ព្រឹតិ្តការណ៍ថ្មីៗ

កុំអោយពិបាកកាត់ទម្លាក់ចោល មុនលើក ស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវពិនិត្យ ចំណុច ដែលអាជ្ញាធរណែនាំ

3 ខែ មុន 75 tnn_admin

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លើការងារគ្រប់គ្រងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម ក្រោមអធិបតីភាពលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង សង្កាត់ ក្នុងខេត្តព្រះសីហនុ ដើម្បីកែលម្អសោភ័ណភាព និងរក្សាអត្តសញ្ញាណជាតិខ្មែរ ។ 

ក្នុងកិច្ចប្រជុំបានពិភាក្សាលើកយកចំណុចប្រឈម និងការងារងាយស្រួលដែលក្រុមការងារបច្ចេកទេសចុះអនុវត្តកន្លងមក ធ្វើឱ្យម្ចាស់ស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្មមានការយល់ដឹង ចូលរួមកែលម្អ និងសហការជាមួយការងារបច្ចេកទេសកែសម្រូលអក្សរសាស្ត្រខ្មែរ តាមអត្តសញ្ញាណជាតិខ្មែរ ។ 

លោក ដេត ណូ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជាប្រធានក្រុមការងារត្រួតពិនិត្យស្លាកយីហោផ្សព្វផ្សាយពាណិជ្ជកម្មខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ដើម្បីឱ្យការងារត្រួតពិនិត្យមានលក្ខណៈល្អប្រសើរ ត្រូវមានវិធានការដល់ម្ចាស់សិប្បកម្មបោះពុម្ព គឺ

ទី១ មុនបោះពុម្ព ត្រូវឆ្លងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះជាមុនសិន

ទី២ ត្រូវមានអ្នកបកប្រែចេះភាសាខ្មែរ

ទី៣ ហាមបកប្រែភាសាតាម Google translator ។

ដោយសារបច្ចុប្បន្ននៅខេត្តព្រះសីហនុ មានកន្លែងបោះពុម្ពស្លាកយីហោចំនួន ២៣កន្លែងក្នុងនោះ មានម្ចាស់ជាជនជាតិខ្មែរ ០២កន្លែង និងជនបរទេស ២១កន្លែង ។ 

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានវាយតម្លៃសកម្មភាពរបស់ក្រុមការងារបច្ចេកទេសត្រួតពិនិត្យគ្រប់ គ្រងស្លាកសញ្ញាផ្សព្វផ្សាយពាណិជ្ជកម្ម នៅក្នុងខេត្តព្រះសីហនុ ដោយយើងបានឯកភាពបង្កើតក្រុមទីពីរ ដែលមានមន្ត្រីជំនាញទទួលខុសត្រូវរៀបចំផែនការសកម្មភាពរយៈពេល ៣ខែ ក្នុងការអនុវត្តឲ្យមានប្រសិទ្ធភាព តាមប្រកាសអន្តរក្រ សួងពត៌មាន និងក្រសួងសេដ្ឋកិច្ចហិរញ្ញ វត្ថុ ក្នុងការត្រួតពិនិត្យស្លាកយីហោកាន់តែមានប្រសិទ្ធភាព ។ 

លោកអភិបាលរងខេត្តបន្តថា ត្រូវចូលរួមការងារត្រួតពិនិត្យការងារស្លាកយីហោផ្សព្វ ផ្សាយពាណិជ្ជកម្មនៅក្នុងក្រុង ស្រុក ខេត្ត ដើម្បីធានាអនុវត្តនូវអត្តសញ្ញាណជាតិខ្មែរ និងសោភ័ណភាពក្រុង ខេត្តព្រះសីហនុ បន្តខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ក្នុងការអនុវត្តការងារត្រួតពិនិត្យស្លាកយីហោ ផ្សព្វផ្សាយពាណិជ្ជកម្មកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ