ព្រឹតិ្តការណ៍ថ្មីៗ

ព្រហើនមែន! ម្ចាស់សង្វៀនជល់មាន់  អួតថា បង់លុយអោយ អធិការខណ្ឌ ចៅហ្វាយខណ្ឌ និងចៅហ្វាយក្រុង ជាងមួយពាន់ដុល្លារ ក្នុងខែ ទើបបិទ ហើយអាចបើកវិញបាន!

3 សប្តាហ៍ មុន 382 tnn_admin

ភ្នំពេញ ​៖ បំនិនប្រសប់ នៃការភូតកុហក់ និងចេះឆ្ពិនភ្នែកដាក់ថ្នាក់លើ ពីសំណាក់ អាជ្ញាធរ មូលដ្ឋានខណ្ឌមានជ័យ ថាគ្មានបនល្បែងស៊ីសង តែភាពជាក់ស្តែងវិញ នាព្រឹកថ្ងៃទី២ ខែសីហា ២០១៩ នេះ មហាជន សម្តែងការចិត្ត ព្រមទាំងរាយការណ៍ មកអង្គភាពព័ត៌មានយើងចុះផ្តឹតរូបភាព នៅទីតាំងផ្ទាល់ និង សកម្មភាពដំណើរល្បែងជល់​មាន់ បៀរ និងអាប៉ោង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សប្បាយអឺងកង។

សូមបញ្ជាក់ថា ទីតាំងខាងលើនេះ ដែលទើបបង្ក្រាបមិនចំអិនកំពឹស ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង សម្លេងហ៊ោរកញ្ច្រៀវ រំខានដល់ប្រជាពលរដ្ឋ តែមិនបានរំខានត្រចៀក សមត្ថកិច្ច ឬសមត្ថកិច្ចណា ចុះទៅបង្ក្រាបទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះដាក់ហោប៉ៅ ហើយដើ​រចេញ ដោយសាតែគេដឹងថា ម្ចាស់ទីតាំងបើកជល់មាន់នេះ ជាមន្ត្រីនគរបាលក្រុងម្នាក់ ដែលអាចឈរជើង រាប់ឆ្នាំមកហើយ។

កន្លែងជល់មាន់នេះ ត្រូវបានមហាជនផ្ទុះការរិះគន់យ៉ាងចាស់ដៃ ខណៈ​ដែលទីតាំង ជល់មាន់នេះ មានម្ចាស់ ​ឈ្មោះ ​ឆើត និងរួមមានទាំងល្បែងបៀរ និងអាប៉ោង ដែលមានមេឈ្មោះ យូ និង សុខណា បើកលេងយ៉ាងអាណាធិបតេយ្យ ស្ថិតនៅភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាប់នឹងប្រឡាយទឹកស្អុយ ទល់មុខនឹងមន្ទីរពេទ្យរុស្ស៊ី ហើយត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌ បានចុះទៅបង្ក្រាបកាលពីពេលថ្មីៗនេះ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះ ចាប់ផ្តើមលេងវិញទៀតហើយ ដោយលេងខ្លាំងក្លា​ជាង​មុនទៅទៀត។

​បើតាមប្រភព​ពីអ្នក​​​​​ចូលលេង បានបង្ហើបឲ្យដឹងថា ទីតាំងខាងលើនេះ មានការចាក់ភ្នាល់មាន់ជល់មួយគូៗ ខ្ទង់ពាន់ដុល្លារឯណោះ គឺចន្លោះពីម៉ោង៩ ដល់១០ ព្រឹក​ ចំ​ណែ​កចាក់បៀរ និងអាប៉ោងវិញ ក៏មិន​​​​​​​​​​​​​​​តិចដែរ​ គឺចូលខ្ទង់ពាន់ដូចគ្នា។ ម្ចាស់ទីតាំង អួតប្រាប់ អ្នកញៀនល្បែង កណ្តាលវង់ល្បែងថា កុំបាច់ខ្វល់ ព័ត៌មានចុះផ្សាយអី ក៍តែផ្សាយ លេងនៅតែលេងដដែល សំខាន់បានបង់លុយអោយ សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានអស់ហើយ ចំពោះមេប៉ូលិសខណ្ឌ ចៅហ្វាយខណ្ឌ និង ចៅហ្វាយក្រុង ជាងមួយពាន់ដុល្លារ ក្នុងមួយខែ។

ទោះជាមានការលើកឡើងយ៉ាងនេះក្តី ក៍មិនអាចទាន់ជឿបានដែរ ព្រោះ ឋានៈ តួនាទីប្រហែល អធិការខណ្ឌ ចៅហ្វាយខណ្ឌ និង ចៅហ្វាយក្រុង មកទទួលលុយល្បែង​ ជាថ្នូរភាពអសន្តិសុខ និងប្រឆាំងជាមួយ គោលនយោបាយ ភូមិ-សង្កាត់ទាំង៩ចំណុចរបស់ប្រមុខ រាជរដ្ឋាភិបាល គឺទំនង ជាទៅមិនរួចឡើយ។

ជាមួយគ្នានេះ ផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូ​វបា​​នប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង។ តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះ អ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្ត និងបានសម្តែងនូវក្តីបារម្មណ៍ ពីភាពអសន្តិសុខនៅក្នុងភូមិ ត្រង់ថា ទីតាំងល្បែងជល់មាន់ បៀរ និងអាប៉ោង ដែលនៅជិតស្ពានអាកាសស្ទឹងមា​ន ជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននឹងកំពុងបើកលេងរាល់ថ្ងៃ បំពងនូវសម្លេងហ៊ោ​​រ​កញ្ច្រៀ​វ។

​មហាជនបានលើកឡើងទៀតថា សព្វថ្ងៃទីតាំងនោះ តែងតែបង្កផលរំខាន ស្រែកលេងឡូឡា យ៉ាងអាណាធិបតេយ្យដូចជាគ្មានច្បាប់ទម្លាប់ក្នុងប្រទេសទាល់តែសោះ ទាំងដែល ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ កន្លងមក បានដាក់បទបញ្ជាដល់គណៈអភិបាលខណ្ឌ​ ត្រូវលុបបំបាត់ និងបង្ក្រាបរាល់ប្រភេទល្បែងស៊ីសងខុសច្បាប់ ដើម្បីភូមិ​-​សង្កាត់​ មានសុវត្ថិភាព តែបែរជាក្នុង ​ខណ្ឌមានជ័យ ក្រុមអ្នកលេងល្បែងទាំងនេះ ដូចជាមិនព្រឺទាល់តែសោះ។

​ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជា​កម្លាំងទាំង១២ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងគ្រប់​ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យបើកឡើងវិញ។

កន្លងមក លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ថា លោកតែងតែបញ្ជាកម្លាំង ឲ្យចុះបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកើតមាននៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ តែបញ្ជារបស់លោក កម្លាំងដែលចុះបង្ក្រាបរាយការណ៍មកវិញ បានត្រឹមតែខ្យល់ នឹងរាយការណ៍ថា អត់មានទេ តែធាតុពិត មានបើកលេងយ៉ាងចំហររាប់ឆ្នាំមកហើយ  ដូចរូបភាពដែលក្រុមការងារព័ត៌មានយើងថតបាននាព្រឹកមិញនេះ។ សង្ឃឹមថា លោកអភិបាលខណ្ឌ និងចុះពិនិត្យផ្ទាល់ កុំជឿតែរបាយការណ៍ ពេក។

មហាជនមានការងឿងឆ្ងល់ថា ទីតាំងខាងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុម្តេចបានជាអាចបើកលេងវិញ យ៉ាងគគ្រឹកគគ្រេង ខ្លាំងជាងមុនទៀត ឬមួយទីតាំងនេះ មានខ្នងបង្អែកក្រាស់មែន​ហើយមើលទៅ?៕

អង្គភាពយើង និងផ្សាយលម្អិតបន្ថែមទៀត ប្រសិនបើមានការពន្យល់បកស្រាយ អាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនទូទៅអស់មន្ទិលសង្ស័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!