ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងល្បែងស៊ីសង ឈ្មោះឆើតខ្លាំងមែន! អធិការថា ចាំសុំគោលការណ៍មេ សិន ចាំចុះបង្ក្រាប

3 សប្តាហ៍ មុន 170 tnn_admin

ភ្នំពេញ៖ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ  ប្រាប់មកអង្គភាពសារព័ត៍មាន តាមទូរស័ព្ទថាលោកនឹងរាយការណ៍ជូន និងសុំគោលការណ៍ពីឯកឧត្តមស្នងការ ដើម្បីចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ជល់មាន់ បៀរ និងអាប៉ោង ដែលមានម្ចាស់ឈ្មោះ ឆើត ។

នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩​នេះ មហាជនបានរាយការណ៍មក អង្គភាពសារព័ត៌មាន រស្មីគោកធ្លក ​ឲ្យចុះ​ផ្តិ​តរូ​បភាពជាក់ស្តែងពីទីតាំង ​និងសកម្មភាពដំណើរការលេងល្បែងជល់​មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុ​ងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីអ្នកចូលលេង បានឲ្យដឹងថា កន្លងមក ម្ចាស់ទីតាំងឈ្មោះ ឆើត បាននិយាយក្តែងៗ នៅមុខអ្នកញៀនល្បែងទាំងអស់ថា លោកមិនខ្លាចការបង្ហោះ ឬចុះផ្សាយព័ត៍មានអ្វីឡើយ សំខាន់កន្លែង ឆើត អាចបើកលេងបាន មិនខ្វល់ពីអ្វីឡើយ។

​ក​​ន្លែងជល់មាន់នេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈ​ដែលទីតាំង ជល់មាន់នេះ មានម្ចាស់ ​ឈ្មោះ ​ឆើត និងរួមមានទាំងល្បែងបៀរ និងអាប៉ោង ដែលមានមេឈ្មោះ យូ និង សុខណា បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោក ម៉េង វិមានតារា ដែលចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនទាន់បាត់ក្តៅគូទផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លា​ជាង​មុនទៅទៀត។

​ហើយបើតាមប្រភព​ពីអ្នក​​​​​ចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូរៗ ខ្ទង់ពាន់ដុល្លារឯណោះ​ ចំ​ណែ​កចាក់បៀរ និងអាប៉ោងវិញ ក៏មិន​​​​​​​​​​​​​​​​តិចដែរ​ គឺចូលខ្ទង់ពាន់ដូចគ្នា។

ប្រជាពលរដ្ឋក្បែរទីតាំងនោះ បានចោទសួរថា កន្លងមកធ្លាប់ឃើញសមត្ថកិច្ច ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែង នៅភូមិចំរើនផល ចុះហេតុម្តេចបានជាមិនបង្ក្រាបទីតាំងនេះផង ឬមួយមើលមិនឃើញ ឬមិនហ៊ានបង្ក្រាប ព្រោះប៉ះពាល់ចំណូលរបស់ខ្លួន។ ពួកគាត់បន្ថែមថា កន្លងមក ធ្លាប់ឃើញមានអាជ្ញាធរមូលដ្ឋាន សង្កាត់ស្ទឹងមានជ័យទី២ បានចុះមកទីតាំងខាងលើដែរ ហើយរាល់ពេលដែលចុះ គឺបានតែខ្យល់ប៉ុណ្ណោះ បានត្រឹមថតរូបទីតាំងទទេ ដោយសារអ្នកលេងបានចេញអស់ទៅហើយ ឬមានការរាយការណ៍ជាមុន មុនពេលចុះបង្ក្រាប ទើបអាចគេចផុតពីការបង្ក្រាបបែបនេះ។

​កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ បានបង្គាប់ដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងបន្តទៀតអំពី គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពតាមមូលដ្ឋាន។

​ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជិតស្ពានអាកាសស្ទឹងមា​នជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ​​រ​កញ្ច្រៀ​វ។

មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យ ដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ​ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ​-​សង្កាត់​ មានសុវត្ថិភាព តែបែរជាក្នុង ​ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។

​​​​បើ​តាមឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​កម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងគ្រប់​ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។

​កន្លងមក លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ ថា លោកតែងតែបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាបរាយការណ៍មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ថាអត់មានទេ តែធាតុពិតមានបើកលេងយ៉ាងចំហរតែម្តង ដូចរូបភាពដែលក្រុមការងារព័ត៌មានយើងថតបាននាព្រឹកមិញនេះ។

​មហាជនមានការងឿងឆ្ងល់ថា ទីតាំងខា​ងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់​ហើយមើលទៅ?៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!