ព្រឹតិ្តការណ៍ថ្មីៗ

ពិធី បំពាក់មេដាយ ជូនកងកម្លាំងនៅមូលដ្ឋានសមុទ្រ

1 ខែ មុន 18 តូ សុផល

ខេត្តព្រះសីហនុ៖  កាលពីព្រឹកថ្ងៃអាទិត្យ ៦កើត ខែអាសាឍ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅទីបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងអស់លោកជា ឧត្តមសេនីយ៍ ឧត្តមនាវី ជាច្រើនរូប បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់មេដាយមាស ជូនដល់កងកម្លាំងសរុបចំនួន៣៨២នាក់ ក្នុងនោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្រចំនួន ២៦២នាក់ និងតំបន់ប្រតិបត្តិការសឹករងព្រះសីហនុចំនួន ១២០នាក់ ដែលបានសហការបំពេញភារកិច្ចក្នុងការជួយសង្រ្គោះរុករកជនរងគ្រោះក្នុងឧបទ្ទវហេតុនៃការដួលរលំអគារ៧ជាន់នៅខេត្តព្រះសីហនុ កាលពីវេលាម៉ោង០៤និង៤០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងមក។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររួចមក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលទើបបានទទួលដំណែងជាអភិបាលខេត្តថ្មីៗនេះ ក៏បានអញ្ជើញណែនាំខ្លួន និងថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលតែងបានរួមសហការជាមួយអាជ្ញាធរខេត្តព្រះសីហនុនាពេលកន្លងមក។ ឯកឧត្តម ក៏បានសំណូមពរសូមឲ្យកងទ័ពជើងទឹក និងអាជ្ញាធរខេត្តនៅតែបន្តសហការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងមិតិសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ដែលបានខិតខំយកអស់កម្លាំងកាយចិត្តដើម្បីជួយសង្រ្គោះជនរងគ្រោះក្រោមគំនរអគារបាក់បែក ជួយដឹកអ្នករងរបួសទៅសង្គ្រោះនៅមន្ទីរពេទ្យ និងជួយដឹកសពទៅតាមបណ្តាខេត្តជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផ្តាំផ្ញើសូមឱ្យកងកម្លាំងទាំងអស់ត្រូវចេះគោរពស្រឡាញ់ប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងជាយថាហេតុ។

ឯកឧត្តម បានបន្តទៀតថា÷ កងកម្លាំងទាំងអស់ត្រូវតែការពារឱ្យបានដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រឡើងពីការបោះឆ្នោតត្រឹមត្រូវយុត្តិធម៌ និងប្រឆាំងដាច់ខាតរាល់ការញុះញង់ទាំងឡាយណាដែលប៉ះពាល់ដល់សុខសន្តិភាពរបស់ប្រទេសជាតិ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!