ព្រឹតិ្តការណ៍ថ្មីៗ

ស ខេង ៖ មន្ត្រីនគរបាលជាតិរូបណា ដែលប្រព្រឹត្តនូវកំហុស និងការឆ្គាំឆ្គងខាងវិជ្ជាជីវៈ មានលក្ខណៈធ្ងន់ធ្ងរ ត្រូវអនុវត្តវិធានការច្បាប់ចោទប្រកាន់ តាមផ្លូវតុលាការ

2 ខែ មុន 302 តូ សុផល

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានស្នើឲ្យអនុវត្តវិធានការច្បាប់ចោទប្រកាន់តាមផ្លូវតុលាការស្របតាមច្បាប់ជាធរមានក្នុងករណីរកឃើញថាមន្ត្រីនគរបាលជាតិរូបណាដែលបានប្រព្រឹត្តនូវកំហុសនិងការឆ្គាំឆ្គងខាងវិជ្ជាជីវៈមានលក្ខណៈធ្ងន់ធ្ងរដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈឬមានសកម្មភាពខុសច្បាប់ដែលកំហុសទាំងនោះមានកម្រិតលើសពីដែនសមត្ថកិច្ចនិងសិទ្ធិដាក់វិន័យរបស់ក្រុមប្រឹក្សាវិន័យ។

ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំ ១០ ចំណុច ស្តីអំពីការគ្រប់គ្រងប្រើប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ការគ្រប់គ្រងប្រើប្រាស់អាវុធជាតិផ្ទុះ និង​មធ្យោបាយ ដល់អគ្គស្នងការនគរបាលជាតិ អគ្គនាយក​ដ្ឋាន​នានា ថ្នាក់ប្រហាក់ប្រហែល និងស្នងការនគរបាលរាជធានី-ខេត្ត ។

នៅក្នុងលិខិតសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការចេញសេចក្តីណែនាំ គឺដើម្បីរក្សាបាននូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ សីលធម៌ វិជ្ជាជីវៈ បម្រើ​ការងារសំដៅ​លើកកម្ពស់ ក្នុងការអនុវត្ត តួនាទីភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់​សាធារណៈ និងសុវត្ថិភាពសង្គមបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។

នៅក្នុងសេចក្តីណែនាំសម្ដេចក្រឡាហោមសខេង បានស្នើឲ្យមន្ត្រីនគរបាលត្រូវបង្កើតឲ្យមានក្រុមប្រឹក្សាវិន័យនៅតាមអង្គភាពគ្រប់លំដាប់ថ្នាក់ដើម្បីធ្វើការពិភាក្សាវាយតម្លៃឱ្យបានច្បាស់លាស់នៅកម្រិតខុសឆ្គងរបស់មន្ត្រីនគរបាលជាតិដោយផ្អែកតាមវិន័យរបស់កងកម្លាំងនគរបាលជាតិចុះថ្ងៃទី 23 ខែវិច្ឆិកាឆ្នាំ 1995 ដើម្បីអនុវត្តរូបភាពដាក់វិន័យឲ្យបានម៉ឹងម៉ាត់និងប្រកបដោយតម្លាភាព។ ត្រូវអនុវត្តវិធានការច្បាប់ចោទប្រកាន់តាមផ្លូវតុលាការស្របតាមច្បាប់ជាធរមានក្នុងករណីរកឃើញថាមន្ត្រីនគរបាលជាតិរូបណាដែលបានប្រព្រឹត្តនូវកំហុសនិងការឆ្គាំឆ្គងខាងវិជ្ជាជីវៈមានលក្ខណៈធ្ងន់ធ្ងរដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈឬមានសកម្មភាពខុសច្បាប់ដែលកំហុសទាំងនោះមានកម្រិតលើសពីដែនសមត្ថកិច្ចនិងសិទ្ធិដាក់វិន័យរបស់ក្រុមប្រឹក្សាវិន័យ។ ហាមដាច់ខាតក្នុងការប្រើប្រាស់មធ្យោបាយរបស់អង្គភាពជាពិសេសម៉ូតូបើកផ្លូវឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រើប្រាស់ការពារហែអមក្រុមហ៊ុនឯកជនឬបុគ្គលឯកជនដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនហើយដែលពុំមានការអនុញ្ញាតពីអគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។

សម្ដេចក្រហោមបានបញ្ជាក់បន្ថែមថាប្រធានអង្គភាពគ្រប់ឋានានុក្រមមានកាតព្វកិច្ចទទួលខុសត្រូវក្នុងការអនុវត្តខ្លឹមសារនៃសេចក្តីណែនាំនេះ ក្នុងករណីប្រព្រឹត្តផ្ទុយ ត្រូវទទួលខុសត្រូវទាំងស្រុងចំពោះមុខក្រសួងមហាផ្ទៃនិងច្បាប់ជាធរមាន៕ ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ