ព្រឹតិ្តការណ៍ថ្មីៗ

លួច​ Highlender​ ពីខេត្ដ​ព្រះសីហនុ​ ចាប់បាននៅ កំពង់ស្ពឺ

1 ខែ មុន 28 តូ សុផល

កំពង់ស្ពឺ ៖ កំលាំងនគរបាលក្រុងច្បារមន ស្រាវជ្រាវបង្រ្កាបបានមុខសញ្ញា ករណីចោរលួចរថយន្ត Highlender ពីខេត្តព្រះសីហនុ កាលពីថៃ្ង ៣០ ខែមិថុនា ឆ្នាំ២០១៩ក្រោយទទួលបញ្ជាពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ត កំលាំងនគរបាលក្រុងច្បារមន បានចេញល្បាតពួនស្ទាក់គ្រប់ទីកន្លែងក្នុងភូមិសាស្រ្ដក្រុង ជាក់ស្ដែងវេលាម៉ោង២រំលងអាធ្រាត្រចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ មុខសញ្ញាជាជនសង្ស័យម្នាក់ ឈ្មោះ អឿន សំបាន ហៅប៉ង់ អាយុ ២៦ឆ្នាំ មានទីលំនៅភូមិស្នោទី២ សង្កាត់សុពរ័ទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រួមជាមួយរថយន្តម៉ាក HIGHLANDER ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ2AT-6823 ដូចរថយន្ដបាត់នៅខេត្តព្រះសីហនុ កំលាំងនគរបាលបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋានដើម្បីសាកសួរ។

លោកឧត្តមសេនីយ៍ត្រី សោម បូរ៉ា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌបានបញ្ជាក់ថាករណីខាងលើ គឺមានការផ្ដល់ព័ត៌មានពីខេត្ដព្រះសីហនុថាបាត់រថយន្ដ Highlander ១គ្រឿង កំលាំងនគរបាលតាមបណ្ដាក្រុង ស្រុក បានចេញល្បាត ពួនស្ទាក់ ទីបំផុតមុខសញ្ញាលួចរថយន្ដខាងលើត្រូវបានកំលាំងនគរបាលក្រុងច្បារមនឃាត់បានព្រមទាំងដកហូតរថយន្ដត្រឡប់មកវិញ។

រថយន្តម៉ាកHIGHLANDER ពណ៌ខៀវ ឆ្នាំផលិត ២០០១ ស្លាកលេខ ភ្នំពេញ 2AT-6823 ជាកម្មសិទ្ធិឈ្មោះហៀង សុខអេង ភេទប្រុស អាយុ ៥១ឆ្នាំមានទីលំនៅភូមិបត់គគី ឃុំអូរឧកញ្ញាហេងស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមការរៀបរាប់ម្ចាស់រថយន្ត មុនកើតហេតុគឺម្ចាស់បានជិះរថយន្ដទៅទិញគ្រឿងសំណង់ដោយមិនពន្លត់ម៉ាស៊ីន ជនសង្ស័យឃើញឱកាសល្អ លួចបើកចេញតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង រថយន្ត HIGHLANDER ត្រូវបានប្រគល់ជូនសមត្ថកិច្ចខេត្ដព្រះសីហនុ ទទួលដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!