ព្រឹតិ្តការណ៍ថ្មីៗ

លោក ហ៊ុន ម៉ាណែត៖ ៖ ពលរដ្ឋល្អ គឺជាធនធាន សម្រាប់ប្រទេសជាតិ ពលរដ្ឋអាក្រក់ គឺជាបន្ទុករបស់សង្គម

3 ខែ មុន 20 tnn_admin

ខេត្តកំពង់ចាម ៖ លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ពុទ្ធិកបឋមសិក្សា និងសម្ពោធសមិទ្ធិផលនានា ក្នុងវត្តកែវមុនី ហៅវត្តថ្មី នៅឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ថ្ងៃសៅរ៍ ទី១៣ កក្កដា ២០១៩ បានថ្លែងថា៖ ពលរដ្ឋល្អ គឺជាធនធាន សម្រាប់ប្រទេសជាតិ ពលរដ្ឋអាក្រក់ គឺជាបន្ទុករបស់សង្គម  មានចំណេះដឹង មានសមត្ថភាព តែគ្មានគុណធម៌ សីលធម៌ គ្មានការអប់រំផ្លូវធម៌គឺបំផ្លាញជាតិ បំផ្លាញគ្រួសារ និងសង្គម។ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរយើងគឺផ្អែកទៅលើការអប់រំសីលធម៌ក្នុងផ្លូវសាសនា ប៉ុន្តែការអប់រំនេះ មិនចាំបាច់តែនៅក្នុងសាលានោះទេ គឺការបង្រៀនរបស់ព្រះសង្ឃ ការបង្រៀនប្រៀនប្រដៅរបស់ឪពុកម្ដាយចំពោះកូននៅក្នុងគ្រួសារ គឺអប់រំឱ្យចេះរស់នៅមានអាកប្បកិរិយាប្រកបដោយសីលធម៌ និងការគោរពគ្នា។ ជាក់ស្ដែងការដឹកនាំនៅក្នុងរបប លន់ នល់ របបប៉ុលពត បានបំផ្លាញប្រទេស សម្លាប់ប្រជាជន ធ្វើឲ្យប្រទេសដើរថយក្រោយ ដោយសារការដឹកនាំមិនមានធម៌នៅក្នុងខ្លួន ផ្ទុយទៅវិញចាប់តាំងពីឆ្នាំ១៩៧៩ មកដល់សព្វថ្ងៃនេះ ការដឹកនាំប្រទេសគឺធ្វើយ៉ាងណាឲ្យប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព មានជីវភាពរស់នៅធូធារ បំពេញសេចក្តីត្រូវការ បម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អ។ នេះហើយគឺជាការដឹកនាំប្រទេសដោយធម៌ ដែលជាគោលគំនិតរបស់រាជរដ្ឋាភិបាល។

លោក បន្តថា សព្វថ្ងៃប្រទេសយើងមានលំនឹង ប្រជាពលរដ្ឋលែងព្រួយបារម្ភពីសង្គ្រាម លែងលំបាកដូចមុន ប្រទេសជាតិមានភាពសម្បូរសប្បាយ មានភាពសុខដុមរមនា។ ដូច្នេះអ្វីដែលយើងត្រូវធ្វើបន្ត គឺថែរក្សាសមិទ្ធផលដែលយើងមានថែរក្សាសុខសន្តិភាព ហើយយើងបន្តចូលរួមកសាងសមិទ្ធផលជាបន្តទៀតពីសំណាក់ព្រះសង្ឃ គណៈ:កម្មាការអាចារ្យវត្ត សប្បុរសជនជិតឆ្ងាយ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ព្រោះថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មិនដែលស្កប់នូវអ្វីដែលយើងមាននោះទេ មិនដែលស្កប់នូវអ្វីដែលយើងបានផ្ដល់ឲ្យប្រជាជននោះទេ គឺយើងផ្តល់ឲ្យបានច្រើនតទៅទៀត។

យើងរួមគ្នាកសាងប្រទេសយើងឲ្យក្លាយជាទឹកដីមាសទឹកដីប្រាក់។ សូមបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាល និងជឿថាគ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ គ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរនោះទេ ពេលខ្មែរវាយគ្នាបរទេសគេអង្គុយសើច បើយើងមិនចេះរួបរួមគ្នា យើងនឹងវេទនា។ សូមប្រជាពលរដ្ឋជឿចុះថ្នាក់ដឹកនាំបច្ចុប្បន្នគឺបានបញ្ចប់សង្គ្រាម និងរូបរួមគ្នាខ្មែរដើម្បីខ្មែរ។ មួយទៀតសូមឱ្យប្រជាពលរដ្ឋកុំទៅចូលរួមសកម្មភាពទាំងឡាយណាដែលខុសច្បាប់បំផ្លាញសុខសន្តិភាព ស្ថេរភាព។ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាពជាមួយរាជរដ្ឋាភិបាល និងធ្វើអ្វីៗដើម្បីភាពសម្បូរសប្បាយសម្រាប់ភូមិស្រុកយើង។

យើងកសាងសមិទ្ធផលរួមគ្នា ទោះបីបានតិចបានច្រើនយើងគួរតែមានមោទនភាពនូវសមិទ្ធផលថ្មីៗ ដើម្បីជានិមិត្តរូបនៃការវិវត្តន៍សមិទ្ធផលនៅក្នុងភូមិឃុំស្រុកសម្រាប់កូនចៅជំនាន់ក្រោយដើម្បីបំពេញតម្រូវការនៃកំណើនប្រជាពលរដ្ឋ។ នេះគឺជាការយកចិត្តទុកដាក់ ការដោះស្រាយជីវភាព និងសេចក្តីត្រូវការប្រជាពលរដ្ឋរបស់រាជរដ្ឋាភិបាល។

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ