ព្រឹតិ្តការណ៍ថ្មីៗ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) បានផ្ដល់ស្នាមញញឹមថ្មីជាលើកទី៣ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

4 ខែ មុន 20 tnn_admin

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ(TYDA) បានផ្ដល់ស្នាមញញឹមថ្មីជាលើកទី៣ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលតាមរយៈការបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួន ដោយពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជាង២ពាន់នាក់នៅលើទឹកដីឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ក្រោមវត្តមាន លោក វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយករតនាគារជាតិនិងជាប្រធានក្រុមការងារចុះជួយស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល និងលោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត តំណាងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ រួមទាំងក្រុមការងារចុះជួយស្រុកខ្សាច់កណ្ដាល ឃុំវិហារសួគ៌ អាជ្ញាធរ យុវជន និងប្រជាពលរដ្ឋប្រមាណជិត៣ពាន់នាក់។

លោក វង្ស ប៊ុនឥន្ទ្រាវុធ បានលើកឡើងថា រាជរដ្ឋាភិបាលបានខិតខំយកចិត្តទុកដាក់ចំពោះសុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយបង្ខិតសេវាសុខាភិបាលឲ្យកៀកនឹងប្រជាពលរដ្ឋ។ ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល។ លោកប្រធានក្រុមការងាររូបនេះក៏បានគោរពថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឲ្យក្រុមការងារនៃសមាគមTYDAចុះមកពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។

លោកវេជ្ជបណ្ឌិត ចាន់ សុភ័ស្ត បានលើកឡើងថាសកម្មភាពមនុស្សធម៌ចុះពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងស្រុកខ្សាច់កណ្ដាលនេះគឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងជាការណែនាំពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ដោយឲ្យក្រុមការងារចុះព្យាបាលប្រជាពលរដ្ឋដោយផ្ទាល់ប្រកបដោយទឹកចិត្តស្ម័គ្រចិត្តមនុស្សធម៌ ជំនាញ និងបេះដូង។

សូមបញ្ជាក់ថានេះជាលើកទី៣ ហើយដែលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយគិតថ្លៃនៅក្នុងស្រុកខ្សាច់កណ្ដាល ដែលលើកទី១នៅឃុំពុកឫស្សី បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួន៣១៤៦នាក់ លើកទី២ នៅឃុំព្រែកអំបិលបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួន២៩៥៤នាក់ និងលើកទី៣នេះ នៅឃុំវិហារសួគ៌បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួន២២៤៨នាក់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ