ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ឱម យុិនទៀង ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងនឹងអំពើពុករលួយ 

1 ខែ មុន 41 tnn_admin

ខេត្តព្រះសីហនុ៖ ឯកឧត្តម ឱម យុិនទៀង ទេសរដ្ឋមន្រ្តី ជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្ដម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងនឹងអំពើពុករលួយ នៅសាលាខេត្តព្រះសីហនុ មានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីការប្រឆាំងអំពើ ពុករលួយ ដើម្បីបន្តពង្រឹងអភិបាលកិច្ចល្អ ដែលរាជរដ្ឋាភិបាលបន្តអនុវត្តកែទម្រង់ក្នុងវិស័យសំខាន់ៗរួមមាន ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់កងកម្លាំងប្រដាប់អាវុធ គឺជាការឆ្លើយតប ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ផ្នែកនយោបាយ សេដ្ឋកិច្ច ក្នុងការដឹកនាំគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ធានានិរន្តរភាព នៃតួនាទីដំណើរការរដ្ឋបាលសាធារណៈ យកចិត្តទុកដាក់លើអត្ថប្រយោជន៍ជាស្នូល និងកសាងជាតិ។ ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ ដើម្បីបញ្ជ្រៀបការយល់ដឹងឲ្យបានកាន់តែទូលំទូលាយដល់មន្ត្រីរាជការគ្រប់លំដាប់ ថ្នាក់ មានថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គ ភាពជុំវិញខេត្ត ក្នុងការចូល រួមបង្ការ ទប់ស្កាត់ ពង្រឹងគណនេយ្យភាព និងពង្រឹងសមត្ថភាពស្ថាប័ន ការគាំទ្រនឹងការចូលរួមពីសាធារណជន វិស័យឯកជន និងការពង្រឹងការអនុវត្តច្បាប់ ។

ក្នុងនាមរដ្ឋបាលខេត្ត ធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្ដចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរ គឺ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យ ។ 

ឯកឧត្តម ឱម យុិនទៀង ទេសរដ្ឋមន្រ្តី ជាប្រធានអង្គភាពប្រឆាំងនឹងអំពើពុក រលួយបានធ្វើ បឋកថា ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តព្រះសីហនុ ។

ច្បាប់ ស្តីពីការប្រឆាំងអំពីពុករលួយមាន ១០ជំពូក និងមាន ៣១មាត្រា ។ ការផ្សព្វផ្សាយច្បាប់ប្រ ឆាំងអំពើពុករលួយ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ និងការគ្រប់គ្រងរដ្ឋ និងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គម ជាតិ និងការកាត់បន្ថយភាពក្រីក្រ ។

ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើ ពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយដោយមានការចូល រួម និងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ