ព្រឹតិ្តការណ៍ថ្មីៗ

ជនពិការទីទាល់ក្រ ចំនួន ៣០គ្រួសារ នៅក្នុងខេត្តប៉ៃលិន ទទួលអំណោយពីមូលនីធិជនពិការ

1 ខែ មុន 29 tnn_admin

ប៉ៃលិន៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប៉ៃលិន ជនពិការទីទាល់ក្រ ចំនួន ៣០គ្រួសារ នៅក្នុងខេត្តប៉ៃលិន បានទទួលអំណោយពីមូល នីធិជនពិការ តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ ឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ។

ឯកឧត្តម សៅ ឡែន ប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ បានមានប្រសាសន៍លើកឡើងថា៖ មូលនិធិជនពិការ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងស្ថិតនៅក្រោមអាណាព្យាលផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមូលនិធិជនពិការ ជាស្ថាប័នមួយដែលទទួលទុនដំបូងពីរាជរដ្ឋាភិបាល និងទទួលផលចំណេញពីការវិនិយោគ ការឧបត្ថម្ភ ឬអំណោយនានា សកម្មភាពរៃអង្គាសមូលនិធិ និងការប្រមូលប្រាក់ពិន័យពីបណ្តាស្ថាប័ននានា ដែលខកខានមិនបានបំពេញកតព្វកិច្ចដូចបានកំណត់ដោយច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងអនុក្រឹត្យស្តីពីអត្រាកំណត់ និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន បានមានប្រសាសន៍សំដែងនូវការគោរព និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមូលនិធិជនពិការទាំងអស់ ដែលបានខិតខំពុះពារអនុវត្តការងារកន្លងមក ក្នុងការបម្រើដល់ជនពិការ ឲ្យទទួលបានសេវាពីរាជរដ្ឋាភិបាល ប្រកបដោយ គុណភាព ដូចទៅនឹងការចេញនូវទស្សនៈវិស័យថ្មីរបស់មូលនិធិជនពិការថា “ជនពិការមានសិទ្ធិក្នុងការទទួលបានសេវាស្តារលទ្ធភាពពលកម្មប្រកបដោយគុណភាព និងទទួលបានការជួយគាំទ្រក្នុងការរស់នៅ និងចូលរួមក្នុងសកម្មភាពសង្គម។

ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ជាអកុសលដែលប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជនធ្លាក់ខ្លួនពិការ ប៉ុន្តែបងប្អូន និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា នៅមានសំណាង ដោយសារយើង នៅមានជីវិតរស់នៅជួបជុំគ្រួសារ បើសិនប្រៀបធៀបជាមួយ នឹងយោធិនដែលបានពលីជីវិត នៅលើសមរភូមិ ក្នុងតំណាក់កាលសង្គ្រាម និងប្រជាពលរដ្ឋរាប់លាន ដែលបានស្លាប់នៅក្នុងរបប ប៉ុល ពត នេះហើយគឺរស់ជាតិនៃសង្គ្រាម ដែលយើងទាំងអស់គ្នា ក្លាយជនរងគ្រោះដោយសារសង្គ្រាម។ ប៉ុន្តែជាភ័ព្ទសំណាង ដែលយើងបានបញ្ចប់សង្គ្រាម រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយបានដឹកនាំ កសាងប្រទេសជាតិឡើងវិញ រហូតយើងចាប់ផ្តើមចាចារ បង្រួបបង្រួមជាតិបញ្ចប់សង្គ្រាម ហើយទីបំផុតស្មារតីខ្មែរស្រលាញ់ខ្មែរ បានបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃ ក្រោម នយោបាយឈ្នះ ឈ្នះ របស់សម្តេចតជោ សែន ដែលប្រែក្លាយទឹកដី ដែលច្បាំងគ្នាយ៉ាងក្តៅគគុក មកជាតំបន់មានការអភិវឌ្ឍរីកចម្រើន មានសុខសន្តិភាព ប្រជាជនមានជីភាព សម្បូរសប្បាយ” ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះអតីតយុទ្ធជន និងជនពិការ ដោយខិតខំដោះស្រាយ ទៅតាមលទ្ធភាព ពីព្រោះអតីតយុទ្ធជន និងអ្នកនៅក្នុងបន្ទុក មានចំនួនជាង ២០ម៉ឺននាក់ នៅទូទាំងប្រទេស បើទោះបីជាមានចំណុចខ្វះខាតខ្លះ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ សែន មិនដែលបោះបង់បងប្អូនអតីតយុទ្ធជន និងជនពិការចោលនោះទេ គឺនៅតែបន្តយកចិត្តទុកដាក់បីបាច់ថែរក្សា ទាំងអតីតយុទ្ធជន ទាំងជនពិការក្រីក្រ ទាំងគ្រួសារ និងទាំងយោធិនពលី។

បើតាមរបាយការណ៍របស់លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន បានឱ្យដឹងថា៖ តាមរយៈសាខាខេត្ត បានធ្វើការជ្រើសរើសជនពិការក្រីក្រចំនួន ៣០គ្រួសារ ដែលកំពុងជួបការលំបាកផ្នែកជីវភាព ដើម្បីទទួលបានអំណោយពីមូលនិធិជនពិការ ដោយម្នាក់ៗនឹងទទួលបាន៖ អង្ករ ២៥គីឡូ ត្រីខ ២យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ អំបិល ០២គីឡូក្រាម មីម៉ាម៉ា ១កេះ សំលៀកបំពាក់ ១កញ្ចប់ និងថវិកាចំនួន ១០ម៉ឺនរៀលផងដែរ។
ញ៉ឹប បូរី ប៉ៃលិន 05-08-2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ