ព្រឹតិ្តការណ៍ថ្មីៗ

គេចពីក្រុមក្មេងទំនើង បើកកង់៣ បញ្ច្រាស បុកម៉ូតូ បណ្តាលអោយបុរសម្នាក់របួសធ្ងន់

1 ខែ មុន 76 tnn_admin

ភ្នំពេញ  ៖ គ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងដោយ  បុរស២នាក់  ត្រូវក្មេងទំនើងមួយក្រុមជិះដេញតាមវាយ បានបើករ៉ឺម៉កកង់បីដឹកគ្នារត់គេចទាំងភ័យស្លន់ស្លោ ហើយបើក បញ្ច្រាសទិសកណ្ដាលផ្លូវ បែរជាត្រូវបានបុរសម្នាក់ បើកម៉ូតូ Smash Revo ស្របទិសក្នុងល្បឿនលឿនល្មម ទៅបុកចំកន្ទុយរ៉ឺម៉ក  ដួលអូសជិត២០ម៉ែត្រ បោកនឹងថ្នល់ ស្ដូកស្ដឹងកណ្ដាលផ្លូវ ចំណែកឯរ៉ឺម៉កកង់បី រេចង្កូតពេញផ្លូវបាស់កង់ម្ខាង រហូតទៅក្រឡាប់ផ្ងារជើងម្ខាងលើចិញ្ចើមផ្លូវ សង្កត់បុរសទាំង២នាក់នោះ  រងរបួសរលាត់ដៃរលាត់ជើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ  ភ្ញាក់ពីដំណេកនាំគ្នាចេញមកជួយសង្គ្រោះបឋម  ហើយបានឃាត់អ្នកបើកកង់បីបញ្ច្រាសនោះ  រួចរាយការណ៍ប្រាប់កម្លាំងល្បាត  ហៅរថយន្តសង្គ្រោះមកដឹក ម្ចាស់ម៉ូតូយកទៅសង្គ្រោះផងដែរ  ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើងកាលពីវេលាម៉ោង១១:៤០នាទីយប់  ជិតពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃពុធ  ទី៣១  ខែកក្កដា  ឆ្នាំ២០១៩នេះ  នៅចំណុចមុខអាជ្ញាធរ ទន្លេសាប លើកំណាត់ផ្លូវជាតិលេខ២  ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីបុរសទាំងពីរនាក់ ដែលបើកកង់បី បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគាត់មានគ្នាបីនាក់ ដោយម្នាក់ទៀតជិះម៉ូតូ  ហើយពូរបស់គាត់ ជាអ្នកបើករ៉ឺម៉កម៉ូតូកង់បីមួយគ្រឿង  កន្ទុយរ៉ឺម៉កស្លាកលេខភ្នំពេញ  1AS-3306 និងម៉ូតូសណ្ដោង  ម៉ាកឌ្រីសង់ស៊េរីចាស់  ពាក់ស្លាកលេខស្វាយរៀង  1A-4674 ដឹកគាត់ ចេញពីជួបជុំផឹកស៉ីជាមួយគ្នា  ធ្វើដំណើរតាមផ្លូវជាតិលេខ២  នៅពេលបានពាក់កណ្ដាលផ្លូវ ស្រាប់តែឃើញលេខមុខក្មេងស្ទាវមួយក្រុម មានគ្នា៧-៨នាក់  ជិះម៉ូតូ៤គ្រឿង  បានជិះដេញតាមពីក្រោយ  ហើយស្រែកយក ស្បែកជើង ដេញគប់ពួកគាត់  ទើបពួកគាត់ទាំង២នាក់ ចង់ឈប់តដៃវិញដែរ  តែឃើញដេញតាមពីក្រោយ មកកាន់តែកៀកហើយ និងប្រហែលក្មេងស្ទាវទាំងនោះ  មានអ្វីក្នុងដៃហើយ  បានជាហ៊ានវាយពួកគាត់ចាស់ៗ ដែលជាអ្នករត់កង់បីដូច្នេះ  ទើបពូគាត់ក៏បន្ថែមល្បឿន បើករត់មកដល់ស្តុប មុខវត្តចាក់អង្រែក្រោម ។

បុរសដែលជិះជាមួយបន្តថា  គាត់បានស្រែកប្រាប់ឲ្យពូរបស់គាត់បត់ឆ្វេង ទៅតាមផ្លូវ៣០ម៉ែត្រវិញ  បែរជាពូ ងាកមើលក្រោយ  ឃើញក្រុមក្មេងស្ទាវទាំងនោះនៅតាមមកទៀត  ក៏បន្ថែមល្បឿនបោះពួយ លឿន ស្លេវ  កប់ហ្គែលម៉ូតូសណ្ដោងរ៉ឺម៉កកង់បី បញ្ច្រាសទិសចរាចរណ៍  គេចពីត្បូងទៅជើងរហូតដល់ចំណុចកើតហេតុ  បំណងបើកឆ្លងចូលទៅគន្លងផ្លូវ ម្ខាងទៀត  បានកណ្ដាលផ្លូវ  ក៏ត្រូវបានបុរសម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាក Smash Revo ពណ៍ទឹកក្រូចលាយខ្មៅ Smash Revo ស្លាកលេខព្រះសីហនុ  1C-3127 ធ្វើដំណើរស្របទិសដៅផ្លូវត្រូវ ពីជើងទៅត្បូង  ក្នុងល្បឿនលឿនល្មម ចាប់ហ្រ្វាំងមិនទាន់  ព្រោះរ៉ឺម៉កបើកកប់ល្បឿន ទៅបុកចំកន្ទុយរ៉ឺម៉ក  បណ្ដាលឲ្យដួលអូសជិត២០ម៉ែត្រ បោកនឹងថ្នល់សន្លប់ស្ដូកស្ដឹងកណ្ដាលផ្លូវតែម្ដង ។

ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា  ចំណែកឯរ៉ឺម៉កកង់បី រេចង្កូតពេញផ្លូវបាស់កង់ម្ខាង រហូតទៅក្រឡាប់ផ្ងារជើងម្ខាងលើចិញ្ចើមផ្លូវ សង្កត់បុរសទាំង២នាក់នោះ  រងរបួសរលាត់ដៃរលាត់ជើង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិតនោះ  ភ្ញាក់ពីដំណេកនាំគ្នាចេញមកជួយសង្គ្រោះបឋម  ហើយបានឃាត់អ្នកបើកកង់បីបញ្ច្រាសនោះ  រួចរាយការណ៍ប្រាប់កម្លាំងល្បាត  ហៅរថយន្តសង្គ្រោះគ្លីនិកឯនជន  ហុងហាក់  មកដឹក ម្ចាស់ម៉ូតូយកទៅសង្គ្រោះផងដែរ  ។

បច្ចុប្បន្នក្រោយពីកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការបាញ់គំនូស  ទុកវាស់វែង  និងយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន  នៅស្នាក់ការប៉ុស្តិ៍ ដើម្បីរង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយទៀត៕ (អត្ថបទ និង រូបភាព ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!