ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ៖ រាល់ឯកសារទាំងអស់ សូមកាន់ទៅសាលាខណ្ឌខ្លួនឯង កុំទុកចិត្តអ្នករត់ការខ្លាំងពេក!

1 ខែ មុន 167 តូ សុផល

ភ្នំពេញ៖ ក្រោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអំពាវនាវឲ្យប្រជាពលរដ្ឋរួមគ្នាជាមួយអាជ្ញាធរឃុំសង្កាត់ ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព សំដៅបង្ការ ទប់ស្កាត់ការចរាចរណ៍ និងសេពគ្រឿងញៀន ការជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារ និងគ្រោះថ្នាក់ចរាចរណ៍ នៅតាមមូលដ្ឋាន កាលពីព្រឹកថ្ងៃចន្ទ ១៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

នារសៀលថ្ងៃសៅរិ៍​ ១២​កេីត​ ខែអាសាឍ​ ឆ្នាំកុរ​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៩​ នេះ រដ្ឋបាលខណ្ឌកំបូល បានរៀបចំវេទិកាសាធារណៈ នៅសាលាសង្កាត់ប្រទះឡាង ក្រោមប្រធានបទ «ភូមិ-សង្កាត់ មានសុវត្ថិភាព ការងារអភិវឌ្ឍន៍មូលដ្ឋាន និងការងារបរិស្ថាន-អនាម័យ» ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោកវរសេនីយ៍ទោ ហង្ស មុនី អធិការខណ្ឌកំបូល និងមានការចូលរួមពី លោក-លោកស្រីអភិបាលរង អធិការខណ្ឌ សមាជិកក្រុមប្រឹក្សាខណ្ឌ គណៈនាយក ប្រធានការិយាល័យចំណុះ និងជំនាញខណ្ឌកំបូល ក្រុមប្រឹក្សាសង្កាត់ ប្រធានភូមិ និងប្រជាពលរដ្ឋប្រមាណ ៣៥០ នាក់ចូលរួម ។

នៅក្នុងវេទិកាសាធារណៈនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បានលើកឡើង នូវ បញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះ នូវការលំបាក ក្នុងភូមិសង្កាត់របស់ពួកគាត់ ក្នុងនោះក៏បានលើកឡើងនូវ សំណើរ សំនួរ និង សំណូមពរ ដើម្បីសុំឱ្យរដ្ឋបាលខណ្ឌ ពិនិត្យ និង ជួយដោះស្រាយ ទៅតាមលទ្ធភាពជាក់ស្តែង។

សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋភាគច្រើន គឺស្នើសុំឱ្យអាជ្ញាធរខណ្ឌ និង សង្កាត់ ជួយ លើបញ្ហាផ្គត់ផ្គង់អគ្គិសនី EDC បញ្ហាប្រព័ន្ធទឹកស្អាត  រៀបចំហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន ដូចជា កសាង ជួសជុល ផ្លូវតូចធំជាច្រើនខ្សែ ដាក់លូ កាយប្រឡាយ រំដោះជំនន់ទឹកភ្លៀង ដែលបានលិចលង់ផ្លូវ និងភូមិដ្ឋានមួយចំនួនក្នុងសង្កាត់ប្រទះឡាង ជាពិសេស ស្នើសុំប្រព័ន្ធទឹកស្អាត និង អគ្គិសនីប្រើប្រាស់អោយបានគ្រប់គ្រាន់ ហើយបញ្ហាដែលពលរដ្ឋទទូចដល់អាជ្ញាធរ និង សមត្ថកិច្ចជួយដោះស្រាយបញ្ហការចរាចរ ចែកចាយ ជួញដូរ ប្រើប្រាស់គ្រឿងញៀន ក្នុងមូលដ្ឋានពួកគាត់ផង។

លោកវរសេនីយ៍ទោ ហង្ស មុនី អធិការខណ្ឌកំបូល សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋផផង ដោយសារខណ្ឌទើបបង្កើតថ្មី មិនទាន់កម្លាំងគ្រប់  គ្រាន់ ក្រោយពេលទទួលបានកម្លាំងពេញដៃហើយ លោកប្តេជ្ញា ខិតខំបំរើប្រជាពលរដ្ឋ អោយបានល្អប្រសើរ។  

លោកអធិការ ក៍សុំកិច្ចសហការល្អពីពលរដ្ឋ ដោយហ៊ានរាយការណ៍ពីបទល្មើស ក្នុងមូលដ្ឋានដល់សមត្ថកិច្ច ផងដែរ។ ជាការលើកទឹកចិត្ត លោកអធិការ និងផ្តល់ប្រាក់រង្វាន់ ១០ និង ២០ម៉ឺរៀល  សំរាប់ការផ្តល់ព័ត៌មាន ពីបទល្មើស អោយសមត្ថកិច្ចស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់ការ បង្ក្រាប។ 

ជាការឆ្លើយតប លោក ឃឹម ស៊ុនសូដា បានទទួលយករាល់សំណូមពរ និងសំណើរ មកដោះស្រាយជាក់ស្តែង គឺរាល់ផ្លូវតូចធំទាំងឡាយដែលរងការខូចខាត មានសំបុកមាន់ រងការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះអាជ្ញាធរនឹងចុះទៅពិនិត្យ និងជួយជួសជុល ឈូសឆាយ ចាក់កំទេចថ្ម ជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ 

មួយវិញទៀត នឹងបើកយុទ្ធនាការ ប្តូរសៀវភៅគ្រួសារ តាមភូមិទៅតាមពេលវេលាជាក់ស្តែង ហើយក៏បន្តសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហា សំរាម បរិស្ថាន អនាម័យ ចរាចរ គ្រឿងញៀន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យភូមិសង្កាត់មានសុវត្ថិភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សង្កត់ធ្ងន់ ក្នុងវេទិការនោះ លោក ឃឹម ស៊ុនសូដា ៖ បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ជល់មាន់ បៀរអាប៉ោង ឬល្បែងភ្នាល់ផ្សេងៗ និង បញ្ហាគ្រឿងញៀន លោកអធិការ និង មេប៉ុស្តិ៍ទាំង៧ ត្រូវអង្កេតស្រាវជ្រាវឈានដល់ការបង្ក្រាប និងតាមដានសំណុំរឿងក្រោយចាប់បញ្ជូនទៅតុលាការ។

ដោយឡែក បញ្ហាបរិស្ថាន បំពុលបរិយាកាស លោកអភិបាល ស្នើអោយអភិបាលរងទទួលបន្ទុក ចៅសង្កាត់ និង មេភូមិចុះទៅពិនិត្យជាក់ស្តែង បើខាងរោងចក្រ ឬសិប្បកម្ម មិនអនុវត្តន៍តាមការណែនាំទេ គឺបិទចោលតែម្តង។

លោកអភិបាលរូបនេះ លើកទឹកចិត្តអោយបងប្អូនប្រជាពលរដ្ឋ ទាំង៧សង្កាត់ ក្នុងខណ្ឌកំបូល កាន់ឯកសារផ្ទាល់ដៃ ទៅសាលាខណ្ឌ ដោយការិយាល័យច្រកចេញចូលតែមួយ ចាំបំរើ បងប្អូនដោយក្តីរីករាយ ។ 

កិច្ចបញ្ចប់ លោកអភិបាល សុំការយោគយល់ផងដែរ ចំពោះសំណើរ និងសំណូមពរ ដែលមានទំហំទឹកប្រាក់ច្រើនៗ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌនិងធ្វើរបាយការណ៍ដាក់ជូន អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសុំពិនិត្យ និងដោះស្រាយជូន ទៅតាមឋានុក្រម និងផែនការអភិវឌ្ឍន៍រាជធានី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!