ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ តាមមហាវិថី ឈ្នះ ឈ្នះ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

តាមការបំភ្លឺ ពីស្ត្រីឈ្មោះ ពៅ ម៉ាលី អាយុ៤៦ឆ្នាំ ជាម្ចាស់ហាង បានឲ្យដឹងថា ហាងទើបបើកការរៀបចំ ដាក់ឥវ៉ាន់ សម្ភារៈ ទូស័ព្ទ ថ្មីៗ ចូលក្នុងទូ បាន២ថ្ងៃ ដើម្បីត្រៀមរៀបចំបើកសម្ភោធលក់ នៅថ្ងៃខាងមុខ ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ២០១៩នេះ ខណៈដែលក្រុមគរួសារ ភ្ញាក់ពីដំណេក ចេញមកឃើញទ្វារបំហរ ដំបូលលើធ្លាយឃើញមេឃ និងមានចងខ្សែសំរ៉ូតចុះយកទូរស័ព្ទ ជាង៥០គ្រឿង។

ដោយឡែក ខេត្តកណ្តាល ក៍មានករណី ស្រដៀងគ្នានេះ កើតមានដែរ ដោយក្រុមជនសង្ស័យ បានធ្វើសកម្មភាពគាស់លួចយកទ្រព្យសម្បត្តិ រើកកាយទូ យកទូរស័ព្ទអស់ជាច្រើនគ្រឿង ហើយនាំគ្នាគេចខ្លួនបាត់អស់តែម្តង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងលក់ទូរស័ព្ទ យីហោ ឆាយហេងថ្មី លើផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ ប៉ូអាន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ទូរស័ព្ទ។ ចំណែកមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ភិនភាគ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រាងធាត់ គូទរៀងទយ មានពុកមាត់ កម្ពស់ប្រហែល១៧០សង់ទីម៉ែត្រ ពាក់អាវយឺតដៃខ្លីមានផ្ទាំងរូបខាង មុខនិងខាងក្រោយ ស្លៀកខោក្រណាត់ជើងខ្លី (យកអាវឃ្លុំមុខ) ។

ចំណែកសម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទស៊េរីទំនើប ៦៧គ្រឿង (មានម៉ាក iPhone + ម៉ាក Samsung + ម៉ាក Oppo + ម៉ាកHuawei) គិតជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះព្រមទាំងក្រុមគ្រួសារ បានដេកលង់លក់នៅជាន់ឡៅតឿ និងជាន់ទី១ ដោយផ្ទះជនរងគ្រោះមាន៣ជាន់ជាផ្ទះល្វែង។ រីឯជាន់ផ្ទាល់ដី ដាក់តាំងលក់ទូរស័ព្ទ គ្មានអ្នកដេកយាមឡើយ។ តាមរយៈឆែកកាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យម្នាក់ដែលមានភិនភាគដូចខាងលើ បានធ្វើសកម្មភាពគាស់ ដំបូលផ្ទះ ទម្លុះពិដាន ទម្លាក់ខ្លួនចុះមកជាន់ផ្ទាល់ដី ហើយធ្វើ សកម្មភាពរើកកាយទូរយកទូរស័ព្ទអស់ជាច្រើនគ្រឿងហើយគេចខ្លួនបាត់ទៅ។

ដោយភាពអសន្តិសុខ កើតមានជាបន្តបន្ទាប់ ពលរដ្ឋសម្តែងក្តីព្រួយបារម្ភ និងសំណូមពរ ដល់សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ស្រាវជ្រាវតាមចាប់ក្រុមជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ