ព្រឹតិ្តការណ៍ថ្មីៗ

កម្មវិធីឈ្វេងយល់បុណ្យអាសាឡ្ហ បូជាត្រូវបានប្រារព្ធឡើងលើកដំបូង ដែលនៅខេត្តសៀមរាប

1 សប្តាហ៍ មុន 20 tnn_admin

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៩ នៅឧបដ្ឋានសាលាវត្តរាជបូណ៌ក្រុងសៀមរាប ខេត្តសៀមរាប ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងក្រុមហ៊ុនផ្កាឈូក សហការជាមួយ សហការជាមួយសាលាគណខេត្ត រដ្ឋបាលខេត្ត មន្ទីរធម្មការនិងសាសនាខេត្ត ពុទ្ធិកវិទ្យាល័យរាជបូណ៌ ព្រមទាំងសមាគមជីវិតនិងក្តីសង្ឃឹម បានរៀបចំកម្មវិធី «ឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជា» ដើម្បីបញ្ជ្រៀបការយល់ដឹងដល់ពុទ្ធសាសនិក លើវិស័យព្រះពុទ្ធសាសនា ក្រោមព្រះអធិបតីភាព ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរៈសភាសង្ឃ និងជាព្រះចៅអធិការវត្តរាជបូណ៌ និងព្រះវត្តមាន ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្ត ព្រមទាំងព្រះថេរានុត្ថេរៈជាច្រើនអង្គ និងវត្តមានដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ថ្នាក់ដឹកនាំមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្ត សិស្សានុសិស្ស និងប្រជាពុទ្ឋបរិស័ទ ប្រមាណជាង៧០០អង្គ នាក់ ដោយមានការយាងនិមន្ត ពីសំណាក់ព្រះសង្ឃ ព្រមទាំងអ្នកជំនាញពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងមានអ្នកជំនាញផ្នែកពុទ្ធចក្រនិងអាណាចក្រល្បីៗជាវាគ្មិនផងដែរ ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ គាំទ្រនិងចាត់ទុកសកម្មភាពទាំងនេះ បង្ហាញអំពីព្រះទ័យ និងទឹកចិត្តដ៏ល្អ និង ជាគំរូរបស់ព្រះតេជគុណ ព្រះថេរានុត្ថេរៈ ពុទ្ធបរិស័ទទាំងអស់ ដែលជាអ្នកស្រឡាញ់ព្រះពុទ្ធសាសនា ក្នុងការលើកតម្លៃលើគុណធម៌ និងជនជាទីសក្ការៈធំធេងចំពោះជាតិ និងសាសនា ក្នុងបំណងពង្រឹង និងលើកកម្ពស់សាសនាព្រះពុទ្ធឲ្យបានរីកចម្រើនខ្លាំងក្លា តាមពុទ្ធប្បញ្ញត្តិ និង ព្រះពុទ្ធោវាទសំដៅធ្វើការអភិរក្ស និងអភិវឌ្ឍន៍នូវសាសនាជារបស់រដ្ឋយើងនេះសម្រាប់ជាគ្រឿងអប់រំចរិយាធម៌ និង ការធានានូវសាមគ្គីភាពប្រជាជាតិ ដោយហេតុថាមូលធន នៃព្រះពុទ្ធសាសនាគឺជាកម្លាំងដ៏ចំបាច់របស់ប្រទេស ស្របតាមឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីអភិវឌ្ឍន៍សង្គមជាតិមួយប្រកបដោយសុខសន្តិភាព សុខដុមរមនា និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា កម្ពុជា ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ដូចជាផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ ស្រះទឹក អណ្តូងទឹក ព្រះវិហារ ឧបដា្ឋនសាលា សេនាសនៈ និងពិធីសាសនា ត្រូវបានអភិវឌ្ឍន៍ឡើងវិញយ៉ាងឆាប់រហ័សគួរនឹកស្មានពុំដល់ពិសេសព្រះពុទ្ធសាសនា ត្រូវបានកំណត់ក្នុងរដ្ឋធម្មនុញ្ញថាជា «សាសនារបស់រដ្ឋ» ។ លើសពីនេះ វិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនជាបន្តបន្ទាប់ ដោយសព្វថ្ងៃយើងមានសាលាធម្មវិន័យ ចាប់តាំងពីថ្នាក់ត្រី ថ្នាក់ទោ ថ្នាក់ឯក និងសាលាពុទ្ធិកសិក្សាបឋមសិក្សា រហូតដល់ពុទ្ធិកវិទ្យាល័យ និង មានពុទ្ធិកសាកលវិទ្យាល័យថែមទៀតផង។ ប្រការទាំងនេះ បញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការគាំទ្រ គាំពារ និងឧបត្ថម្ភគ្រប់បែបយ៉ាងដល់ពុទ្ធសាសនិក និងព្រះតេជគុណ ព្រថេរានុត្ថេរៈគ្រប់ព្រះអង្គ។

ឯកឧត្តម ទៀ សីហា បានស្នើ និង សំណូមពរដល់ក្រុមហ៊ុនផ្កាឈូកសហការជាមួយ សាលាគណៈខេត្តសៀមរាប សូមបន្តឲ្យមានកម្មវិធីឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានៅឆ្នាំក្រោយៗទៀត ដើម្បីជាលំអានសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយរបស់យើង បានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីគុណតម្លៃនៃព្រះពុទ្ឋសាសនាដែលជាសានារបស់រដ្ឋ។ បើតាមការពន្យល់ខ្លះៗរបស់ វាគ្មិនសំខាន់ៗ នាឱកាសនោះ បានលើកឡើងថា បុណ្យអាសាឡ្ហបូជា ជាទិវាដ៍នក្ខត្តឬក្ស ដើម្បីរំលឹកដល់ថ្ងៃខួប នៃការចុះចាប់បដិសន្ធិ គម្រប់ខួប២៦៤៣ឆ្នាំ ខួបចេញសាងព្រះផ្នួស គម្រប់ខួប២៦១៤ឆ្នាំ ខួបសម្តែងបឋមទេសនា និង កំណើតព្រះសង្ឃ ព្រមទាំងការសម្តែងយមកប្បាដិហារ្យ គម្រប់២៦០៨ឆ្នាំ របស់ព្រះសម្មាសម្ពុទ្ឋបរមគ្រូនៃយើង។ជាធម្មតារៀងរាល់ឆ្នាំក្នុងថ្ងៃ១៥កើត ខែអាសាឍ ប្រជាពុទ្ធបរិស័ទខ្មែរតែងតែធ្វើដំណើរទៅវត្តអារាមណានីមួយ ដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយផ្កាភ្ញី ធ្វើបទនមស្ការព្រះរតនត្រៃ ស្តាប់ធម្មទេសនា ព្រមទាំងនាំយកនូវសំពត់សាដក និងទេយ្យវត្ថុផ្សេងៗ ដើម្បីប្រគេនព្រះសង្ឃក្នុងឱកាសចូលព្រះវស្សាជាដើម ។ ការប្រារព្ធពិធី ឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជានេះ នឹងធ្វើឡើង ដើម្បីបញ្ជ្រៀបនូវទស្សនយ៉ាងសំខាន់នេះ នឹងអាចដាក់បញ្ចូលជាបុណ្យសាសនា ដូចបុណ្យសាសនាផ្សេងទៀតទៅថ្ងៃអនាគតផងដែរ។ ពីព្រោះខ្លឹមសារនៃបុណ្យអាសាឡ្ហបូជា មានសារៈសំខាន់ ដើម្បីឲ្យពុទ្ធបរស័ទបានឱ្យដឹងកាន់តែច្បាស់ពីសាសនារបស់ព្រះពុទ្ធ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!