ព្រឹតិ្តការណ៍ថ្មីៗ

ធ្លាយរឿងអាស្រូវ របស់ មេប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែនបាវិត 

1 ខែ មុន 243 tnn_admin

ស្វាយរៀង៖ ជនជាតិខ្មែរ និងវៀតណាម រាប់សិបនាក់ក្នុងមួយថ្ងៃៗ បានសម្រុកនាំគ្នាធ្វើដំណើរតាមម៉ូតូ ខ្លះដឹកទំនិញ ខ្លះថ្មើរជើង ចេញចូលទៅមកដោយខុសច្បាប់ គ្មានការត្រួតពិនិត្យរាល់ឯកសារពាក់ព័ន្ធ ដោយពួកគេឆ្លងកាត់តាមត្រចៀកច្រកទាំងសងខាងគឺខាងជើងនិងខាងត្បូង នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពពីប្រជាពលរដ្ឋខ្មែរដែលចេញចូលនៅច្រកនោះបានប្រាប់អោយដឹងថា សម្រាប់ពលរដ្ឋខ្មែរ ខ្លះដែលពុំមានលិខិតឆ្លងដែនហើយគេចសមត្ថកិច្ចមិនចូលតាមច្រកទ្វារ គឺត្រូវជិះម៉ូតូឌុបវាងតាមត្រចៀកច្រកដោយចំណាយក្នុងម្នាក់អស់៣០០០០រៀល ក្នុងនោះត្រូវឲ្យថ្លៃឈ្នួលម៉ូតូឌុប ១០០០០រៀល និងបង់ឲ្យនគរបាល ២០០០០រៀល។

ប្រភពដដែលបានបន្ដថាប្រសិនបើ ពួកគាត់ធ្វើដំណើរ ទៅព្យាបាលជំងឺ ដោយពុំមានលិខិតឆ្លងដែន ក្នុងម្នាក់អស់៤០ដុល្លារ ជាកំហិត ទៅ២០ដុល្លារ លុះពេលត្រឡប់មកវិញ២០ដុល្លារទៀត ជាហេតុនាំឲ្យពលរដ្ឋក្រីក្រ ដែលអត់មានលិខិតឆ្លងដែន រអ៊ូរទាំរិះគន់ជាខ្លាំង។

មិនតែប៉ុណ្ណោះសម្រាប់ពលរដ្ឋ ដែលមានលិខិតឆ្លងដែនហើយ ក៏ត្រូវបង់លុយថ្លៃបំពេញឯកសារ និងប្រថាប់ត្រាអស់ចាប់ពី១០០០០រៀល ទៅ២០០០០រៀលក្នុងម្នាក់ ទើបអាចឆ្លងកាត់បានដោយរលូន។

ប្រភពពីជនអន្តោរប្រវេសន៍វៀតណាមម្នាក់ ដែលចេះនិយាយភាសារខ្មែរបានប្រាប់អោយដឹងថា ខ្លួនចេញចូលមកលេងល្បែងនៅកាស៊ីណូ និងដឹកទំនិញបានរាល់ថ្ងៃ ដោយពុំមានការត្រួតពិនិត្យឯកសារទេពោលគឺបង់លុយ ជូននគរបាលអន្តោរប្រវេសន៍ ក្នុងម្នាក់១០ម៉ឺនដុងលុយវៀតណាមបើគិតជាប្រាក់ខ្មែរស្មើ២០០០០រៀលជាកំហិត ជាថ្នូរនិងការចេញចូល។

ជនអន្តោរប្រវេសន៍វៀតណាមរូបនេះ បានប្រាប់បន្ដអោយដឹងថា គាត់ចេញចូលបានព្រោះបង់លុយ ជូនមន្ត្រីនគរបាលអន្តោរប្រវេសន៍ ដែលប្រចាំការនៅទីនោះគឺចូលម្ដងមន្ត្រីគេកំណត់ឲ្យបង់១សែនដុងលុយវៀតណាម ជាកំហិត បើចូល២ដងបង់២ដងដែរ បើយើងដឹកទំនិញ ត្រូវបង់មួយគុណជាពីរ ប្រសិនជាមិនបង់តាមកំណត់ទេ គេមិនឲ្យចេញចូលឡើយ។

ទាំងនេះ ជាប្រភពចំណូលក្រៅប្រព័ន្ធរបស់  មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលប្រមូលលុយបាន រាប់សិបពាន់ដុល្លារក្នុង១ខែៗសម្រាប់បែងចែកបក្ខពួកខ្លួនជាងនេះទៅទៀតលោក ខាត់ សារ៉ាត់ បានកំណត់យកលុយ ពីពលរដ្ឋរាប់សិបនាក់ក្នុងមួយថ្ងៃៗ ។

ជុំវិញករណីនេះ ក្រុមកាងារយើង មិនអាចសុំការបំភ្លឺពី លោក ខាត់ សារ៉ាត់ មេប៉ុស្តិ៍អន្តោរប្រវេសន៍ច្រកទ្វារព្រំដែនបាវិតបានទេព្រោះគ្មានលេខទូរសព្ទ័សំរាប់ទំនាក់ទំនង។

អង្គភាពយើងនឹងធ្វើការផ្សាយបន្ដប្រសិនបើភាគីសាម៉ីខ្លួនស្រាយបំភ្លឺពន្យល់ដើម្បីអោយមហាជនជ្រាបច្បាស់ និងបញ្ចាក់ពីភាពស្អាតស្អំរបស់ខ្លួនផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់