ព្រឹតិ្តការណ៍ថ្មីៗ

កង់បីឥណ្ឌាដឹកភ្ញៀវប្រុសស្រី​ ឆ្លងកាត់ផ្លូវបំបែកជាបួន​ ត្រូវយុវជន២នាក់ ជិះទៅបុកក្រឡាប់ផ្ងារជើង ធ្លាក់ថ្នាំញៀន១កញ្ចប់​ និងរបួសធ្ងន់ស្រាល​៥នាក់​

5 ខែ មុន 42 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់បើកកង់បីឥណ្ឌាមួយគ្រឿង​ ដឹកភ្ញៀវប្រុសស្រី២នាក់ ក្នុងល្បឿនលឿនល្មមឆ្លងកាត់ផ្លូវបំបែកជាបួន​ ត្រូវបានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ ទៅបុកចំពីចំហៀងខាងស្ដាំ បណ្តាលក្រឡាប់ផ្ងារជើងម្ខាង​សង្កត់ម្ចាស់កង់បី​ រួមទាំងភ្ញៀវ២នាក់ របួសបែកមាត់​បាក់ធ្មេញ​ ហូរឈាមជោកខ្លួន​ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិក​ឯកជន និងម្ចាស់កង់បីរបួស​ត្រូវចង្កេះ និងយុវជនទាំង២នាក់​ រងរបួស​រលាត់ដៃរលាត់ជើង​ ត្រូវបានអ្នកឃើញហេតុការណ៍​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។ 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:១៨នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃពុធ​ ទី១០ ខែកក្កដា​​​ ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវបំបែកជាបួន​ លេីផ្លូវ៣៣៨​ កែងផ្លូវ១៩៩ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ បេីកកង់បីឥណ្ឌាមួយគ្រឿង​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 1HL-5334 ធ្វេីដំណើរតាមផ្លូវ​១៩៩ ទិសដៅពីជើងមកត្បូង​ ក្នុងល្បឿនធម្មតា​ លុះមកដល់ចំណុចផ្លូវបំបែកជាបួន​ ដែលជាកន្លែងកើតហេតុ​ ខណៈពេលកំពុងឆ្លងកាត់ផ្លូវបំបែកជាបួន​ ស្រាប់តែត្រូវបានយុវជន២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GT-6060 ឌុបគ្នា​ ក្នុងល្បឿនយ៉ាងលឿន​ បានទៅបុកចំពីចំហៀងខាងស្ដាំ បណ្តាលក្រឡាប់ផ្ងាជេីងម្ខាង​សង្កត់ម្ចាស់កង់បី​ រួមទាំងភ្ញៀវ២នាក់ របួសបែកមាត់​បាក់ធ្មេញ​ ហូរឈាមជោកខ្លួន​ ត្រូវបានរថយន្តមន្ទីរសម្រាកព្យាបាល​ ហុងហាក់​ មកដឹកទៅសង្គ្រោះ និងម្ចាស់កង់បីរបួស​ត្រូវចង្កេះ និងយុវជនទាំង២នាក់​ រងរបួស​រលាត់ដៃរលាត់ជើង​ មិនឡើងរថយន្តសង្គ្រោះទេ​ បានមក​ដោះស្រាយគ្នាត្រូវបានអ្នកឃេីញហេតុការណ៍​ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ផងដែរ។

ក្រោយមកស្រាប់តែ​ឃើញកញ្ចប់ថ្នាំញៀន​ ១កញ្ចប់​ នៅកន្លែងដែលដួលនោះ​ មិនដឹងថាជារបស់អ្នកណានោះទេ ព្រោះភាគីទាំងសងខាងធ្វេីការ​ប្រកែកមិនមែនជារបស់ខ្លួនទាំងអស់គ្នា​ ទើបសមត្ថកិច្ចមូលដ្ឋាន​ យកទៅរក្សាទុកបណ្ដោះអាសន្ន​ និងសុំភាគីទាំងសងខាង​សហការជាមួយ​ ដេីម្បីធ្វេីតេស្តទឹកនោម​រកសារធាតុញៀន​ នៅស្នាក់ការប៉ុស្តិ៍នគរបាល​ទួលស្វាយព្រៃ​ទី២ ។ 

ចំណែកឯម៉ូតូ​រួមទាំងកង់បីឥណ្ឌា​ សមត្ថកិច្ចផ្នែកវាស់វែង​ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ចុះមកវាស់វែង​ រួចយកទៅរក្សាទុក​បណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វេីការដោះស្រាយ​ពេលក្រោយ៕​ ដោយ៖ ម៉េង​

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ