ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា ៖ ជល់មាន់ ក្នុងស្វៀន ឬតាមទូរទស្សន៍ និង ល្បែងស៊ីសងផ្សេងទៀត ត្រូវលប់បំបាត់អោយអស់ !

4 ខែ មុន 362 តូ សុផល

ភ្នំពេញ៖ ក្រោយពិនិត្យឃើញថា នៅក្នុងមូលដ្ឋានខណ្ឌកំបូល ដែលជាខណ្ឌទើបបង្កើតថ្មី មានក្រុមឆក់ឱកាសបានប្រព្រឹត្តិនូវល្បែងស៊ីសង ដែលច្បាប់ហាមឃាត់ដូចជា៖  បើកន្លែងជុលមាន់ តាមដីឡូតិ៍ទុកចោល ឬ បើកភ្នាល់ជល់មាន់តាមទូរទស្សន៍ កន្ទុយលេខ ភ្នាល់បាល់ បៀរ អាប៉ោង គ្រឿងញៀន និង អំពើអបាយមុខផ្សេងៗ ដែលអាចបង្កឱ្យមានអំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងការព្រួយបារម្មណ៍នានានោះ អភិបាលខណ្ឌកំបូល បានព្រមានចាត់វិធានការ ផ្លូវច្បាប់ ដោយគ្មានការលើកលែង និងសុំឱ្យបញ្ឈប់ជាបន្ទាន់ ហើយក៍គ្មានយោគយល់ សម្របសម្រួលគ្នា តាមរយះការសូកប៉ាន់ ឬ ខ្សែហរដែរ។

លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានលើកឡើងដូច្នេះ នៅក្នុងវេទិកាសាធារណៈ ជាលើកដំបូង នៅក្នុងសង្កាត់កំបូល នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពី លោក នៅ សារឿន ប្រធានក្រុមប្រឹក្សា អភិបាលរង មន្រ្តីជំនាញក្រោមឱវាទ និងប្រជាពលរដ្ឋប្រមាណ៣០០នាក់។

នៅក្នុងវេទិកាសាធារណៈនេះ គឺមានបងប្អូនប្រជាពលរដ្ឋ បានលើកឡើង នូវ បញ្ហាប្រឈមនានា ដែលបាននិងកំពុងជួបប្រទះ នូវការលំបាក ក្នុងភូមិសង្កាត់របស់ពួកគាត់ ក្នុងនោះក៏បានលើកឡើងនូវ សំណើរ សំនួរ និង សំណូមពរ រហូតដល់ទៅ៣៨ ដើម្បីសុំឱ្យរដ្ឋបាលខណ្ឌ ពិនិត្យ និង ជួយដោះស្រាយ ទៅតាមលទ្ធភាពជាក់ស្តែង។

សំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋភាគច្រើន គឺស្នើសុំឱ្យឱ្យអាជ្ញាធរជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋាន ដូចជា កសាង ជួសជុល ផ្លូវ តូចធំជាច្រើនខ្សែ ដាក់លូ កាយប្រឡាយ រំដោះជំនន់ទឹកភ្លៀង ដែលបានលិចលង់ផ្លូវនិងភូមិដ្ឋានមួយចំនួនក្នុងសង្កាត់កំបូល។

ជាការឆ្លើយតប លោក ឃឹម ស៊ុនសូដា បានទទួលយករាល់សំណូមពរ និងសំណើរ មកដោះស្រាយជាក់ស្តែង គឺរាល់ផ្លូវតូចធំទាំងឡាយដែលរងការខូចខាត មានសំបុកមាន់ រងការលិចលង់ ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះអាជ្ញាធរនឹងចុះទៅពិនិត្យ និងជួយជួសជុល ឈូសឆាយ ចាក់កំទេចថ្ម ជាបន្តបន្ទាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ មួយវិញទៀត ក៏នឹងបើកយុទ្ធនាការ ប្តូរសៀវភៅគ្រួសារ តាមភូមិទៅតាមពេលវេលាជាក់ស្តែង ហើយក៏បន្តសហការជាមួយភាគីពាក់ព័ន្ធ ដោះស្រាយបញ្ហា សំរាម បរិស្ថាន អនាម័យ ចរាចរ គ្រឿងញៀន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យភូមិសង្កាត់មានសុវត្ថិភាព តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោកអភិបាល ក៏សុំការយោគយល់ផងដែរ ចំពោះសំណើរនិងសំណូមពរ ដែលមានទំហំទឹកប្រាក់ច្រើនៗ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ រដ្ឋបាលខណ្ឌនឹងធ្វើរបាយការណ៍ដាក់ជូន អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្នើសមពិនិត្យ និងដោះស្រាយជូន ទៅតាមឋានុក្រម និងផែនការអភិវឌ្ឍន៍រាជធានី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ