ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា អំពាវនាវដល់ប្រជាពលរដ្ឋ មកទទួលយកសេវាសាធារណៈ នៅការិយាល័យ ច្រកចេញចូលតែមួយ របស់ខណ្ឌ (វីដេអូ)

2 ខែ មុន 128 tnn_admin

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្រីក្រ ជនពិការនិងចាស់ជរា ចំនួន ៣២៥គ្រួសារ មកពី៥ សង្កាត់ ក្នុងនោះ មាន ភ្លើងឆេះរទេះ កន្ទោក កំបូល ឪឡោក និងសង្កាត់ត្រពាំងក្រសាំងទទួលអំណោយពីអង្គការមូលនិធិពុទ្ធសាសនាឆឺជី ប្រចាំកម្ពុជា ដោយក្នុង១គ្រួសារទទួលបានអង្ករចំនួន ៤០គីឡូក្រាម និងអំពូលភ្លើង សូឡា ១ឈុត។

ការផ្ដល់អង្ករនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងបរិវេណ សាលាខណ្ឌកំបូល ដោយមានការចូលរួមពី លោក  ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក-លោកស្រីអភិបាលរងខណ្ឌកំបូល និង អភិបាលរងមកពីខណ្ឌពោធិ៍សែនជ័យ ប្រធានអង្គការមូលនិធិពុទ្ធសាសនា ឆឺជី រួមនឹងមន្ដ្រីអាជ្ញាធរខណ្ឌ និងមូលដ្ឋានជាច្រើនរូបទៀតផងដែរ។

ប្រធានអង្គការមូលនិធិពុទ្ធសាសនាប្រចាំកម្ពុជា មានប្រសាសន៍ថា អង្គការ មូលនិធិពុទ្ធសាសនា ឆឺជី បានបង្កើតឡើងដំបូងនៅតៃវ៉ាន់ដែលជាមូលនិធិពុទ្ធសាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយភិក្ខុនី ជីងយៀន ដើម្បីជួយដល់សត្វលោកទូទៅដែលរស់នៅលើភពផែនដីយើងនេះ។

លោកបន្តថា ឆឺជី អនុវត្តតែការងារ១គត់ គឺការសាបព្រោះគ្រាប់ពូជនៃក្ដីស្រឡាញ់ បំផុសក្ដីស្រឡាញ់ដល់មនុស្សម្នាក់ៗ ដើម្បីជួយដល់អ្នកមានទុក្ខ និងគោរពសាសនានៃមនុស្សរៀងៗខ្លួន។ ក្ដីមេត្តាករុណា គឺមិនត្រឹម តែស្រឡាញ់គ្រួសារយើងនោះទេ។ ក្ដីមេត្តា គឺមិនប្រកាន់សាសនា ពូជសាសន៍ ព៌ណសម្បុរ វណ្ណៈ នោះឡើយ។ ជាមួយនឹងក្ដីមេត្តា គឺត្រូវចេះជួយ ស្រោចស្រង់ដល់អ្នកជួបទុក្ខលំបាក ឈឺថ្កាត់ ថែមទៀតទើបប្រសើរ។

ក្នុងឱកាសនោះ ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានថ្លែងអំណរគុណដល់ អង្គការអង្គការមូលនិធិពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជា ដែលបានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងខណ្ឌកំបូល ហើយនេះជាទង្វើដ៏ប្រពៃជាវប្បធម៌ចែករំលែកជួយគ្នាទៅវិញទៅមក ដែលជាការបង្ហាញពីការ សាមគ្គីភាព និងមិត្តភាពដ៏ជ្រាលជ្រៅ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលខណ្ឌបានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ ថ្វីត្បិតតែអំណោយ ត្រូវបានផ្ដល់ជូនបងប្អូន ពីច្រើនផ្នែកច្រើនស្ថាប័នជាបន្ដបន្ទាប់ ប៉ុន្តែបងប្អូនមិនត្រូវផ្ដេកផ្ដួលតែទៅលើអំណោយនោះទេ គឺត្រូវខិតខំប្រឹងប្រែងរកស៊ី ប្រកបកិច្ចការងារ ក្នុងជីវភាព ប្រចាំថ្ងៃរបស់ខ្លួន ។

សម្រាប់ប្រជាកសិករ ត្រូវខិតខំប្រកបការងារធ្វើស្រែចំការ ចិញ្ចឹមសត្វ និងដាំដំណាំរួមផ្សំ ថែមទៀត ដើម្បីលើកស្ទួយជីវភាព គ្រួសារឲ្យបានធូរធារ ព្រោះ យើងមាន ពូជពង្ស ដូនតា ជាអ្នកឧស្សាព្យាយាម ជាអ្នកស្រវាស្រទេញក្នុងការងារ កសាងបាននូវសមិទ្ធិផលជាច្រើន និងបានបន្សល់ទុក ដល់កូនចៅជំនាន់ក្រោយយើងនេះ ក្នុងនោះលោកអភិបាលខណ្ឌកំបូលបានអំពាវនាវសូមឱ្យយុវជន និងប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាព គួរចូលរួមធ្វើសកម្មភាពមនុស្សធម៌ ពោលគឺខ្មែរត្រូវតែជួយខ្មែរ ដើម្បីអនាគតសម្រាប់កូនខ្មែរទាំងអស់គ្នា៕

កិច្ចបញ្ចប់ លោក ឃឹម ស៊ុនសូដា ផ្តាំផ្ញើដល់បងប្អូនដែលបានអញ្ជើញរួមថា ៖ សូមបងប្អូនអញ្ជើញមកទទួលយកសេវាសាធារណៈនៅការិយាល័យ ច្រកចេញចូលតែមួយ របស់ខណ្ឌ ដែលបានបើកអោយដំណើរការជាផ្លូវការកាលពីថ្មីៗនេះ៕

សាលាខណ្ឌកំបូល​ មានទីតាំងបណ្តោះអាសន្នស្ថិតនៅក្នុងបុរីសង្ឃឹមថ្មី​ វិថីផ្កាម្លិះ​ ភូមិតានួន​ សង្កាត់កំបូល​ ខណ្ឌកំបូល​ រាជធានីភ្នំពេញ​ (ផ្លូវបត់ចូលហួសសាលាកងរាជអាវុធហត្ថកំបូល៥០០ម៉ែត្របត់ស្តាំចូលប្រវែងចម្ងាយ​ ១.៥០០​ ម៉ែត្រ​ ពីផ្លូវជាតិលេខ៤​ ឆ្ពោះទៅទិសខាងជើង​)​។ សូមអរគុណ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!