ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ៖ ផ្តល់រង្វាន់លើកទឹកចិត្ត ៥០ម៉ឺនរៀល  បើចាប់បាន អ្នកឆក់ត្រី ខុសច្បាប់

2 ខែ មុន 31 tnn_admin

ភ្នំពេញ ​៖ រដ្ឋបាលខណ្ឌកំបូល បានប្រារព្ធពិធី វេទិកាសាធារណៈ​ក្រោមប្រធានបទ «ភូមិ-សង្កាត់ មានសុវត្ថិភាព ការងារអភិវ​ឌ្ឍន៍មូលដ្ឋាន និងការងារបរិស្ថាន-អនាម័យ»នៅបរិវេណ វត្តជ្លង់ម្លូ ស្ថិតក្នុង​ស​ង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអាទិត្យ ១២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី២​៨ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល លោក លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកវរសេនីយ៍ទោ ហង្ស មុនី អធិការខណ្ឌកំបូល និងមានការចូលរួមពី លោក-លោកស្រី អភិបាលរង សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយក ប្រធានការិយាល័យចំណុះ​​​​​​​​​​​​​​​​​​​ និងជំនាញខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។

​​​​​​​​​​​​​​​​​​នៅក្នុងវេទិកាសាធារណៈខាងលើនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បានលើកឡើង នូវ បញ្ហាប្រឈមនានា ដែលបាននឹ​ងកំពុងជួបប្រទះ រួមមាន ៖

បញ្ហាកង្វះទឹកស្អាតប្រើ បញ្ហាអគ្គិសនី បញ្ហាហេដ្ឋារចនាសម្ព័ន្ធ (មានផ្លូវអត់លូ) ការចាក់លុបប្រឡាយ  បញ្ហាការវាស់វែងដីធ្លី បញ្ហាគ្រឿងញៀន បញ្ហាក្មេងទំនើង ចោរកម្ម (គាស់ផ្ទះ លួច ឆក់)  បញ្ហារថយន្តដឹកដី និង ការនេសាទខុសច្បាស់(ឆក់ត្រី)។

លោកនាយប៉ុស្តិ៍ភ្លើងឆេះរទេះ តំណាងលោកវរសេនីយ៍ទោ ហង្សមុនី អធិការខណ្ឌកំ​បូល បានលើកឡើងថា ថ្វីបើខណ្ឌទើបតែបង្កើតថ្មី មិនទាន់មាន​កម្លាំងគ្រប់គ្រាន់ក្តី កម្លាំងរបស់លោកមានប្រចាំការស្ទើរតែ២៤ម៉ោង លើ២៤ម៉ោង សូមរាយការណ៍ ឬផ្តល់ព័ត៌មាន ប្រសិនបើឃើញមានបទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង និង បញ្ហាគ្រឿងញៀនជាដើម។

សង្កត់ធ្ងន់ ក្នុងវេទិការសាធារណៈ មុខប្រជាពលរដ្ឋយ៉ាងច្រើនកុះករ លោក ឃឹម ស៊ុនសូដា បានព្រមាន លោកចៅសង្កាត់ និងមេប៉ុស្តិ៍ទាំងអស់ ដែលនៅតែបណ្តែតបណ្តោយអោយរថយន្តដឹកដី ចរាចរ ខុសម៉ោងកំណត់ទៀត (ម៉ោង៨ព្រឹកដល់៤ល្ងាច)  និងចាត់ការតាមនិតិវិធីរដ្ឋបាលខណ្ឌហើយ សូមកុំលូកដៃយកលុយគេដើម្បីជាថ្នូរនិងការបិទបាំងមើលមិនឃើញ ប្រយ័ត្នតែគេថតបង្ហោះហ្វេសប៊ុកខ្មាសគេមិនខាន ។ អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវឃាត់រថយន្តដឹកដីត្រួតពិនិត្យ ដោះស៊ីផ្លេរ សារ៉ែន វាំងនន និងស្កត់ខ្មៅចេញអោយអស់ ហើយត្រូវត្រួតពិនិត្យមើលលើតៃកុងរថយន្តថាតើគ្រប់អាយុ ឬមានពាក់មីហើយឬនៅ។

លោកអភិបាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ (ឆក់)  ព្រោះនាំអោយដាច់ពូជត្រី ជាពិសេស នាំអោយគ្រោះថ្នាក់ដល់ខ្លួនឯង។ សមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើបញ្ហានេះ ជាការលើកទឹកចិត្ត ប្រសិនបើចាប់បាន អ្នកបំពានហ៊ាននេសាទខុសច្បាប់ (ឆក់)  លោកជូនរង្វាន់នូវថវិកា ៥០ ម៉ឺនរៀល។

សូមបញ្ជាក់ផងដែរថា នៅក្នុងវេទិការសាធារណៈទាំង៧សង្កាត់ ក្នុងខណ្ឌកំបូលកន្លងមក ​លោក​ ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានទទួលយករាល់សំណូមពរ និងសំណើរ ទាំងអស់ ដែលបងប្អូនប្រជាពលរដ្ឋបានលើកឡើង មក​ដោះស្រាយតាមលទ្ធភាពជាក់ស្តែង ហើយចំពោះបញ្ហាធំៗ លោកនឹ​ងឆ្លង​យោប​ល់ទៅ គណៈអភិបា​ល ប្រជុំសម្រេច និងឆ្លើយតបជូនជាក្រោយ។

ចំពោះសំណូមពរ ដែលមានទំហំទឹកប្រាក់ច្រើន ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងធ្វើរបាយការណ៍ដាក់ជូន អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំពិនិត្យ និងដោះស្រាយជូន ទៅតាមឋានុក្រម និងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ​ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ