ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសចូលកាន់តំណែង ប្រធានមន្ទីរព័ត៌មាន ខេត្ដប៉ៃលិន

3 ខែ មុន 48 tnn_admin

ប៉ៃលិន៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ លោក យូ ពៅ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ជំនួសលោកជំទាវ ស៊្រី ចាន់អេង ដែលត្រូវទទួលភារកិច្ចថ្មី ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរស្ថាប័នជំនាញជុំវិញខេត្ត ព្រមទាំងអជ្ញាធរមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។

បើតាមរបាយការណ៍របស់លោក គង់ ជឺ អនុប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន បានឱ្យដឹងថា៖ បច្ចុប្បន្នមន្ទីរព័ត៌មានខេត្តប៉ៃលិន មានមន្រ្តីរាជការក្របខណ្ឌចំនួន ២១រូប ស្រី០៤រូប និងមន្រ្តីជាប់កិច្ចសន្យាចំនួន ២០រូប ស្រីចំនួន១៣រូប មានប្រធាន ១រូប អនុប្រធាន ៣រូប ប្រធានការិយាល័យចំនួន ៤រូប អនុប្រធានការិយាល័យ ៣រូប និងប្រធានការិយាល័យ ក្រុង/ស្រុក ២រូប ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយទាំងរដ្ឋ និងឯកជន ចំនួន ៧ស្ថានីយ៍ ក្នុងនោះ មាន វិទ្យុ FM ជាតិប៉ៃលិន វិទ្យុ FM អូរតងប៉ៃលិន វិទ្យុ FM ជំនោរប៉ៃលិន និងវិទ្យុ ABC ដែលផ្សាយបន្តពី រាជធានីភ្នំពេញ ស្ថានីយ៍ទូរទស្សន៍ជាតិ ទូរទស្សន៍ខ្សែកាប នៅក្រុងប៉ៃលិន និងទូរទស្សន៍ខ្សែកាប នៅស្រុកសាលាក្រៅ ផងដែរ៕

ឯកឧត្តម កង សុវណ្ណ ប្រធាននាយកដ្ឋានបុគ្គលិក បានអានព្រះរាជក្រឹត្យ លេខ នស/រកត/០៧១៩/១១៦២ ត្រូវបានតែងតាំង និងផ្តល់ឋានៈ លោកជំទាវ ស៊្រី ចាន់អេង ជាទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើអគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្ន និងប្រកាសរបស់ក្រសួងព័ត៌មានលេខ ៣៨៥ ពម ប្រក ត្រូវបានតែងតាំងលោក យូ ពៅ ជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន។

បន្ទាប់ពីទទួលបានប្រកាស និងត្រា ពីគណៈអធិបតីរួចមក លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាចិត្តដូចតទៅ៖ 1-ខិតខំសិក្សារៀនសូត្រ ស្វែងយល់នូវចំណេះដឹងជំនាញថ្មីៗបន្ថែម ដើម្បីបង្គើន សមត្ថភាពពីមួយថ្ងៃទៅមួយថ្ងៃ ឲ្យសមស្របទៅនឹងកាលៈទេសៈ ប្រទេសជាតិកំពុងតែរីកចំរើន។ 2-រូមប្រាស្រ័យទាក់ទង និងទំនាក់ទំនងល្អយ៉ាងជិតស្និទ្ធ ជាមួយថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរព័ត៌មាន រាជ ធានី/ខេត្ត ទាំង២៥ និងថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរព័ត៌មានយើងខ្ញុំ ដែលរូបខ្ញុំបាទកំពុង ប្រតិបត្តិឲ្យបានល្អប្រសើរ។ 3-ជំរុញលើកទឹកចិត្តថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលកំពុងបម្រើការងារ តាមជំនាញនីមួយៗ ដោយផ្ដល់ឧិកាស ក្នុងការសិក្សារៀនសូត្រ ទាំងក្នុង និងក្រៅអង្គភាព ដើម្បីបង្កើនសមត្ថភាពបន្ថែម ក្នុងការផ្ដល់សេវាព័ត៌មាន ទៅកាន់សាធារណៈជន ឲ្យបានទូលំទូលាយ និងល្អប្រសើរ។ 4-ពង្រឹង ចំណងសាមគ្គីភាព មិត្តភាព ដែលមានស្រាប់ ឲ្យមានតម្លាភាព គណនីយភាព ប្រកបដោយ សមធម៌ និងសមភាព។ 5-គោរពអនុវត្តន៏ដាច់ខាតរាល់សេចក្តីណែនាំនិងការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត អោយបានជាក់លាក់ និងស៊ីជម្រូវ។ 6-គោរព និងអនុវត្តទៅតាមអភិក្រមទាំង៥ របស់សម្តេចតេជោ ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានសម្ដែងការគាំទ្រ ចំពោះការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ដែលបានតែងតាំង លោក យូ ពៅ ជាប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ដើម្បីដឹកនាំអង្គភាព នេះ ក្នុងការចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងនាមជាសេនាធិការ បន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ទៅតាមបេសកកម្មរបស់ក្រសួង គឺ ប្លែក លឿន ទុកចិត្តបាន នៅពេលណា នៅទីណាក៏បាន ព្រមទាំងទទួលបានជោគជ័យថ្មីៗ និងចូលរួមជំរុញការអភិវឌ្ឍលើគ្រប់វិស័យនានាក្នុងខេត្តប៉ៃលិនផងដែរ។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា៖ លោកប្រធានដែលចូលកាន់តំណែងថ្មី នឹងខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ក្នុងមុខតំណែងនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធ្វើឱ្យមានសុខដុមនីយកម្មក្នុងអង្គភាព ដើម្បីធ្វើឱ្យវិស័យព័ត៌មានខេត្តប៉ៃលិន មានការរីកចម្រើន ស្របទៅនឹងបរិបទព័ត៌មានវិទ្យា និងបច្ចេកវិទ្យា។

នៅក្នុងឱកាសនោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានផ្តាំផ្ញើដល់ប្រធានមន្ទីរព័ត៌មានខេត្ដប៉ៃលិន ដែលទើបចូលកាន់តំណែងថ្មី ត្រូវមានកិច្ចសហការល្អ ជាមួយមន្ទីរស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីអាចឆ្លើយតបបានទាន់ពេលវេលា ទៅនឹងបញ្ហាកើតមានឡើងនៅ ក្នុងខេត្ត ហើយយើងអាចឆ្លើយតប និងធ្វើការស្រាយបានទាន់ពេលវេលា ពិសេសព័ត៌មានក្លែងក្លាយ តាមបណ្តាញទំនាក់ទំនងសង្គមនានា។

ឯកឧត្ដមរដ្ឋមន្ត្រី បានជំរុញដល់មន្ទីរព័ត៌មានខេត្តប៉ៃលិន ធ្វើការរៀបចំឱ្យមានជាស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងខេត្តប៉ៃលិន ផ្សព្វផ្សាយតាម Online ព្រោះថា ការផ្សព្វផ្សាយតាម Online នេះ គឺមានការចំណាយតិច ប៉ុន្តែវាមានភាពងាយ ស្រួលក្នុងការបើកមើលបាននៅគ្រប់ទីកន្លែង ទីណាពេលណាក៏បាន ហើយបច្ចុប្បន្ន ក្រសួងព័ត៌មាន បានសហការជាមួយក្រុមហ៊ុនឯកជន បង្កើតជាប្រព័ន្ធទូរទស្សន៍ OTT ដែលអាចបើកមើលការផ្សាយគ្រប់ប៉ុស្តិ៍ ហើយក៏អាចមើលត្រឡប់ក្រោយវិញបាន នូវកម្មវិធីផ្សាយរួច រយៈពេល ១សប្តាហ៍ផងដែរ។

ជាចុងក្រោយ ឯកឧត្ដម ខៀវ កាញារិទ្ធ បានសង្ឃឹមថា៖ ឯកឧត្ដមអភិបាលខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទាំ្រ ដល់មន្ទីរព័ត៌មានខេត្តប៉ៃលិន ឱ្យកាន់តែរីកចម្រើនបន្ថែម ទៅមុខទៀត ដើម្បីផ្សព្វផ្សាយព័ត៌មាន និងដំណឹងផ្សេងៗ ជូនប្រជាពលរដ្ឋ ក្នុងខេត្ត បានស្តាប់ បានដឹង នូវព្រឹត្តការណ៍ថ្មីៗ ដែលកើតមានឡើង នៅក្នុង និងក្រៅប្រទេស ជាពិសេសដំណើរការអភិវឌ្ឍនៅក្នុងខេត្ដ និងទូទាំងប្រទេសផងដែរ។

ញ៉ឹប បូរី ប៉ៃលិន 03-08-2019

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ