ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចកំពុងស្វែងរកជនពាក់ព័ន្ធ ៩នាក់ផ្សេងទៀត ខណៈឈើខុសច្បាប់១៧០០ម៉ែត្រត្រីគុណ ត្រូវបានបង្រ្កាប និងរថយន្ត២៩បំផ្លាញចោល

2 ខែ មុន 97 តូ សុផល

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានថ្លែងថា ពេលនេះសមត្ថកិច្ចកំពុង តាមស្វែងរកជនសង្ស័យពាក់ព័ន្ធចំនួន ០៩នាក់ផ្សេងទៀត ខណៈដែលឈើខុសច្បាប់ចំនួន ១.៧០០ម៉ែត្រត្រីគុណ ត្រូវបង្ក្រាបបាន។

បើតាមលោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី គឺក្នុងប្រតិបត្តិការកន្លងមកនេះ សមត្ថកិច្ចបានឃាត់រថយន្តល្មើសជាង៤០គ្រឿង ដែលពាក់ព័ន្ធនឹងការដឹកឈើល្មើសច្បាប់ ហើយក្នុងនោះមានរថយន្តចំនួន២៩គ្រឿង ត្រូវបានបំផ្លាញផងដែរ។

ការលើកឡើងរបស់លោក អេង ហ៊ី ខាងលើនេះធ្វើឡើងនៅក្នុងវេទិកាសន្និសីទសារព័ត៌មាន ស្តីពី «វិធានការទប់ស្កាត់បទល្មើសព្រៃឈើ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់ក្រុមការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែង ទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ ។ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា កម្ពុជាជាប្រទេសអនុវត្តច្បាប់ ដូចនេះប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ទាំងអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ។

នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំបញ្ជាផ្ទាល់ដោយ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានបើកប្រតិបត្តិការក្តៅក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តភាគឦសានប្រទេស។ ក្នុងនោះឧកញ៉ា ស៊ឹង សំអុល មេឈ្មួញឈើល្បីឈ្មោះមួយរូបនៅកម្ពុជា រួមជាមួយបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានឃាត់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ដាក់ពន្ធនាគារផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ