ព្រឹតិ្តការណ៍ថ្មីៗ

មន្ទីរជំនាញសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចុះបិទការដ្ឋានជីកដីមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅស្រុកប្រាសាទបាគង

2 សប្តាហ៍ មុន 16 តូ សុផល

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៩នេះ មន្ទីរ រ៉ែ និង ថាមពលខេត្តសៀមរាប និងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោក មាស ជូរ៉ាវី ប្រធានមន្ទីរ រ៉ែ និង ថាមពលខេត្ត ដោយរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកប្រាសាទបាគង ដឹកនាំដោយលោក សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង បានចុះបិទការដ្ឋានរណ្តៅដីមួយកន្លែងដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅ ភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបញ្ជាក់របស់លោកមេភូមិ បានឲ្យដឹងថា ការដ្ឋានជីកដីនេះ បានចាប់ធ្វើអាជីវកម្មជីកដី អស់រយៈពេលជាង៤ខែហើយ។ ក្នុងនោះដែរលោក សូរ ប្លាតុង ក៏បានឲ្យដឹងផងដែរថា ការដ្ឋានមួយនេះ គឺមិនបានសុំច្បាប់អនុញ្ញាតពីអាជ្ញាធរ ឬ មន្ទីរជំនាញណាមួយឡើយ លោកបានបន្តទៀតថា ក្នុងរយៈពេលកន្លងមក ស្រុកបានឲ្យមន្ត្រីជំនាញ ចុះមកធ្វើការផ្អាកមិនឲ្យធ្វើអាជីវកម្មជីកដីដោយខុសច្បាប់ ចំនួន២ដងរួចមកហើយ ដើមី្បឲ្យម្ចាស់ការដ្ឋានទៅធ្វើច្បាប់ទន្លាប់ឲ្យបានត្រឹមត្រូវផងដែរ ។ តែបែជាម្ចាស់ការដ្ឋាននេះ មិនគោរពការហាម ឃាត់របស់មន្ត្រីជំនាញ ថែមទាំងបន្តធ្វើការជីកកកាយដីដដែល ។

ក្នុងការចុះពិនិត្យការដ្ឋាននោះ លោក មាស ជូរ៉ានី ក៏បានធ្វើការណែនាំមួយចំនួន ដោយបានគូសបញ្ជាក់ថា មន្ទីរ មានបំណងឲ្យការធ្វើអាជីវកម្មធនធានរ៉ែទាំងអស់ត្រូវមានច្បាប់ត្រឹមត្រូវ និង ត្រូវអនុវត្តតាមលក្ខខ័ណ្ឌអាជ្ញាបណ្ណ ឲ្យខានតែបាន និង បញ្ឈប់រាល់ការអនុវត្តខុសច្បាប់ បើនៅតែអនុវត្តខុស គឺត្រូវទទួលកំហុសចំពោះមុនច្បាប់ជាធរមាន ។ ក្នុង នោះដែរលោកក៏បានឲ្យដឹងថា ការដ្ឋានរណ្តៅដីស្ថិតនៅក្នុងស្រុងប្រាសាទបាគងមានចំនួន៤កន្លែង តែមានច្បាប់អនុញ្ញាតតែ ៣រណ្តៅទេ ហើយក៏បានកំពុងធ្វើអាជីវកម្មតែ១រណ្តៅប៉ុណ្ណោះ តែចំពោះការដ្ឋានរណ្តៅដីទីតាំងនេះពុំបានសុំអនុញ្ញាតច្បាប់ឡើយ។

ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើកំណត់ហេតុ និង កិច្ចសន្យាជាមួយម្ចាស់ការដ្ឋាន ដោយបញ្ឈប់សកម្មភាពក្នុង ការជីកយកអាចម៍ដី និង ត្រូវទៅធ្វើការបង់ផាកពិន័យ ស្របតាម (មាត្រា ៣៥ថ្មី នៃច្បាប់វិសោធនកម្ម ស្តីពីច្បាប់ ការគ្រប់ គ្រង និង ការធ្វើអាជីវកម្មធនធានរ៉ែ) ។ ក្នុងនោះដែរក្រុមការងារ ក៏បានធ្វើការបិទក្លុំ( អេស្កាវ៉ាទ័រ)ចំនួន៤គ្រឿង និងរថយន្ត ទាំង០៩គ្រឿង មិនឲ្យធ្វើសកម្មភាពមួយរយៈ រហូតដល់មានច្បាប់អនុញ្ញាតពីខេត្ត ឬ ក្រសួង ទើបអាចយកគ្រឿងចក្រទាំងនេះទៅធ្វើអាជីវកម្មវិញបាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!