ព្រឹតិ្តការណ៍ថ្មីៗ

ខឹងថៅកែហាង បញ្ឈប់ពីការងារ  មកវាយបំផ្លាញតុ ជញ្ជាំងហាង និងគំរាម យកដបសាំងទៅបម្រុងដុត 

3 ខែ មុន 33 tnn_admin

ខេត្តកណ្តាល  ៖ ករណីធ្វើឲ្យខូចខាតដោយចេតនា កើតហេតុថ្ងៃអាទិត្យ ០៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០នាទីនៅចំណុច ហាងមីហិរSeoul ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឡាង សុធាវី ភេទប្រុស អាយុ ៣៥ឆ្នាំ  ជនជាតិខ្មែរ  មុខរបរម្ចាស់ហាងមីហិរ  Seoul  មានទីលំនៅសព្វថ្ងៃ នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ឃាង គីមពេជ្រ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ និងជាអតីតបុគ្គលិកហាងលក់មីហិរSeoul ខាងលើ មានទីលំនៅសព្វថ្ងៃនៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យក៖ប្រេងសាំង ចំនួន ០១ដប ទឹកបរិសុទ្ធ ចំណុះ ០,៥លីត្រ ។

សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងពីសភាពរឿងហេតុថា  កន្លងមកជនសង្ស័យ គឺជាបុគ្គលិកធ្វើការ ក្នុងហាងលក់មីហិរSeoul ស្ថិតក្នុងភូមិកើតហេតុខាងលើ ក្រោយមកត្រូវបានជនរងគ្រោះ ជាម្ចាស់ហាង បានបញ្ឈប់ជនសង្ស័យពីការងារ ។

លុះនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០នាទី ស្រាប់តែជនសង្ស័យបានទៅក្នុងហាងខាងលើ ដោយបានវាយបំផ្លាញតុ និងជញ្ជាំងហាង ព្រមទាំងគំរាម និងយកដបសាំងទៅបម្រុងដុតហាងទៀតផង ដោយសារតែខឹងនឹងថៅកែបញ្ឈប់ពីការងារ ហើយពុំព្រមទទួលឲ្យចូលធ្វើការវិញ តែពុំបានដុតហាងទេ ក៏បោះដបសាំងចោលក្បែរនោះទៅ រួចត្រូវបានម្ចាស់ហាងធ្វើដំណើរពីភ្នំពេញមកទាំងយប់ រួចរកឃើញដបសាំងនោះ រួចប្រគល់ជូនសមត្ថកិច្ចនគរបាលតែម្ដង។

រហូតដល់ពេលកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ ដដែលខាងលើនេះ មិនខ្លាចរអារ ដើរចូលទៅក្នុងហាងរករឿង រកវាយបុគ្គលិក និងវាយបំផ្លាញតុ កៅអី ក្នុងហាង ខូចខាតមួយចំនួនថែមទៀត តែលើកនេះត្រូវបានបុគ្គលិកក្នុងហាងចាប់ឃាត់ខ្លួនជាប់ រួចប្រគល់ជូននគរបាលតែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង  ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ (ដោយ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ