ព្រឹតិ្តការណ៍ថ្មីៗ

ហួសចិត្ត! បុរី «គឹម ធី» ជាង២០០ល្វែង សង់គ្មានច្បាប់ អាជ្ញាធរទើបនឹកឃើញចុះពិនិត្យ និងផ្អាកការសាងសង់

4 ខែ មុន 143 តូ សុផល

ភ្នំពេញ៖ រឿងដ៍ហួសចិត្ត ដែលមហាជនចំហរមាត់ធំៗ ជុំវិញ សំណង់ផ្ទះល្វែង «បុរី គឹម ធី» ចំនួន២០៩ល្វែង សាងសង់លេចរូបរាងទៅហើយត្រូវបាន អាជ្ញាធរខណ្ឌ ចុះពិនិត្យ និងរកឃើញថា គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ផ្អាកបណ្តោះអាសន្នសិន ដែលមានទីតាំង ស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទទួលបានការឯកភាព ពីលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ  លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងមន្រ្តីសាលាខណ្ឌ ដោយមានការចូលរួមពីមន្ត្រីភូមិបាលខណ្ឌ និងលោកប្រធានការិយាល័យបរិស្ថានខណ្ឌ ចុះត្រួតពិនិត្យ និងផ្អាកសកម្មភាពសាងសង់កាលពីវេលាម៉ោង៩ និង ៣០នាទី ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ព្រមទាំងបានធ្វើលិខិតផ្ញើទៅកាន់ម្ចាស់បុរី ដែលកំពុងស្ថិតនៅ ក្រៅប្រទេស បង្គាប់ឲ្យសុំច្បាប់ឲ្យបានត្រឹមត្រូវ សិនទើបអាចសាងសង់បន្តទៀតបាន។

លោក ប៉ាង លីដា បានថ្លែងថា សំណង់បុរីផ្ទះល្វែង «គឹម ធី» នេះមានចំនួន២០៩ល្វែង ដែលកំពុងដំណើរការសាងសង់ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ  តែមានផ្ទះល្វែងខ្លះសាងសង់ស្ទើរតែជិតរួចរាល់មួយរយភាគរយ ចំណែកឯល្វែងខ្លះទៀត សាងសង់បានសម្រេចប្រមាណពី៧០ ទៅ៨០ភាគ រយទៅហើយដែរ។

ការចុះផ្អាកសកម្មភាពសាងសង់ ជាបណ្ដោះអាសន្ននាពេលនេះ ក៏ព្រោះតែមានការសង្ស័យថា បុរី មួយនេះ ដំណើរការសាងសង់ ដោយពុំមាននច្បាប់អនុញ្ញាត ព្រោះអាជ្ញាធរមិនដែលបានដឹងពីមុនមកទាល់តែសោះ។

លោកអភិបាលរង បានបញ្ជាក់ថា «ក្រោយទទួលបានព័ត៌មានភ្លាម លោកអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចាត់ឲ្យខ្ញុំផ្ទាល់ដឹកនាំកម្លាំងមន្ត្រីសាលាខណ្ឌ មកត្រួតពិនិត្យមើលជាក់ស្ដែង ព្រមទាំងសាកសួរព័ត៌មានពីម្ចាស់បុរី ដើម្បីស្វែងរកឯកសារពាក់ព័ន្ធផ្សេងៗ ជាពិសេសច្បាប់អាជីវកម្ម និងច្បាប់សាងសង់តែម្ដង។ លុះពេលចុះទៅដល់ម្ចាស់បុរីនោះ ចេញទៅក្រៅប្រទេស បាត់ទៅហើយ ប៉ុន្តែបានជួបជាមួយតំណាងរបស់គាត់ ហើយឆ្លងតាមការពិនិត្យរកឃើញថា សំណង់ខាងលើគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ»។

អាជ្ញាធរ និងមន្រ្តីជំនាញ បានណែនាំឲ្យផ្អាកសកម្មភាពសាងសង់ជាបណ្ដោះអាសន្នសិន ដើម្បីសុំច្បាប់ឲ្យបានត្រឹមត្រូវសិន ទើបអនុញ្ញាតឲ្យសាងសង់បន្តទៀតបាន។ ក្នុងករណីមិនព្រមស្ដាប់តាម មិនព្រមផ្អាកនៅតែបន្តការសាងសង់ទាំងល្មើសនោះ អាជ្ញាធរខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់តែម្ដង៕

មហាជនមានការងឿងឆ្ងល់និងចោទជាសំនួរថា ខណៈពេលដែលបុរី ចាប់ផ្តើមបុកគ្រឹះដំបូង ម្តេច បានជាអាជ្ញាធរ ភូមិ និង សង្កាត់ មិនដឹង បណ្តោយអោយគេធ្វើជិតរួចរាល់ ទើបធ្លាយដំណឹងនេះ ដល់ថ្នាក់លើ ចុះពិនិត្យ ឬមួយខាងភូមិសង្កាត់ ពិតជាមិនដឹងមែន ឬមួយ ដឹងដែរ តែធ្វើមិនដឹង? ពលរដ្ឋថា អាជ្ញាធរភូមិ សង្កាត់ ពូកែដឹងណាស់ រឿងអីតិចតួចក៍មិនរំលងដែរ ដល់គេសង់ផ្ទះល្វែង ជាង២០០ល្វែងអត់មានច្បាប់  ពួកគាត់បែរជាមិនដឹងទៅវិញ។ពលរដ្ឋស្នើដល់ថ្នាក់លើ ជួយពិនិត្យមើលអាជ្ញារ ភូមិ សង្កាត់ និងមន្ត្រីក្រោមឳវាទ មួយចំនួនទៀតផង ក្រែងមានការពាក់ព័ន្ធនិងរឿងនេះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ