ព្រឹតិ្តការណ៍ថ្មីៗ

រកសាច់ញាតិមិនទាន់ឃើញទេ! បុរសម្នាក់បើកម៉ូតូលឿនពេក ដល់ផ្លូវកោងចាប់ហ្វាំងមិនទាន់ រអិលដីខ្សាច់​ ជ្រុលទៅបុកឃឿន បោកនិងបង្គោលភ្លើង​ ធ្លាយខួរស្លាប់​!

5 ខែ មុន 16 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗកណ្ដាលផ្លូវតែម្ដង ខណៈពេលបើកម៉ូតូក្នុងល្បឿនលឿនពេកចាប់ហ្វាំងមិនទាន់ និងរអិលដីខ្សាច់​ ក៏ជ្រុលទៅបុកឃឿនពុះចែកផ្លូវ បោកនិងបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់​បងប្អូនប្រជាពលរដ្ឋ​ រាយការណ៍ប្រាប់សមត្ថកិច្ច​ចុះ​ទៅកន្លែងកើតហេតុទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​ បានកើតឡើង​កាលពីវេលាម៉ោងជាង០៩យប់ ថ្ងៃអាទិត្យ​ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ 1A-7765 បានធ្វើដំណើរតាមបណ្ដោយផ្លូវ​២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ (ក្បែរស្ពានព្រែកជ្រៃ) ខណៈផ្លូវមានសភាពកោង និងមានដីខ្សាច់ច្រើន​ ក៏រអិលដីខ្សាច់រេចង្កូតទៅបុកឃឿន​សួនច្បារពុះចែកទ្រូងផ្លូវ​ ខ្ទាតបោកនិង​បង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យដួលបោកក្បាលធ្លាយខួរ​ ខ្ទាតអូសជិត២០ម៉ែត្រ ស្លាប់ភ្លាមៗមួយរំពេចតែម្ដង។

នាយប៉ុស្តិ៍នគរបាលស្ពានថ្ម​ បានបញ្ជាក់ប្រាប់ថា​ សពជនរងគ្រោះ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ​ កម្លាំងសមត្ថកិច្ចកំពុង​ប្រកាសរក​ក្រុមគ្រួសារ​ ។ 

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍មូលដ្ឋាន បានធ្វើការវាស់វែងនឹងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចំណែកសពជនរងគ្រោះយកតម្កល់នៅវត្តសំបួរមាស ខណ្ឌដង្កោ​ ដេីម្បីរង់ចាំស្វែងរកក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ