ព្រឹតិ្តការណ៍ថ្មីៗ

PM ខេត្តកំពង់ស្ពឺ ចាប់ខ្លួនស្ត្រីម្នាក់តាមដីកា ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន

1 ខែ មុន 50 តូ សុផល

កំពង់ស្ពឺ៖ កម្លាំងសមត្ថកិច្ច នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញបានឃាត់ខ្លួនស្ត្រីជាមេក្លោងជួញដូរគ្រឿងញៀនម្នាក់ តាមដីការបស់តុលាការខេត្តកំពង់ស្ពឺ។

ប្រតិបត្តិការនោះដឹកនាំដោយ លោកអនុសេនីយ៍ត្រី ពេជ្រ ទីន នាយការិយាល័យប្រឆាំងគ្រឿងញៀន នៅចំណុចភូមិប្រវឹកពង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឃាត់ខ្លួនទណ្ឌិតឈ្មោះ ប្រះ ស្រីមុំ ភេទស្រី អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា ការឃាត់ខ្លួនទណ្ឌិតឈ្មោះ ប្រះ ស្រីមុំ ធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ២១៩ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ របស់លោក ហង់ សុីថា ប្រធានតុលាការខេត្តកំពង់ស្ពឺ និងជាចៅក្រមស៊ើបសួរ ដោយចោទប្រកាន់លើឈ្មោះ ប្រះ ស្រីមុំ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

គួរជម្រាបជូនថា លោក ម៉ែន វណ្ណៈ អនុប្រធានតុលាការខេត្តកំពង់ស្ពឺ និងជាចៅក្រមជំនុំជម្រះ កាលពីដើមខែឧសភា ឆ្នាំ២០១៩ បានចេញដីការបង្គាប់ឲ្យចាប់ និងឃុំខ្លួន ទណ្ឌិតឈ្មោះ ប្រះ ស្រីមុំ តាមអំណាចសាលក្រមលេខ ២៣០ “ខ” ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ដែលបានផ្តន្ទាទោសទណ្ឌិតរូបនេះ ដាក់ពន្ធនាគារកំណត់រយៈពេល ៣ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ៤លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិអង្រ្គង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។

គូររម្លឹកថា ទណ្ឌិតឈ្មោះ ប្រះ ស្រីមុំ ដែលគេដឹងថា ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងទឹកដី ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្លាប់ត្រូវបាននគរបាលស្រុកឧដុង្គចាប់ខ្លួន ជាមួយគ្រឿងញៀន និងជញ្ជីងថ្លឹងគ្រឿង កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែក្រោយបញ្ជូនខ្លួនទៅដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺ ទណ្ឌិតរូបនេះត្រូវបានគេដោះលែងឲ្យមានសេរីភាពវិញ។

ក្រោយមកនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ទណ្ឌិតឈ្មោះ ប្រះ ស្រីមុំ ត្រូវបានកម្លាំងនគរបាលខេត្តកណ្តាល ឃាត់ខ្លួនបញ្ជូនទៅតុលាការ។ ពេលនោះលោក គឹម ម៉េង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួន ទណ្ឌិតរូបនេះ ជាបណ្តោះអាសន្នបានមិនដល់មួយខែផង ក៏ដោះលែងវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!