ព្រឹតិ្តការណ៍ថ្មីៗ

ព្រឹកនេះ! ជនរងគ្រោះ ដែលលោក ហេង សុវណ្ណារ៉ា បាញ់មិនស្លាប់ ត្រូវតុលាការកោះហៅឲ្យចូលបំភ្លឺ

1 ខែ មុន 1210 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅ ជនរងគ្រោះ នៃអំពើប៉ុនប៉ងបាញ់សម្លាប់ពីសំណាក់លោកវរសេនីយ៍ ហេង សុវណ្ណារ៉ា ឲ្យចូលខ្លួនបំភ្លឺ។

យោងតាមដីកាកោះចុះថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៩ ជនរងគ្រោះមានឈ្មោះ សុង សូណា ត្រូវចូលឆ្លើយក្នុងនាមជា ដើមបណ្តឹងរដ្ឋប្បវេណី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣៩១៦ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។ 

សូមជម្រាបជូនថា លោកវរសេនីយ៍ ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវបានលោក លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាស្ន នៅពន្ធនាគាររាធានីភ្នំពេញ (PJ) កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៣៩២ “ន” ដ.ព.ស ក្រោមបទចោទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ 

គួររម្លឹកថា ជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីកណ្តាលយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនត្រូវចោទ ធ្វើឡើងបន្ទាប់ពី ជនត្រូវចោទបានប្រើប្រាស់ កាំភ្លើង AK ស្វាយបត់ បាញ់ចំនួន ១១គ្រាប់ ប៉ុនប៉ងសម្លាប់ ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍បាញ់បោះបង្កឡើងដោយជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា បានកើតឡើង នៅវេលាម៉ោង ម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

នៅមុនពេលកើតហេតុ ជនត្រូវចោទត្រូវគេឃើញ បានបើករថយន្តម៉ាកហុីយ៉ាន់ ស្តារ៉ិចព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេតុ មើលទៅទំនងជាស្រវឹងផង។

បន្តិចក្រោយមក ជនត្រូវចោទ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរងគ្រោះចំនួន ១១គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានព្យយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!