ព្រឹតិ្តការណ៍ថ្មីៗ

ខ្ទេចមួយកំណាត់មុខ! Range Rover លឿនដូចហោះ បួងចង្កូតបត់ស្ដាំ ទៅបុករថយន្តដឹកខ្សាច់

3 ខែ មុន 132 tnn_admin

ភ្នំពេញ  ៖ អាងតែស្ងាត់  បោះពួយដូចហោះ ! គ្រោះថ្នាក់ចរាចរណ៍ មួយបង្កឡើងដោយ  រថយន្ត Range Rover ស្លាកលេខភ្នំពេញ  2AZ-2228 បើកបរដោយបុរសម្នាក់ បានបោះពួកយ៉ាងលឿនដូចហោះ បួងចង្កូតបត់ស្ដាំ  ទាំងមិនបានបន្ថយល្បឿន  ក៏ជ្រុលទៅបុករថយន្តបែនដឹកខ្សាច់មួយគ្រឿងពេញទំហឹង  លាន់ដូចរន្ទះ  បណ្ដាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតខ្ទេចមួយកំណាត់មុខដូចគ្នា និងបណ្ដាលឲ្យម្ចាស់រថយន្ត Range Rover រងរបួសជើង  ត្រូវបានមិត្តភ័ក្តបេីករថយន្ត Prius មកដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០១:៣០នាទីរំលងអាធ្រាត្រ  ឈានចូលថ្ងៃព្រហស្បត្តិ៍  ទី៤  ខែកក្ដដា  ឆ្នាំ២០១៩នេះ  នៅចំណុចផ្លូវបំបែកជាបួន មុខក្រុមហ៊ុនលក់រថយន្ដម៉ាកសឺដេស សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់ TNN ថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង ពាក់ស្លាកលេខកណ្ដាល 3A-0912 ដឹកខ្សាច់ពីម្ដុំបឹងស្នោ ខណ្ឌច្បារអំពៅ  យកទៅចាក់ខណ្ឌដង្កោ  ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន  លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួនខាងលើ ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AZ-2228 បើកបរដោយបុរសម្នាក់  ទំនងជាស្រវឹង  បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ  ទិសដៅពីកើតមកលិច  ក្នុងល្បឿនយ៉ាងលឿន ដូចហោះ  បានបួងចង្កូតបត់ស្ដាំ  ទាំងមិនបន្ថយល្បឿន  ព្រោះអាងតែស្ងាត់  ក៏ជ្រុទៅបុកចំរថយន្តទឹកដីពេញមួយទំហឹង បណ្ដាលឲ្យរថយន្តដឹកដីបុកខ្ទាតបត់ត្រឡប់ក្រោយមួយជុំ ខ្ទេចអស់មួយកំណាត់មុខ ទាំងសងខាង និងបណ្ដាលឲ្យម្ចាស់រថយន្តស៊េរីទំនើបរងរបួសជើងធ្ងន់ផងដែរ។

ភ្លាមនោះម្ចាស់រថយន្ត Range Rover បានទាក់ទងទៅមិត្តភ័ក្តរបស់ខ្លួន  បើករថយន្ត Prius ពណ៍ស  មួយគ្រឿងទៀត  មកដឹកចេញពីកន្លែងកើតហេតុ ទៅមន្ទីរពេទ្យ  ហើយបានប្រាប់ឱ្យមិត្តភ័ក្រម្នាក់ទៀត បើករថយន្ត ម៉ាក Fortuner ពណ៍ស  ពាក់ស្លាកលេខភ្នំពេញ  2AJ-0375 មកដោះស្លាកលេខរថយន្ត Range Rover ចេញ  រួចយកទៅទុកក្នុងរថយន្តបាត់  ហើយនៅរង់ចាំមើលរថយន្ត នៅកន្លែងកើតហេតុ  តែក្រោយមកអ្នកឃើញ ហេតុការណ៍  បានប្រាប់អោយសមត្ថកិច្ចដឹង  ទើបសមត្ថកិច្ចប្រាប់អោយបុរសដែលជាមិត្តភ័ក្តនោះ  យកមកប្រគល់អោយសមត្ថកិច្ចវិញ ផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម និងសមត្ថកិច្ចផ្នែកវាស់វែងអធិការដ្ឋានគរបាលខណ្ឌមានជ័យចុះមកធ្វើកំណត់ហេតុ  រួចរាយការប្រាប់ខាងសមត្ថកិច្ច ជំនាញចរាចរណ៍ នៃការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែង និងយករថយន្តទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ៕ (ដោយ៖ ម៉េង )

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ