ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសទទួលស្គាល់សមាសភាពគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥

6 ខែ មុន 5 តូ សុផល

ខេត្តព្រះសីហនុ:  នាព្រឹកថ្ងៃចន្ទ ១៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នៅសាលាខេត្ដព្រះសីហនុ បានរៀបចំពិធីប្រកាសទទួល ស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីលោក ជំទាវ ពុំ ចាន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពី ឯក ឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ខេត្ត មន្ត្រីរាជការ និងសមាជិកសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ ជាប្រធានគណៈកម្មការធិការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥) ដែលមានសមាជិក ១៣នាក់ និងសមាជិកបម្រុង ០២នាក់ ។
ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាដែលមានទំនុកចិត្ត តែងតាំងទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាក បាទកម្ពុជាខេត្ត និងបានប្តេជ្ញាចិត្តថា
១. ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។
២. យកចិត្តទុកដាក់ ប្រតិបត្តិតាមគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ពិសេសអនុសាសន៍ដឹកនាំរបស់សម្ដេចកិតិព្រឹត្ត បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមនកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ ។
៣. រក្សាសាមគ្គីភាពក្នុង ជួរគណៈកម្មាធិការសាខា និងទទួលយកនូវការប្រឹក្សាជាមួយគណៈកិត្តិយសសាខា ដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់ ។
៤. ដឹកនាំតម្រង់ទិសក្រុមប្រឹក្សាប្រតិបត្តិសាខា ស្របតាម យុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជាមានវិស័យស្នូល៤ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព ការថែទាំសុខភាពសហគមន៍ និងលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ។
៥. អនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នាឆ្នាំ២០៣០ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ឆ្នាំ២០២៥ ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ។
៦.អភិវឌ្ឍស្ថាប័នធនធាន ក្នុងការកៀរគរមូលនិធិពីសប្បុរជន ដើម្បីបម្រើការងារមនុស្សធម៌ និងការណែនាំអនុសាខាឱ្យបំពេញភារកិច្ចមនុស្សធម៌ ស្រប តាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ។
៧. ពង្រឹងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅមូល ដ្ឋាន គ្រឹះស្ថានសិក្សា ការងារមនុស្សធម៌ ។
៨. ពង្រឹង ពង្រីកសកម្មភាពយុវជនកាកបាទក្រហមនៅតាមគ្រឹះស្ថានសិក្សាក្នុងការងារមនុស្សធម៌ ។
៩. ផ្សព្វផ្សាយវិធានការត្រៀមបង្ការហានិភ័យនានា ដែលបង្កដោយគ្រោះធម្មជាតិ ត្រៀមជួយអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយ កើតឡើងទាន់ពេលវេលា ។
លោកជំទាវ ពុំ ចាន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹក រលឹក ការកោតសរសើរ និងថ្លែងអំណរគុណចំពោះគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងអាណត្តិចាស់ ដែលខិតខំសម្រេចបាននូវ សមិទ្ធិផលធំធេង ។ លោកជំទាវក៏បានពាំនាំអនុសាសន៍របស់សម្ដេចកិតិព្រឹទ្ធបណ្ឌិតដែលមានខ្លឹមសារថា ការរៀបចំ សមាសភាពរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា២៥ រាជធានី ខេត្ត ត្រូវមានការបត់បែន និងជាសិទ្ធិសម្រេច របស់គណៈកម្មាធិការសាខា ប៉ុន្តែត្រូវមាន ការចូលរួមពិគ្រោះ និងផ្ដល់យោបល់ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទ ក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឱ្យកាន់តែច្រើនជាងមុន ធ្វើឲ្យបានល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានឆ្ងាយជាងមុន ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ