ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសផ្ទេរ សម្រួលភារកិច្ច និងចូល កាន់តំណែងប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ

4 ខែ មុន 81 តូ សុផល

ខេត្តព្រះសីហនុ : នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃសុក្រ ៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រី នៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះ សីហនុយ៉ាងច្រើនកុះករ ។

តាមប្រកាសស្ដីពីការផ្ទេរ សម្រួលភារកិច្ច មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនលេខ ២២៥ សក. បល. ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៩ សម្រេចផ្ទេរ សម្រួលភារកិច្ចលោក ណុបហេង ក្របខណ្ឌ ក ១.៥ ពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ឱ្យមកបម្រើការងារនៅទីស្ដីការក្រសួង ដើម្បីទទួលភារកិច្ចថ្មី ។ ផ្ទេរ សម្រួលភារកិច្ចលោក បូរី វង្សសានិត ក្របខណ្ឌ ក ៣.១ ពីអនុប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៃអគ្គនាយកដ្ឋានបច្ចេកទេស មកជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ បាន កោតសរសើរ វាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងរបស់លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុចាស់ ដែលកន្លងមកលោកបានខិតខំអនុវត្តការងារ សម្រេចបាននូវស្មាដៃក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា មានដូចជា ផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ ។ សូមឱ្យលោកប្រធានមន្ទីរថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយ សម្រេចបាននូវស្នាដៃធំៗបន្តទៀត និងអនុវត្តនូវអភិក្រមរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ ទទួលបានការអភិវឌ្ឍន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនចិន ជាហេតុធ្វើឱ្យខេត្តមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ។ ភាពរីកចម្រើននេះបានជំរុញឱ្យមានកំណើតប្រជាពលរដ្ឋមកពីតាមបណ្ដាខេត្ត ក្រុងផ្សេងៗមកធ្វើការ និងប្រកបរបររកស៊ីទៅតាមជំនាញ និងសមត្ថភាពដែលខ្លួនមាន ។ ខេត្តព្រះ សីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៩ ក្នុងនោះ៥ កំពុងតែដំណើរការ ដែល មានរោងចក្រ សហគ្រាសតូច ធំសរុបចំនួន ២១០កន្លែង សិប្បកម្មចំនួន ១.០៣៧កន្លែង និងអាជីវកម្មផ្សេងៗជាច្រើនទៀត បានស្រូបយកកម្លាំងពលកម្មប្រមាណជា ៨១.៤៧៥នាក់ ក្នុងនោះស្រីមានប្រមាណជា ៥០ភាគរយ ។

ឯកឧត្តម បានបន្តថា បច្ចុប្បន្នអ្នកវិនិយោគគិនចិន ស្ថិតក្នុងលំដាប់លេខ១ ដែលមកធ្វើការវិនិយោគ រកស៊ីក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន សំណង់ និងទេសចរណ៍ ។ ទន្ទឹមនោះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏មានការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ និងកំពុងដើរតួ ក្នុងការស្តុក ផ្ទេរ និងដឹកជញ្ជូនទំនិញជាកុងតឺន័រចេញ ចូលក្នុងប្រទេសប្រមាណជា ៧៣ភាគរយ ។ ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិ នាពេលបច្ចុប្បន្ន កំពុងប្រតិបត្តិការមានក្រុមហ៊ុនអាកាសចរណ៍ ចំនួន១៤ក្រុមហ៊ុន ក្នុងស្រុក ៥ក្រុមហ៊ុន (មានជើងហោះហើរ ៥ជើងក្នុងមួយថ្ងៃ) នឹងក្រុមហ៊ុនហោះហើរអន្តរជាតិមាន ៩ក្រុមហ៊ុន (ហោះហើរ ២៥ជើងក្នុងមួយថ្ងៃ) និងមានការហោះហើរជាអន្តរជាតិទៅកាន់ប្រទេសវៀតណាម, ម៉ាឡេស៊ី, ថៃ, ពិសេសប្រទេសចិន មានរហូត ២៥ទីក្រុង ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូនមានប្រសាសន៍ បានធ្វើការណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុថ្មី ត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត អនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឱ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យកាន់តែមានការ រីកចម្រើនបន្ថែមទៀត ៕ LSR
# រដ្ឋបាលខេត្តព្រះសីហនុ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ