ព្រឹតិ្តការណ៍ថ្មីៗ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យប្រទេសមួយនេះ ក្លាយជាប្រទេស សម្បូរសប្បាយ និងមានជីវភាពធូរធារ

2 ខែ មុន 68 tnn_admin

ខេត្តស្វាយរៀង៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក អញ្ជើញក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាពឈើទាល ស្ថិតក្នុងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថ្ងៃសុក្រទី១២ ខែកក្កដា ឆ្នាំ ២០១៩ បានថ្លែងថា៖ គោលការណ៍របស់រាជរដ្ឋាភិបាលថ្នាក់ដឹកនាំជាតិ គឺធ្វើយ៉ាងណាឲ្យប្រទេសមួយនេះ ក្លាយជាប្រទេសម្បូរសប្បាយ ប្រទេសមួយដែលមានសេចក្តីសុខ ឲ្យប្រជាជនរស់នៅមានសេចក្តីសុខ មានជីវភាពធូរធារ ។ យើងជោគជ័យហើយដែលយើងរួចផុតពីរបបប៉ុលពត ឲ្យយើងខិតខំកសាងប្រទេសតាំងពីដំណាក់កាលដ៏លំបាកហើយយើងបានសុខសន្តិភាព និងការអភិវឌ្ឍមកដល់ពេលបច្ចុប្បន្ននេះ។ ប្រជាពលរដ្ឋត្រូវការអភិវឌ្ឍដូចបច្ចុប្បន្ននេះ យើងមានវិនិយោគគិនមកពីក្រៅប្រទេស កូនចៅប្រជាពលរដ្ឋមានឱកាសរៀនសូត្រគ្រប់កន្លែង រាជរដ្ឋាភិបាលបង្កើតឱកាសការងារទាំងរដ្ឋ និងឯកជនដល់កូនចៅប្រជាពលរដ្ឋ។ លើសពីនេះរាជរដ្ឋាភិបាលបានខិតខំដោះស្រាយតម្រូវការរបស់ប្រជាពលរដ្ឋដែលមានចំនួនកាន់តែកើនឡើង។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា អ្វីដែលសំខាន់គឺប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅតែឈរលើជំហរមួយ គឺដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រឱ្យ គណបក្សប្រជាជនកម្ពុជា ឲ្យសម្តេចជួយដឹកនាំប្រទេស ឲ្យរដ្ឋាភិបាលមានឱកាសដឹកនាំបម្រើប្រជាពលរដ្ឋ គឺយើងនៅតែខិតខំបម្រើប្រជាពលរដ្ឋបន្តទៅទៀត។ នេះគឺជាគោលការណ៍ដាច់ខាតមួយ សូមលោកយាយលោកតាប្រជាពលរដ្ឋជឿទុកចិត្តចុះ គណបក្សប្រជាជនកម្ពុជាមិនចោលប្រជាជននោះទេ ទោះបីមានអ្នកនយោបាយខ្លះទៅស្រែកឲ្យបរទេសដាក់ទណ្ឌកម្មធ្វើបាបខ្មែរ ប៉ុន្តែប្រជាពលរដ្ឋត្រូវការសុខសន្តិភាព សេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែទៅមុខ។ សុខសន្តិភាពយើងរក្សាបានគឺទាល់តែប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពដែលយើងកំពុងមាន ដែលផ្ដោតលើការកសាងជីវភាពកុំចាញ់ការញុះញង់របស់ខាងណាទាំងអស់។

លោកឧត្តមសេនីយ៍ បន្ថែមទៀតថា យើងបានខិតខំដោះស្រាយ អភិវឌ្ឍ និងបង្ខិតសាលារៀន ស្ពាន វត្តអារាម មន្ទីរពេទ្យ អគ្គិសនី រុញសេវា ប្រកបដោយគុណភាពឲ្យកៀកប្រជាពលរដ្ឋគ្រប់២៥ខេត្តក្រុង នេះជាតួនាទីរបស់ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន ទោះលោកមិនបានចុះមកផ្ទាល់នៅថ្ងៃនេះ ក៏លោកនៅតែធ្វើការតាមរយ:ក្រុមការងារផ្សេងៗដើម្បីពិនិត្យទៅលើកង្វះខាតទាំងនោះ។ យើងដោះស្រាយជាង៤០ឆ្នាំហើយប៉ុន្តែមិនមិនទាន់ចប់ទេយើងនៅតែបន្តដោះស្រាយជូនតម្រូវការជូនប្រជាពលរដ្ឋ នឹងរក្សាសុខសន្តិភាពជូនកូនចៅប្រជាពលរដ្ឋជំនាន់ក្រោយកុំឲ្យលំបាកដូចមុនដរាបណាសម្តេចតេជោ ហ៊ុន សែន នៅដឹកនាំប្រទេស។

លោកឧត្តមសេនីយ៍ ថ្លែងអំណរគុណចំពោះប្រជាជនកូរ៉េតាមរយ: Rotary Club សប្បុរសជន និងក្រុមការងារថ្នាក់ជាតិចុះជួយឃុំឈើទាលដែលធ្វើឲ្យ ឃុំឈើទាល ស្រុកស្វាយជ្រំនេះមានមណ្ឌលសុខភាពដ៏ធំស្កឹមស្កៃបែបនេះ ប្រែក្លាយជាកន្លែងដាច់ស្រយាលទៅជាកន្លែងមួយមានមន្ទីរពេទ្យដើម្បីបម្រើសេវ៉ាជួយសង្រ្គោះជំងឺទូទៅតាមតម្រូវការបស់ប្រជាពលរដ្ឋ ដែលនេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋនៅក្នុងឃុំឈើទាល ស្រុកស្វាយជ្រុំ និងក៏សូមអរគុណដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ។

ប្រជាជនកូរ៉េ បានចាប់អារម្មណ៏លើប្រទេសកម្ពុជាគឺទីមួយដោយសារប្រទេសយើងជាប្រទេសដែលតស៊ូងើបពីសង្រ្គាម និងទីពីរ គឺប្រជាពលរដ្ឋយើងល្អ ខិតខំប្រឹងប្រែងទាំងបាតដៃទទេ ហើយអ្វីដែលសំខាន់គឺការផ្តល់លទ្ធភាពក្នុងការកសាងប្រទេស។ ដូចនេះបានជារាជរដ្ឋាភិបាលកូរ៉េដើរតួនាទីយ៉ាងសំខាន់ទាំងការចូលក្នុងការវិនិយោគក្នុងវិស័យឯកជន និងសង្គមស៊ីវិលជួយដល់ប្រជាពលរដ្ឋ ហើយក៏សង្ឃឹមថាភាគីមិត្តនៅតែបន្តជួយ ក្នុងការអភិវឌ្ឍប្រទេសជាតិមួយនេះបន្ថែមទៀត ដើម្បីការងារមនុស្សជាតិទាំងមូល ការងារមនុស្សជាតិមិនថាជាខ្មែរ មិនថាជាជនជាតិកូរ៉េ មិនថាប្រទេសណាទេ គឺសុទ្ធសឹងតែជាជនជាតិតែមួយ ប្រជាជនតែមួយ មនុស្សលោកតែមួយ។ ទ្រឹស្តីនេះគឺល្អណាស់ ហើយ ប្រទេសកម្ពុជារបស់យើងក៏មានភ័ព្វសំណាងដែលបានចាកចេញផុតពីភ្លើងសង្រ្គាម។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ