ព្រឹតិ្តការណ៍ថ្មីៗ

យោធិននៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មជាច្រើននាក់ និងសមាជិកសមាគមរាជសីហ៍ បានបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គោ្រះជីវិតប្រជាពលរដ្ឋ

3 ខែ មុន 30 tnn_admin

ភ្នំពេញ៖ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មជាជាង៣០០នាក់បានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ដោយស្ម័គ្រចិត្តក្រោមប្រធានបទ «ផ្តល់ឈាម ដើម្បីសង្គ្រោះជីវិត» នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងសាលប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ក្រោមវត្តមានឧត្តមសេនីយ៍ឯក ឋាន សុខេន មេបញ្ជាការរងនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម លោកស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ និងតំណាងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកសមាគមរាជសីហ៍ប្រមាណជិត៣០នាក់ផងដែរ។

ឧត្តមសេនីយ៍ឯក ឋាន សុខេន បានបញ្ជាក់ថាការរៀបចំពិធីបរិច្ចាគឈាមនេះ គឺចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពរបស់ប្រជាជននៅទូទាំងប្រទេសស្របតាមគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទី៦ គឺបន្តអនុវត្តផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលគឺសំដៅលើកកម្ពស់សមត្ថភាពនិងអាហារូបត្ថម្ភរបស់ប្រជាជនទៅតាមរយៈក្នុងការពង្រឹងនិងពង្រីកសេវាសុខាភិបាលប្រកបដោយគុណភាពនិងប្រសិទ្ធភាព ហើយកងយោធពលខេមរភូមិន្ទក្រៅពីភារកិច្ចស្នូល មានភារកិច្ចជួយដល់ការងារសង្គមផងដែរដូចជាការងារជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះអន្តរាយផ្សេងៗ។ ជាក់ស្ដែងកងកម្លាំងដែលស្ម័គ្រចិត្តធ្វើការបរិច្ចាគឈាមនៅពេលនេះដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះដែលត្រូវការឈាម។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម នឹងនៅតែបន្តប្រារព្ធកម្មវិធីបរិច្ចាគឈាមនេះជាបន្តបន្ទាប់ ដើម្បីបង្ហាញឲ្យឃើញពីភាពអង្គអាចក្លាហាន មុះមុតរបស់កងកំលាំង ពលទាហានទាំងអស់ ក្នុងទឹកចិត្តស្នេហាជាតិ និងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជា។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ការបរិច្ចាគឈាមនាពេលនេះគឺមានគោលបំណងសំខាន់២គឺ ទី១បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញលើកកម្ពស់ឲ្យយុវជន ប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេសដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ឬសាសនា។ ទី២ ផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តទៅនឹងសកម្មភាពមនុស្សធម៌ក្នុងសង្គម។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមេបញ្ជាការមេបញ្ជាការងនាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ដែលបានចូលរួមក្នុងការបរិច្ចាគឈាមយ៉ាងច្រើនកុះករ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ដើម្បីលើទឹកចិត្តដល់សប្បុរសជន ដែលបានផ្តល់ឈាមដោយស្ម័គ្រក្រុមហ៊ុនទឹកពិសារវីតាល់បានឧបត្ថម្ភទឹកបរិសុទ្ធវីតាល់៦ដប រួមជាមួយនឹងថង់យួរដ៏ស្រស់ស្អាត សម្រាប់អ្នកផ្តល់ឈាមក្នងម្នាក់ៗ បន្ថែមពីលើ ការឧបត្ថម្ភទឹកវីតាល់ក្នុងការប្រើប្រាស់ក្នុងកម្មវិធីទាំងមូល។

សូមបញ្ជាក់ថា នេះជាលើទី៧ហើយដែលបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្មបានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រុមហ៊ុនទឹកបរិសុទ្ធពិសារវីតាល់ រៀបចំកម្មវិធីផ្តល់ឈាមសប្បុរសធម៌នេះ។ គិតមកដល់ពេលនេះ យោធិននៅក្នុងអង្គភាពនេះបានចូលរួមបរិច្ចាគឈាមចំនួនជាង១៦០០នាក់ ហើយបានឈរនៅលំដាប់ឈានមុខគេ ក្នុងនាមជាស្ថាប័ន មានអ្នកបរិច្ចាគឈាមច្រើនជាងគេបំផុត ក្នុងចំណោមស្ថាប័នរដ្ឋដទៃទៀត ដើម្បីផ្គត់ផ្គង់កង្វះខាតឈាមទូទាំងប្រទេសកម្ពុជា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ