ព្រឹតិ្តការណ៍ថ្មីៗ

យុវជន ដៃស្អិត២នាក់ ត្រូវប៉ូលិសដេញតាមចាប់បាន ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ បានសម្រេច

1 ខែ មុន 27 tnn_admin

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា ប្រដេញតាមចាប់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនបរទេសម្នាក់ ដែលកំពុងដើរ ថ្មើជើង  ហើយជិះរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ទាំងយប់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវ៣៦៩ ត្រង់ចំណុចជិតស្ថានីយ៍បូមទឹក (ព្រះពន្លា)  ភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ មានឈ្មោះ វាទ វាសនា ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (ជាអ្នកឌុប) និងទី២ មានឈ្មោះ ខុម រាជ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (អង្គុយពីក្រោយ ជាអ្នកឆក់) ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសង់ប៊ិច ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1S-3256 ។ ចំណែកជនរងគ្រោះមានឈ្មោះ Lyu GONG (លីគ័ង)  ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិករោងចក្រយីវ៉ូ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ថ្មើរជើង) ។

លោកអនុសេនីយ៍ឯក  ឡូ  ភិរម្យ  នាយប៉ុស្តិ៍ នគរបាលប៉ុស្តិ៍ព្រែកប្រា  បានឲ្យដឹងថា នៅមុនពេលកើតហេតុសមត្ថកិច្ច បានជិះម៉ូតូល្បាតតាមភូមិសាស្រ្តមូលដ្ឋាន គោលបំណងបង្កានិងបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញជនរងគ្រោះ កំពុងឈរនិយាយទូរស័ព្ទ ស្របពេលជនសង្ស័យពីរនាក់ ជិះម៉ូតូមកធ្វើសកម្មភាព ឆក់ទូរសព្ទ័ម៉ាក HUAWEI (ហ៊ួរវ៉ៃ) បានសម្រេច ហើយជិះគេចខ្លួន ទើបកម្លាំងបានជិះម៉ូតូប្រដេញតាមពីក្រោយ រហូតដល់បុរីជ្រោយបាសាក់ ទើបចាប់ខ្លួនបានទាំងពីរនាក់តែម្ដង រួចបញ្ជូនទៅធ្វើការសាកសួរបន្ត នៅស្នាក់ការប៉ុស្តិ៍នគរបាល ព្រែកប្រា ។

ក្រោយកើតហេតុ  ជនសង្ស័យទាំងពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ព្រែកប្រា  ធ្វើការសាកសួរ  និងប្រគល់ឲ្យផ្នែកជំនាញ យកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាន ខណ្ឌច្បារអំពៅ  ដើម្បីកសាងសុំណំរឿង បន្តតាមនីតិវិធី  ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ហើយសមត្ថកិច្ចក៏បានប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!