ព្រឹតិ្តការណ៍ថ្មីៗ

សភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសមអភិបាលខេត្តព្រះសីហនុ

1 ខែ មុន 79 tnn_admin

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូសភាពាណិជ្ជកម្មខេត្ត ព្រមទាំងបានលើកឡើងពីផែនការដែលឯកឧត្តមគ្រោងនឹងដោះស្រាយជាពេលឆាប់នេះដូចជា: ហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ជាដើម។ ជំហានដំបូងឯកឧត្តមនឹងឲ្យក្រុមការងារបច្ចេកទេសចុះសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកកខ្វក់៖

ទី១ ប្រវែងលូ
ទី២ តម្លៃនៃការសាងសង់
ទី៣ ប្រើរយៈពេល នៃការសាងសង់ និង
ទី៤  ការវិនិយោគប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ។ 


បញ្ហាមួយទៀត សិក្សាគំរោងសាងសង់ផ្លូវមួយខ្សែចេញពីព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ក្នុងឃុំរាម កាត់តាមផ្លូវឆ្ពោះទៅវត្តអូរត្រេះ បន្តចូលមក្នុងក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ៤ ។ ឯកឧត្តមបន្តទៀតថារដ្ឋបាលខេត្តមានគម្រោងបង្វែរឡានដឹកទំនិញធុនធ្ងន់ រថយន្ត កុងតឺន័រ ឱ្យបើកបរតាមច្រកស្រុកស្ទឹងហាវវិញ។ ឯកឧត្តមក៏បានស្នើឲ្យសភាពាណិជ្ជកម្មសហការជាមួយរដ្ឋបាលខេត្តពន្យល់ែណនាំឲ្យអ្នកវិនិយោគយល់កាន់តែច្បាស់ពីច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអ្នកវិនិយោគងាយស្រួលក្នុងការប្រកបអាជីវកម្ម។

លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ មាន ប្រសាសន៍ជំរាបជូនថា សភាពាណិជ្ជកម្មខេត្ត មានតួនាទីក្នុងការសម្របសម្រួលជាមួយសមាជិក និងលើកកម្ពស់ក្នុងការទាក់ទាញវិនិយោគ លើវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ មកកាន់ខេត្តព្រះសីហនុ ហើយសភាពាណិជ្ជកម្មខេត្តនៅតែគំាទ្រ និងសហការជាមួយរដ្ឋបាលខេត្តជានិច្ច។ លោកឧកញ៉ាសូមថ្លែង អំណរគុណដល់ឯកឧត្តមអភិបាលខេត្តព្រមទាំងសុំការជួយគាំទ្រដល់សភាពាណិជ្ជកម្មខេត្ត ឱ្យដំណើរការកាន់តែរលូនបន្តទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ខេត្តព្រះសីហនុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!