ព្រឹតិ្តការណ៍ថ្មីៗ

បិទការដ្ឋានជីករណ្តៅដី ពុំមានអាជ្ញាប័ណ្ណមួយកន្លែង​ នៅភូមិតាចក (ក្បែរទំនប់​៧៨)​

1 សប្តាហ៍ មុន 15 tnn_admin

ខេត្តសៀមរាប៖ ដោយមានការណែនាំពី​ ឯកឧត្តម​ អភិបាល​ខេត្ត​ ​ឲ្យចុះត្រួតពិនិត្យ​ និងបិទផ្អាកចំពោះការដ្ឋានរណ្ដៅដីទាំងអស់នៅក្នុងខេត្ត​ដែលគ្មានអាជ្ញាប័ណ្ណ​ នៅថ្ងៃ​សុក្រ​ ៤កើត ខែអាសាឍ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​ ក្រុមការងារចម្រុះខេត្ត​ ដឹកនាំដោយ​ រដ្ឋបាលសាលាខេត្ត​ សម្របសម្រួល​ដោយព្រះរាជអាជ្ញារង​ សំរិទ្ធ​ សុខុន​ និងមានការចូលរួមពី ប្រធាន​ការិយាល័យ​កិច្ចការសង្គមកិច្ច​ និងសេដ្ឋកិច្ច​ តំណាងមន្ទីរ​បរិស្ថាន​ លោកប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ ប៉ូលិស​សេដ្ឋកិច្ច​ រដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន​។

បន្ទាប់ពីបានត្រួតពិនិត្យការរដ្ឋានជីករណ្តៅដី ក្រុមការងារជំនាញពិនិត្យឃើញថា ការដ្ឋាននេះបានជីករណ្ដៅដីបានចំនួន​ ០៥រណ្តៅ ជម្រៅពី០.៣ទៅ០៥ម៉ែត្រ តែគ្មានអាជ្ញាប័ណ្ណ ហេីយមានគ្រឿងចក្រអេស្ការចំនួន ០៧គ្រឿង ឡានដឹកដីកង់៦ ចំនួន​ ១២គ្រឿង កង់ ១០ ចំនួន​ ០១គ្រឿង កង់ ១២ ចំនួន​ ០១គ្រឿង និងពុំបានព័ទ្ធរបងជុំវិញរណ្តៅដី​ នៃការដ្ឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវ​ ព្រមទាំង​ប៉ះពាល់ព្រៃលិចទឹកទៀតផង។

ការដ្ឋានខាងលើមានការដឹកជញ្ជូនដី ដោយមិនគ្របតង់កៅស៊ូឱ្យបានត្រឹមត្រូវ រីឯច្រកចេញចូលការដ្ឋានក៏ពុំមានការស្រោចទឹកជាប្រចាំ ដែលជាហេតុបង្កឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅជុំវិញទីតាំងការដ្ឋាន​ និងតាមបណ្ដោយផ្លូវដែលរថយន្តទាំងនេះបានចរាចរណ៍។

ដោយពិនិត្យឃើញដូច្នេះ ក្រុមការងារបានសម្រេចបិទការដ្ឋានជីករណ្តៅដីខាងលើ និងបានបិទលិខិតបញ្ឈប់នៅនឹងគ្រឿងចក្រ​ ហេីយក្នុងករណីម្ចាស់ការដ្ឋានមិនអនុវត្តតាមសេចក្តីសម្រេចនេះ​ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។

សូមបញ្ជាក់ថា​ អាជ្ញាធរ​ចម្រុះ​រដ្ឋបាលខេត្ត​នឹងបន្តតាមដាន​ និងអនុវត្តកិច្ចការនេះគ្រប់ការដ្ឋានទាំងអស់ក្នុងដែនសមត្ថកិច្ចខេត្តសៀមរាប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!