ព្រឹតិ្តការណ៍ថ្មីៗ

អធិការខណ្ឌកំបូល៖ ពលរដ្ឋ រាយការណ៍ប្រាប់ពី បទល្មើស ឈានដល់ការបង្ក្រាប ទទួលបានប្រាក់ឧត្ថមលើកទឹកចិត្ត!

2 ខែ មុន 241 tnn_admin

ភ្នំពេញ៖ លោកវរសេនីយ៍ទោ ហង្ស មុនី អធិការខណ្ឌកំបូល សុំការយោគយល់អាធ្យាស្រ័យពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ស្របពេលដែលខណ្ឌទើបបង្កើតថ្មី មិនទាន់កម្លាំងគ្រប់គ្រាន់ ក្នុងការបំរើ និងផ្តល់សេវាណាមួយមិនទាន់ពេលវេលា ប៉ុន្តែក្រោយពេល លោកទទួលបានកម្លាំង មានដូចជា ៖ អធិការរង ផ្នែក និងជំនាញផ្សេងៗពេញដៃហើយ លោកប្តេជ្ញា ខិតខំបំរើប្រជាពលរដ្ឋ អោយអស់ពីលទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ។

លោកអធិការ ក៍សុំកិច្ចសហការល្អពីពលរដ្ឋ ដោយហ៊ានរាយការណ៍ពីបទល្មើស ក្នុងមូលដ្ឋានដល់សមត្ថកិច្ច (ធានាការសម្ងាត់ជូន)។ ជាការលើកទឹកចិត្ត លោកអធិការ និងផ្តល់ប្រាក់រង្វាន់ ១០ និង ២០ម៉ឺរៀល ឬបន្ថែមលើសពីនេះទៀត សំរាប់ការផ្តល់ព័ត៌មាន ពីបទល្មើស អោយសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ការ បង្ក្រាប។

លោកអធិការសង្កត់ធ្ងន់ថា ការផ្តល់សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ គឺមិនមានបង់ប្រាក់ឡើយ សំរាប់បងប្អូនប្រជាពលរដ្ឋ ធ្វើ សៀវភៅស្នាក់នៅ និង សៀវភៅគ្រួសារ សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួន ទៅកាន់ប៉ុស្តិ៍នគរបាលដូចខាងក្រោម៖

សៀវភៅស្នាក់នៅ 

• សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
• អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
• សំបុត្រអាពាហ៍ពិពាហ៍ (បើមាន)
• លិខិតអនុញ្ញាតផ្លាស់ប្ដូរទីលំនៅ ពីនគរបាលប៉ុស្តិ៍រដ្ឋបាល ទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្ដូរទីកន្លែងរស់នៅ)។

សៀវភៅគ្រួសារ

• សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួន ទៅកាន់ប៉ុស្តិ៍នគរបាលដូចខាងក្រោម៖
• សៀវភៅស្នាក់នៅ
• សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
• អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
• សំបុត្រអាពាហ៍ពិពាហ៍

លោកអធិការ ថ្លែងបែបនេះ នារសៀលថ្ងៃអាទិត្យ ១៣កេីត ខែអាសាឍ ឆ្នាំកុរ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ក្នុងវេទិកាសាធារណៈ នៅវិទ្យាល័យ​ បឹងធំ​ សង្កាត់បឹងធំ​ ខណ្ឌកំបូល ក្រោមប្រធានបទ «ភូមិ-សង្កាត់ មានសុវត្ថិភាព ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបរិស្ថាន-អនាម័យ» ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងមានការចូលរួមពី លោក-លោកស្រីអភិបាលរង សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយក ប្រធានការិយាល័យចំណុះ និងជំនាញខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

បន្ថែមយោបល់របស់អ្នក

យោបល់