ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី គណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកឈូកខេត្តកំពតសរុបចំនួន១២៣នាក់។
ក្នុងពិធីនេះដែរ មានការចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកឈូក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកមិនមែនជាសមាជិកគណៈកម្មាធិការគណបក្សស្រុក មេឃុំមិនមែនជាសមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធានការិយាល័យជុំវិញស្រុកមិនមែនជា សមាជិកគណៈកម្មាធិការគណបក្សស្រុក ស្មៀនឃុំ និងនាយប៉ុស្តិរដ្ឋបាលឃុំ សរុបចំនួន ១២៣នាក់ ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្ដម ជាវ តាយ បានលើកនូវចំណុចសំខាន់ៗពីការងារមួយចំនួនទាំងការងារបក្សនិងរដ្ឋបាលរួមមាន៖
សំណូមពរអោយអង្គពិធីនេះជាវេទិកាមានការចូលរួមមតិយោបល់លើកឡើងពីមន្ត្រីពាក់ព័ន្ធពីបញ្ហាផ្សេងៗក្នុងមូលដ្ឋានដើម្បីជំរុញរកដំណោះស្រាយនិងការអនុវត្តកែលំអអោយបានកាន់តែមានប្រសិទ្ធភាពថែមទៀត។
ឯកឧត្តមបានកោតសរសើរដល់មន្ត្រីដែលមានការយកចិត្តទុកដាក់លើការងារអភិវឌ្ឍន៍និងការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋបានល្អកន្លងមកស្របតាមកម្មវិធីនយោបាយគណបក្សក៏ដូចជាគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រី។
ពាក់ព័ន្ធការកសាងកម្លាំងនិងរៀបចំថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានឯកឧត្តមក៏បានបញ្ជាក់ថាត្រូវតែមានការកែប្រែនឹងនៅតែបន្តជំរុញនូវតម្លាភាពពិសេសចំពោះមន្ត្រីសកម្មការងារត្រូវតែមានការយកចិត្តទុកដាក់គិតគូរជាចាំបាច់ពិសេសទៀតនោះគឺការកសាងកម្លាំងបក្សក្នុងស្រទាប់យុវជនដែលជាអ្នកបន្តវេន។
ឯកឧត្តមប្រធានគណបក្សខេត្តក៏បានណែនាំដល់មន្ត្រីត្រូវបន្តរក្សាការសាមគ្គីភាពល្អនិងយកចិត្តទុកដាក់ជំរុញបង្កើនលើការងារអភិវឌ្ឍន៍មូលដ្ឋានដែលមានរដ្ឋបាលខេត្តចូលរួមជួយគាំទ្រ ក៏ដូចជាការងារបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋក៏ត្រូវតែមានការយកចិត្តទុកដាក់បន្ថែមទៀតជាពិសេសក្នុងនោះបញ្ហាពាក់ព័ន្ធដីធ្លីនិងសំណង់ក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់ជាសំខាន់ដោយមិនត្រូវទុកអូសបន្លាយបញ្ហានៅតែបន្តដដែលៗទៀតទេ។
ក្នុងឱកាសនេះដែរ ឯកឧត្តមប្រធាន បានឧបត្ថម្ភដល់ថវិកាសរុប ៥,៤៥០,០០០រៀល ដល់សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុក ឃុំ ចំនួន១០៩នាក់ ដោយម្នាក់ៗទទួលបានថវិកា ៥ម៉ឺនរៀល។
Tag: ជាវ តាយ