ព្រឹតិ្តការណ៍ថ្មីៗ

ទើបរៀបការថ្មីថ្មោង ប្តីហាមចុចទូរស័ព្ទលេង សម្រេចចិត្តចងកសម្លាប់ខ្លួន

4 ខែ មុន 78 តូ សុផល

ភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ទើបរៀបការហើយថ្លោងថ្មី អ្វីដែលមិននឹកស្មានដល់ ចិត្តមិនស្តាយស្រណោះនូវអាយុជីវិតខ្លួនឯង បន្ទាប់ពីអាក់អន់ចិត្ត រឿងប្តីហាម ចុចទូរស័ព្ទលេងហ្វេសប៊ុក ហ្គេម បែជាសម្រេចចិត្តបញ្ចប់ជីវិត ដោយចងកសម្លាប់ខ្លួន បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង១៥នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបន្ទប់ជួលលេខ១៧ ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីខាងលើមាន ឈ្មោះ ងឿន សុខលីដា អាយុ១៩ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានប្តីឈ្មោះ មុត សុខណា អាយុ២៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល កន្លែងកើតហេតុ មានស្រុកកំណើត ភូមិរបស់ខ្ទុម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ត កំពត ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ស្ត្រីរងគ្រោះ ទើបតែរៀបការ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ កន្លងមកថ្មីៗនេះទេ ដោយស្នាក់នៅក្នុងបន្ទប់ជួលខាងលើ ២គ្រួសារជុំគ្នា ហើយមុនកើតហេតុ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ យប់ជ្រៅទៅហើយ ស្ត្រីរងគ្រោះ នៅដេកចុចលេងទូរស័ព្ទ លេងហ្គេម ហ្វេសប៊ុក ហើយត្រូវបានប្តីហាមហើយហាមទៀត ប្រពន្ធមិនស្តាប់ គិតតែពីចុចៗ ក៏តឹងមាត់ដាក់គ្នាមួយប្រ៉ាវ ហើយចូលដេករៀងខ្លួន លុះមកដល់ព្រឹកថ្ងៃទី១៧នេះ ជនរងគ្រោះមិនទៅធ្វើការងារទេ ដោយប្រាប់បងប្អូន ប្តី ថាចង់ទៅស្រុក ហើយប្តី បងប្អូនក៏នាំគ្នាចេញទៅធ្វើការអស់ទៅ លុះដល់វេលាម៉ោង១១និង១៥នាទី ក្រុមគ្រួសារ បងប្អូន ប្តី ដើរមកដល់បន្ទប់ជួល រុញទ្វារចូល វ៉ាក់អើ ពុទ្ធោ ! នាងចងកសម្លាប់ខ្លួន ដោយយកក្រមារចង់ភ្ជាប់នឹងចម្រឹងដែកឡៅតឿ ស្រែកឆោឡោ នាំគ្នាស្រាយ កាត់ ក្រមាទម្លាក់ ចុះវិញ ក៏មិនអាចមានជីវិតឡើងវិញបានដែរ រាយការណ៍ប្រាប់ អាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ។

តាមសម្តីស្ត្រីឈ្មោះ សុខ សោភា អាយុ ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ត្រូវជាងបង ស្នាក់នៅបន្ទប់ជាមួយគ្នា បានឲ្យដឹងថា នាងមានបងប្អូនចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ប្អូនស្រីរងគ្រោះជាកូនទី៥ ។

តាមប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ សមុីខ្លួន ខាងស្រីមិនពេញចិត្ត រៀបការជាមួយ ប្តីឈ្មោះ មុត សុខណា ទេ តែដោយសារឪពុកម្តាយបង្ខំ ទើបរៀបការបំពេញមុខម្តាយទៅ ហើយការរស់នៅ រវាងប្តីប្រពន្ធ ភាគីប្រពន្ធក្និក្នក់ច្រើន មិនតម្រូវចិត្តប្តីឡើយ ក្រោយពីអន់ចិត្ត រឿងហាមចុចទូរស័ព្ទ រហូតដល់ សម្រេចបញ្ចប់ជីវិតបែបនេះ ។

សាកសពក្រោយពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ពិនិត្យកោសលវិច័យរួច ឃើញថាពិតជាស្លាប់ដោយធ្វើអត្តឃាត ដោយខ្លួនឯង រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ឯស្រុកកំណើត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ