ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត! ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ត្រូវតុលាការខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសព្រៃឈើ និងជាប់ចោទ៤ បទល្មើស

3 ថ្ងៃ មុន 44 tnn_admin

ខេត្តមណ្ឌលគិរី៖ អ្នកធ្វើអំពើល្អ អ្នកទទួលបាននូវកុសល អ្នកសាងអំពើបាប អ្នកទទួលបាននូវ អកុសល អ្នកសាងនូវខ្យល់ ប្រមូលផ្តុំនូវព្យុះសង្ឃរា។ ទីបំផុត ឧកញ៉ា ស៊ឹង សំអុល ជំនាញខាងញៀននិងបំផ្លាញព្រៃឈើ ធនធានធម្មជាតិដ៏មានតំលៃរបស់ជាតិ ត្រូវបានអ្នកថែរក្សាព្រៃឈើដាក់បណ្តាសារ ឈានដល់ជាប់ខ្នោះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងចូលដេកគុកបណ្តោះអាសន្ន ហើយនារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលគ្មានម៉ាសុឺន ត្រជាក់ និងនារីឆ្វេងស្តា កំដរដូចគ្រាកន្លងទៅ លោកធ្លាប់ចាយលុយបានមកដោយអំពើទុច្ចរិត។

សមត្ថកិច្ចបានអោយដឹងថា៖ ឧកញ៉ា ស៊ឹង សំអុល និងបក្ខពួក ដែលរងនូវការចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរីនោះ ត្រូវបានចៅក្រមសាលាដំបូងខេត្តមួយនេះ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះហើយ។

ករណីនេះលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី និងជា មន្រ្តីអ្នកនាំពាក្យបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ ជនជាប់ចោទ ស៊ឹង សំអុល និងបក្ខពួក ត្រូវបានចោទប្រកាន់ ចំនួន ៤បទល្មើស ពាក់ព័ន្ធបទល្មើសព្រៃឈើ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ នៅខេត្តមណ្ឌលគិរី ដោយចាប់ខ្លួនមនុស្ស៤នាក់ ក្នុងនោះមានឧកញ៉ា ស៊ឹង សំអុល ប្រធានក្រុមហ៊ុន មេការ២នាក់ និងអ្នកបើករថយន្តម្នាក់ ព្រមទាំងដកហូតរថយន្ដជាង ៤០គ្រឿងផងដែរ។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ បានកើងមានឡើងបន្ទាប់ពីគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានសម្រេចដាក់ចេញនូវវិធានការថ្មីៗបន្ថែមទៀត ដើម្បីរឹតបន្តឹងច្បាប់ឲ្យបានតឹងរ៉ឹង និងសម្រេចឲ្យមានការបំផ្លាញចោលមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ នៅនឹងកន្លែងតែម្តង។

រថយន្តដឹកឈើល្មើសច្បាប់ចំនួន ៤គ្រឿង ដែលរកឃើញនៅក្នុងព្រៃជ្រៅ ពិបាកក្នុងការនាំចេញមកក្រៅវិញនោះ ត្រូវបានកម្លាំងគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាឲ្យធ្វើការកម្ទេចចោលនៅនឹងកន្លែងតែម្តង។

នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានចេញមកប្រកាសខ្លាំងៗ ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត របស់ជនទាំងឡាយណា រួមទាំងអ្នកសារព័ត៌មានផងនោះ ដែលហ៊ានចេញមករារាំងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលកំពុងតែអនុវត្តនៅពេលនេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ពីចំណាត់ការដ៏ធ្ងន់ធ្ងរ ដោយសារតែជាការទទួលខុសត្រូវ ចំពោះប្រទេសជាតិ និងប្រជាជនក្រោមបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានបញ្ជាក់អំពីប្រតិបត្តិការបាញ់កម្ទេចចោល ចំពោះជនល្មើស និងឧក្រិដ្ឋជនព្រៃឈើ ដែលមានអាវុធក្នុងដៃ ហើយបាញ់ប្រហារមកលើកងកម្លាំងសមត្ថកិច្ច ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ។

ចំណាត់ការដ៏តឹងតែង ដោយនាយឧត្តមសេនីយ៍ សៅ សុខា ពិតជាទទួលបានការគាំទ្រពីមជ្ឈដ្ឋានមហាជន និងសំណូមពរអោយស្វែងរក ស្រាវជ្រាវបន្តរកនូវជនប្រព្រឹត្តបទល្មើសទាំងនេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ ចិន្តា

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!