ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឆ្លើយបំភ្លឺជូនរដ្ឋសភាពីលទ្ធផលការងារនិងទិសដៅបន្តរបស់ក្រសួង

3 ខែ មុន 32 តូ សុផល

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី ២ នីតិកាលទី៦បន្តនៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។ សម័យប្រជុំរដ្ឋសភាព្រឹកនេះ បានស្តាប់ការឆ្លើយបំភ្លឺ របស់ ឯកឧត្តម អង្គ វង្ស វឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តាមសំណួររបស់សមាជិករដ្ឋសភា ជុំវិញការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់ទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ លើវិស័យយុត្តិធម៌។

នៅចំពោះមុខរដ្ឋសភា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានលើកឡើងពីសមិទ្ធផលការងារដែលក្រសួងបានសម្រេចបាន ការងារកំពុងអនុវត្ត និងទិសដៅត្រូវអនុវត្តបន្ត។ ក្នុងនោះក្រសួងបានកសាងហេដ្ឋារចនាសម្ព័ន្ធតុលាការ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីផ្តល់សេវាយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋ ឲ្យកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

ក្រសួងយុត្តិធម៌ ត្រៀមបើកឲ្យដំណើរការសាលាឧទ្ធរណ៍ នៅតាមបណ្ដាលខេត្តមួយចំនួនក្នុងពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការលំបាករបស់ពលរដ្ឋ តាមបណ្តាលខេត្ត ដែលត្រូវឡើងមករកសេវាយុត្តិធម៌ក្នុងរាជធានីភ្នំពេញ និងដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿងក្តី នៅក្នុងតុលាការ។

ជាមួយគ្នានេះក្រសួងយុត្តិធម៌បានបង្កើតមជ្ឈមណ្ឌលសេវាកម្មច្បាប់ តាមបណ្តាលខេត្តមួយចំនួនដើម្បីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់ប្រជាពលរដ្ឋ។ ក្រសួងយុត្តិធម៌ បានសហការជាមួយគណៈមេធាវីកម្ពុជា ក្នុងការផ្ដល់សេវាផ្នែកច្បាប់ដល់ពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលបានបង្កើតក្រុមមេធាវីស្ម័គ្រចិត្តជូនពលរដ្ឋក្រីក្រ ផងដែរ ចាប់ពីដើមឆ្នាំនៅឆ្នាំ២០១៩ មក។

ការសួរ និងការបំភ្លឺនាពេលនេះ ជាយន្តការប្រជាធិបតេយ្យនៅក្នុងរដ្ឋសភាស្របតាម រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងបានបង្ហាញពីការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់របស់រដ្ឋសភា ជាវប្បធម៌ទទួលខុសត្រូវ របស់រដ្ឋសភានិងរាជរដ្ឋាភិបាល ដើម្បីជំរុញសេវាសាធារណៈ ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតឲ្យកាន់តែល្អប្រសើរឡើង៕

បន្ថែមយោបល់របស់អ្នក

យោបល់