ព្រឹតិ្តការណ៍ថ្មីៗ

អសន្តិសុខមែន! ទម្លុះពិដាន គាស់ដំបូលផ្ទះលក់ទូរស័ព្ទ យីហោ ឆាយហេងថ្មី ទាំងកណ្ដាលថ្ងៃ

2 ខែ មុន 112 តូ សុផល

កណ្តាល ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង​ដោយហាងលក់ទូរស័ព្ទយីហោ ឆាយហេងថ្មី មួយកន្លែងត្រូវបានចោរធ្វើសកម្មភាពគាស់លួចយកទ្រព្យសម្បត្តិ រើកកាយទូ យកទូរស័ព្ទអស់ជាច្រើនគ្រឿង ហេីយនាំគ្នាគេចខ្លួនបាត់អស់តែម្តង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១រសៀល​ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងលក់ទូរស័ព្ទ យីហោ ឆាយហេងថ្មី លេីផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជុំ ប៉ូអាន ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ទូរស័ព្ទ ។ ចំណែកមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន) ភិនភាគ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ រាងធាត់ គូទរៀងទយ មានពុកមាត់ កម្ពស់ប្រហែល១៧០សង់ទីម៉ែត្រ ពាក់អាវយឺតដៃខ្លីមានផ្ទាំងរូបខាង មុខនិងខាងក្រោយ ស្លៀកខោក្រណាត់ជើងខ្លី (យកអាវឃ្លុំមុខ) ។

ចំណែកសម្ភារៈបាត់បង់រួមមាន ៖ ទូរស័ព្ទស៊េរីទំនើប ៦៧គ្រឿង (មានម៉ាក iPhone + ម៉ាក Samsung + ម៉ាក Oppo + ម៉ាកHuawei) គិតជាទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះព្រមទាំងក្រុមគ្រួសារ បានដេកលង់លក់នៅជាន់ឡៅតឿ និងជាន់ទី១ ដោយផ្ទះជនរងគ្រោះមាន៣ជាន់ជាផ្ទះល្វែង។ រីឯជាន់ផ្ទាល់ដី ដាក់តាំងលក់ទូរស័ព្ទ គ្មានអ្នកដេកយាមឡើយ។ តាមរយៈឆែកកាមេរ៉ាសុវត្ថិភាព ឃើញមានជនសង្ស័យម្នាក់ដែលមានភិនភាគដូចខាងលើ បានធ្វើសកម្មភាពគាស់ ដំបូលផ្ទះ ទម្លុះពិដាន ទម្លាក់ខ្លួនចុះមកជាន់ផ្ទាល់ដី ហើយធ្វើ សកម្មភាពរើកកាយទូរយកទូរស័ព្ទអស់ជាច្រេីនគ្រឿងហើយគេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នក្រោយទទួលបានព័ត៌មានករណីនេះ ផ្នែកយុត្តិធម៌​ នៃអធិការដ្ឋានក្រុងតាខ្មៅ សហការជាមួយ កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកនាយប៉ុស្តិ៍តាខ្មៅ បានចុះដល់កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ កំណត់រកមុខសញ្ញា ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ